ភ្នំពេញៈ អាជីវករផ្សារសេរីភាព ប្រមាណ៣០នាក់ នៅម៉ោង៣រសៀល ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៦ នាំគ្នាមកដាក់ពាក្យស្នើសុំអន្តរាគមន៍ពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជាដើម្បីសុំប្រកបមុខរបរនៅលើកំណាត់ផ្លូវ១៣៧ ក្រុម១១ ភូមិ១និងភូមិ២ សង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ ។
តាមការរៀបរាប់ពីអាជីវករឈ្មោះ ទឹម សុវណ្ណនី ភេទស្រី អាយុ៥៩ឆ្នាំ និងឈ្មោះ អ៊ុក ម៉ៅ ភេទស្រី អាយុ៥៨ឆ្នាំ ដែលជាតំណាងអាជីវករលក់ដូរ នៅលើកំណាត់ផ្លូវ១៣៧ បានប្រមូលផ្តុំលើបញ្ហាដែលខាងក្រុមហ៊ុនសំណង់ស្កាយឡាញ (SKYLINES) ទិញផ្ទះ និងតូបជាប់របងក្រុមហ៊ុន ដើម្បីហ៊ុំព័ទ្ធការដ្ឋានបង្កគ្រោះថ្នាក់ជាយថាហេតុ និងហាមមិនឲ្យអាជីវករលក់ដូរនៅលើផ្លូវបន្តទៅទៀត ដែលធ្លាប់ជួលពីផ្ទះដែលក្រុមហ៊ុនបានទិញ។
លោក ជា សុខទ្រី ភេទប្រុស អាយុ៦៤ឆ្នាំ ស្នាក់នៅផ្ទះលេខ៨៦ ផ្លូវ១៣៤ កែងផ្លូវ១៣៧ ក្រុម១១ ភូមិ១ សង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ បានប្រាប់ឲ្យដឹងថា ផ្លូវ១៣៧ មានទទឹង១០ម៉ែត្រ ដោយប្រជាពលរដ្ឋអាស្រ័យប្រកបរបរលក់ដូរតាំងពីយូរមកហើយបានសង់តូប និងផ្ទះលើផ្លូវប៉ែកខាងលិចជាប់របងការដ្ឋានសំណង់មានចំនួន២៣គ្រួសារ។ អាជីវករមួយចំនួនបានជួលខាងមុខតូប និងផ្ទះលក់ដូរលើផ្លូវជាច្រើនអ្នក ដោយធ្វើដំណើរដោយថ្មើរជើង និងម៉ូតូតែប៉ុណ្ណោះ។
អាជ្ញាធរសង្កាត់បានប្រាប់ថា ផ្លូវ១៣៧ និងមានទំហំទទឹង១០ម៉ែត្រមែន តែផ្ទះនៅខាងកើតផ្លូវបានសង់សំយ៉ាបធ្វើជាតូបមកលើផ្លូវនៅសល់ផ្លូវចន្លោះកណ្តាលតែ២ម៉ែត្រ ហើយផ្ទះនៅជាប់របងការដ្ឋានក្រុមហ៊ុនស្កាយឡាញ(SKYLINE) មានចំនួន១៦ផ្ទះ និងតូបចំនួន៧តូប ដោយខាងក្រុមហ៊ុនទិញផ្ទះដែលសង់លើផ្លូវ១៣៧ បានចំនួន១៥ផ្ទះ និងបន្តពិភាក្សាទិញផ្ទះដែលនៅសល់ និងតូបចំនួន៧ទៀត ដើម្បីហ៊ុំព័ទ្ធការដ្ឋានសំណង់ និងបង្កការគ្រោះថ្នាក់ជាយថាហេតុ ដោយបញ្ជាក់ក្រោយបញ្ចប់ការសាងសង់ប្រគល់ជូនអាជ្ញាធរមូលដ្ឋានបើកផ្លូវឲ្យធំទូលាយ ដើម្បីធ្វើចរាចរណ៍។
អ្នកតំណាងក្រុមហ៊ុនស្កាយឡាញ(SKYLINE) បានប្រាប់ថា ក្រុមហ៊ុនទិញផ្ទះបើករបងការដ្ឋាននេះ មិនធ្វើជាកម្មសិទ្ធិទេ គឺការពារគ្រោះថ្នាក់ជាយថាហេតុ និងគិតពីសុវត្ថិភាពអាជីវករ ដែលលក់ដូរជួលពីម្ចាស់ដើមដែលបានយកផ្លូវធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន និងសន្យាប្រគល់ជូនរដ្ឋវិញ នៅផ្លូវដែលក្រុមហ៊ុនបានទិញផ្ទះ និងតូបទាំងនោះ ក្រោយសាងសង់រួច។ លោកបន្តថា អ្នកដែលតវ៉ា គឺជាអាជីវករលក់ដូរលើផ្លូវ និងធ្លាប់ជួលខាងមុខផ្ទះដែលបានលក់ឲ្យក្រុមហ៊ុន ដើម្បីប្រយោជន៍សាធារណៈនៅពេលក្រោយការសាងសង់រួច តើប្រយោជន៍សាធារណៈ និងប្រយោជន៍ផ្ទាល់ខ្លួនចំណុចមួយណាសំខាន់ជាង? បើសព្វថ្ងៃផ្សារសេរីភាព ដែលនៅលើផ្លូវ១៣៧ ដើរមិនចង់រួចផងនោះ៕
មតិយោបល់