ភ្នំពេញៈ ពិតជារន្ធត់ខ្លាំង រកអ្វីស្ទើរតែនិយាយមិនចង់ចេញ បន្ទាប់ពីបុរសម្នាក់ ដើរទៅទិញបាយហូប លុះដើរត្រឡប់មកវិញឆ្លងកាត់ផ្លូវរថភ្លើង ស្រាប់តែជំពប់ជើងដួល ស្របពេលរថភ្លើងបើកមកដល់ កិនអូសពីខ្លួនបុរសខាងលើជាច្រើនម៉ែត្រ ខ្ទេចសាច់ ខ្ទេចដងខ្លួន មើលលែងយល់ស្លាប់យ៉ាងគួរឲ្យរន្ធត់បំផុត។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់ខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង១០ និង៣០នាទី យប់ថ្ងៃទី៣ ខែសីហា ឆ្នាំ២០១៧ ស្ថិតនៅចំណុចភូមិ១៥ ផ្លូវរថភ្លើងទួលគោក ក្រោយសាលាតិចណូ ក្នុងសង្កាត់ទឹកល្អក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
សាកសពបុរសខាងលើនេះ មានឈ្មោះ រស់ យីម អាយុ២៩ឆ្នាំ មុខរបរកម្មករលាងរថយន្ត ស្នាក់នៅក្បែរកន្លែងកើតហេតុ ក្នុងការ៉ាសលាងរថយន្ត នៅម្តុំរង្វង់មូលទួលគោកចាស់ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក ដោយមានស្រុកកំណើតនៅឃុំញេញ៉ង ស្រុកត្រាំកក់ ខេត្តតាកែវ។
យោងតាមប្រភពពីបងស្រីជនរងគ្រោះបានឲ្យដឹងថា តាំងពីម៉ោងប្រហែល៨យប់ មុនកើតហេតុក្រោយពីផឹកស៊ីចប់ ជនរងគ្រោះបានត្រឡប់ទៅការ៉ាស់លាងរថយន្តវិញ តែពេលទៅដល់ការ៉ាសដោយសារតែគេបិទទ្វា ទើបជនរងគ្រោះបានដើរត្រឡប់មកកន្លែងផឹកស៊ីដែលជាផ្ទះរបស់បងស្រី វិញ ដោយបានហៅគាត់ជាបងស្រី ឲ្យបើកទ្វា តែបងស្រីមិនបានបើកទ្វានោះទេ។ បន្ទាប់មកជនរងគ្រោះបានដើរមកទិញបាយម្ហូបនៅក្បែរកន្លែងកើតហេតុ ពេលទិញបាយម្ហូបរួចក៏ដើរឆ្លងផ្លូវរថភ្លើង ស្រាប់តែនឹកឃើញភ្លេចយកម្ហូបក៏ត្រឡប់ដើនៅកន្លែងអ្នកលក់យកម្ហូប លុះពេលដើរឆ្លងមកវិញ មកដល់លើផ្លូវរថភ្លើងជនរងគ្រោះក៏បានឃើញរថភ្លើងដែលកំពុងសំដៅមកដែរ តែប្រឹងរត់ឆ្លងឲ្យផុត បែរជាអកុសលជំពប់ជើងដួល ត្រូវរថភ្លើងបើកពីកើតទៅលិចចេញពីស្ថានីយ៍ស៊ីផ្លេនិងជាន់ហ្វ្រាំង តែជាន់មិនជាប់ក៏បុកកិនជនរងគ្រោះអូសប្រហែល៣០ម៉ែត្រ ស្លាប់ភ្លាមៗតែម្តង។
ក្រោយកើតហេតុ សមត្ថកិច្ចជំនាញនិងសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់កន្លែងកើតហេតុ និងសាកសួរប្រភពព័ត៌មានឲ្យច្បាស់ពីអ្នកឃើញហេតុការណ៍ផ្ទាល់ជុំវិញរឿងរ៉ាវកើតឡើងដ័រន្ធត់នេះ។ បន្ទាប់មកសមត្ថកិច្ចមូលដ្ឋាន បានសហការគ្នាជាមួយសមត្ថកិច្ចការិយាល័យចរាចរណ៍ជើងគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីចុះវាស់វែង និងយកសពអ្នកស្លាប់ប្រគល់ឲ្យទៅក្រុមគ្រួសាររបស់គេយកទៅធ្វើបុណ្យតាមប្រពៃណី។ ហើយចំណែករថភ្លើងខាងលើ សមត្ថកិច្ចនិងសុំឲ្យខាងតំណាង ចូលមកដោះស្រាយតាមច្បាប់នាពេលក្រោយបន្តទៀត៕
https://youtu.be/4mMCMHJg7kk
មតិយោបល់