ព័ត៌មានអន្តរជាតិ

កូរ៉េខាងជើង រិះគន់អាមេរិកទៅលើរឿងគំរាមកំហែងផ្នែកយោធា

កូរ៉េៈ ទីភ្នាក់ងារសារព័ត៌មានកណ្តាលកូរ៉េ បានរាយការណ៍ថា រដ្ឋាភិបាលក្រុងព្យុងយ៉ាង នៅថ្ងៃព្រហស្បតិ៍នេះ បានរិះគន់សហរដ្ឋអាមេរិក ចំពោះការគំរាមកំហែងផ្នែកយោធា មកកាន់ប្រទេសខ្លួន។ នេះបើយោងតាមសារព័ត៌មានចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃទី០៣ ខែសីហា ឆ្នាំ២០១៧។

អ្នកនាំពាក្យក្រសួងការបរទេសកូរ៉េខាងជើង បាននិយាយថា ក្រុមមន្ត្រីយោធាអាមេរិក និងកូរ៉េខាងត្បូង បាននិយាយដោយបើកចំហថា ពួកគេនឹងប្រមូលផ្តុំគ្រឿងសម្ភារយោធារបស់ខ្លួន ទៅកាន់តំបន់ជុំវិញឧបទ្វីបកូរ៉េ នៅក្នុងគោលបំណងបង្ហាញនូវសមត្ថភាពរបស់ពួកគេ ដើម្បីអនុវត្តការវាយប្រហារទៅលើប្រទេសកូរ៉េខាងជើង។

ប្រភពដដែរ បានបញ្ជាក់ទៀតថា វិធានការយោធានេះ ត្រូវបានធ្វើឡើងដោយសហរដ្ឋអាមេរិក ក្នុងនោះរួមមានទាំងការធ្វើសមយុទ្ធបាញ់មីស៊ីល រួមគ្នាជាមួយកូរ៉េខាងត្បូង ដែលមានគោលដៅវាយប្រហារទៅកាន់ទីតាំងរបស់កូរ៉េខាងជើង។

សូមជំរាបថា ការគំរាមកំហែងផ្នែកយោធានេះ អាមេរិកបានបញ្ជូនយន្តហោះទម្លាក់គ្រាប់បែក B-1B ជាយុទ្ធសាស្ត្រ ចំនួនពីរគ្រឿងរបស់ខ្លួន ហោះឆ្វែលនៅលើឧបទ្វីបកូរ៉េ ដើម្បីធ្វើសមយុទ្ធទម្លាក់គ្រាប់បែកពីលើអាកាស រយៈពេល ១០ ម៉ោង បន្ទាប់ពីធ្វើសមយុទ្ធបាញ់ប្រព័ន្ធស្ទាក់ចាប់គ្រាប់មីស៊ីលប៉ាលីស្ទីកកូរ៉េខាងជើង រួមទាំងការដាក់ពង្រាយ THAAD នៅក្នុងប្រទេសកូរ៉េខាងត្បូងផងដែរ។

តាមបញ្ជាក់ពីអ្នកនាំពាក្យរូបនេះ បានឲ្យដឹងថា ការគំរាមកំហែងផ្នែកយោធា ឬការដាក់ទណ្ឌកម្មណាមួយ ដោយសហរដ្ឋអាមេរិក មិនអាចធ្វើឲ្យកូរ៉េខាងជើង ភ័យខ្លាចឡើយ ហើយផ្ទុយទៅវិញវានឹងធ្វើឲ្យរបបមួយនេះ មានការតាំងចិត្តកាន់តែកើនឡើងទ្វេដង ដើម្បីកម្ទេចសត្រូវ៕

មតិយោបល់