(បាត់ដំបង)៖ នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២១ នេះ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក និងលោកជំទាវ ពេជ ចន្ទមុន្នី បានឧបត្ថម្ភអង្ករ គ្រឿងឧបភោគ បរិភោគ ប្រេងឥន្ធន: និង ថវិកាមួយចំនួនសម្រាប់ទ្រទ្រង់ការងារសាលា និងយោធាចារ្យ នៅសាលាពលទាហានទី៥ តាមរយ: ឧត្តមសេនីយ៍ទោ សេង ធារិន មេបញ្ជាការរងយោធភូមិភាគទី៥ ជូនដល់ឧត្តមសេនីយ៍ត្រី សួន សុន នាយកសាលាពលទាហានទី៥ ដែលស្ថិតក្នុងខេត្តបាត់ដំបង។
ការឧបត្ថម្ភនេះជាការយកចិត្តទុកដាក់របស់ ឯកឧត្តម មេបញ្ជាការ កងទ័ពជើងគោក និងលោកជំទាវ ដល់កាអប់រំដែលជាថ្នាលដ៏សំខាន់ក្នុងការជួយអភិវឌ្ឍន៏ បណ្តុះបណ្តាល និងលើកកម្ពស់សមត្ថភាពយោធិននៃកងយោធពលខេមរភូមិន្ទ ព្រមទាំងថ្នាក់ដឹកនាំ យោធាចារ្យ និង សិក្ខាកាមទាំងអស់ដែលកំពុងបម្រើការតាមតួនាទីភារកិច្ចរបស់ខ្លួន។
មានប្រសាសន៍ក្នុងឱកាសនោះ ឧត្តមសេនីយ៍ត្រី សួន សុន តាងនាមឲ្យថ្នាក់ដឹកនាំ យោធាចារ្យ និងសិក្ខាកាមនៃសាលាពលទាហានទី៥ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះឯកឧត្តម មេបញ្ជាការកងទ័ពជើងគោក និងលោកជំទាវ ដែលជានិច្ចជាកាលតែងតែគិតគូរ ដល់សុខទុក្ខ និងសុខុមាលភាពរបស់យោធិនដែលបម្រើដល់ថ្នាលបណ្តុះបណ្តាលធនធានមនុស្ស នៃកងយោធពលខេមរភូមិន្ទ ហើយជាកិច្ចតបស្នង យោធិនគ្រប់រូបប្តេជ្ញាបន្តយកចិត្តទុកដាក់អនុវត្តតួនាទីភារកិច្ចរបស់ខ្លួនប្រកបដោយចីរភាពជូនជាតិ មាតុភូមិ និងប្រជាពលរដ្ឋរបស់យើង៕
មតិយោបល់