ភ្នំពេញៈ ជនសង្ស័យចំនួន៦នាក់ និងថ្នាំញៀនចំនួន៣កញ្ចប់ ត្រូវបានកម្លាំងសមត្ថកិច្ចខណ្ឌជ្រោយចង្វារ បានធ្វើការឃាត់ខ្លួនជាបន្តបន្ទាប់ កាលពីវេលាម៉ោង១០យប់ ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៦ នៅត្រង់ចំណុចមុខវត្តព្រែកលៀប តាមបណ្តោយផ្លូវជាតិលេខ៦ ភូមិព្រែកលៀប សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ។
លោក ឯក សេរីវុធ អធិការរងទទួលផ្នែកព្រហ្មទណ្ឌ បានប្រាប់ភ្នាក់ងារ Post News ថា នៅយប់ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៦នេះ កម្លាំងសមត្ថកិច្ចបាន និងកំពុងជិះល្បាតជុំវិញមូលដ្ឋាន ពេលនោះស្រាប់តែបានប្រទះឃើញជនសង្ស័យ ក៏បានធ្វើការឃាត់ខ្លួនជាបន្តបន្ទាប់ ហើយបានដកហូតនៅថ្នាំញៀនប្រភេទម្សៅក្រមពណ៌សថ្លា៣កញ្ចប់តូច ព្រមទាំងម៉ូតូចំនួន២គ្រឿង មកកាន់អធិការដ្ឋាននគរបាលខណ្ឌ ដើម្បីធ្វើការសាកសួរ។
ជនសង្ស័យដែលកម្លាំងសមត្ថកិច្ចឃាត់ខ្លួននោះ ទី១ឈ្មោះ វ៉ាត់ រ័ត្ន ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរកសិករ ទី២ឈ្មោះ អ៊ឹម សុខឃី ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរកសិករ អ្នកទាំង២នាក់ ស្នាក់នៅភូមិអន្លុង ឃុំព្រែកតាម៉ាក់ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ទី៣ឈ្មោះ វ៉ា ធារិទ្ធ ភេទប្រុស អាយុ២១ឆ្នាំ មុខរបរកម្មករនំប៉័ង ស្នាក់នៅភូមិមាន ឃុំមាន ស្រុកព្រៃឈរ ខេត្តកំពង់ចាម ទី៤ឈ្មោះ កៀង ម៉េងអៀង ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរកម្មករនំប៉័ង ស្នាក់នៅភូមិខ្ពកក្រោម ឃុំស្តៅ ស្រុកកងមាស ខេត្តកំពង់ចាម ទី៥ឈ្មោះ ហ៊ន់ រស្មី ភេទប្រុស អាយុ២១ឆ្នាំ មុខរបរជាងទូរស័ព្ទ ស្នាក់នៅភូមិ១ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ និងទី៦ឈ្មោះ សេង ស្រ៊ន ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរលក់ទឹកកក ស្នាក់នៅភូមិព្រែកដង្ហើម ឃុំព្រែកអំពិល ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។
បច្ចុប្បន្នជនសង្ស័យទាំង៦នាក់ ត្រូវបានកម្លាំងសមត្ថកិច្ចបញ្ជូនទៅឃុំខ្លួនជាបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌជ្រោយចង្វារ ដើម្បីកសាងសំណុំរឿង បញ្ជូនទៅកាន់តុលាការចាត់ការបន្តតាមផ្លូវច្បាប់៕
https://youtu.be/cj-GVZy4M3k
មតិយោបល់