បន្ទាយមានជ័យៈ គ្រោះថ្នាក់ចរាចរណ៍ដែលបង្កក្តីវិនាសដល់គ្រួសារមួយពេលនេះត្រូវបានអាជ្ញាធរចូលរួមរំលែកទុក្ខដោយការបរិច្ចាគក្តាមឈូស និងថវិកាមួយចំនួនដល់គ្រួសារសព។
លោក អាត់ ខែម ស្នងការនគរបាលខេត្តបន្ទាយមានជ័យ នៅព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៦នេះ បាននាំយកក្តាមឈូសចំនួន៤ និងថវិកា៥០ម៉ឺនរៀល ដែលជាថវិកាចូលរួមរំលែកទុក្ខពីឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ប្រធានអាជ្ញាធរជាតិយុទ្ធប្រឆាំងគ្រឿងញៀនទៅប្រគេនដល់ព្រះសង្ឃក្នុងវត្តនិមិត្ត ដើម្បីរៀបចំដាក់សពមួយគ្រួសារដែលបានស្លាប់ក្នុងឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់ កាលពីវេលាម៉ោង១០យប់ថ្ងៃទី២៧ ខែឧសភាម្សិលមិញ នៅលើកំណាត់ផ្លូវជាតិលេខ៥ ចន្លោះគីឡូម៉ែត្រលេខ ៣៨២-៣៨៣ ស្ថិតក្នុងភូមិម៉ក់ហ៊ឺន ឃុំកូប ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។
សពជនរងគ្រោះទាំង៤នាក់ ទី១ឈ្មោះ នៅ សុធី ភេទប្រុស អាយុ៣៨ឆ្នាំ ត្រូវជាប្តី និងសពទី២ឈ្មោះ ឆេង ស៊ីណៃ អាយុ៣១ឆ្នាំ ត្រូវជាប្រពន្ធ រីឯសព២នាក់ទៀត ត្រូវជាកូនប្រុស-ស្រី មានវ័យទើបតែ ៤-៦ឆ្នាំ ប៉ុណ្ណោះ។
សពត្រូវបានគេឲ្យដឹងថា មានទីលំនៅក្នុងភូមិថ្មបាំង ឃុំបឹងបេង ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។
ប្រភពប្រាប់ថា នៅមុនពេលកើតហេតុ គឺជនរងគ្រោះត្រូវរថយន្តមួយគ្រឿងបានកៀរម៉ូតូពួកគេឲ្យដួលបោកទៅកណ្តាលថ្នល់ ហើយគាប់ជួនរថយន្តធំមួយគ្រឿងដែលបើកមកពីក្រោយ ក៏បានបុកនិងកិនស្លាប់យ៉ាងអាណោចអធម ទាំង៤នាក់តែម្តង។ សពបានបែកជាបំណែកមើលលែងយល់ រថយន្តក្រោយបង្កបានបន្ថែមល្បឿនទៅមុខគេចបាត់ស្រមោល។ បច្ចុប្បន្ន សពកំពុងរៀបចំធ្វើបុណ្យបូជា នៅវត្តរតននិមិត្ត៕








មតិយោបល់