ព័ត៌មានជាតិ

ហ៊ីយ៉ាន់ដាយ លោភលន់ដឹកធ្ងន់ពេកចុះចំណោតជ្រុលចង្កូតក្រឡាប់ធ្លាក់ពីលើផ្លូវជាច្រើនត្រឡប់!

ពោធិ៍សាត់ៈ លោក នាយផ្នែកនគរបាលស្រុកវាលវែង បានប្រាប់ Post News ថា មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង បន្ទាប់ពីមានរថយន្តម៉ាក ហ៊ីយ៉ាន់ដាយ មួយគ្រឿងដឹកធ្ងន់ពេក ចុះចំណោតចាប់ហ្វ្រាំងមិនស៊ី ជ្រុលចង្កូតបើកធ្លាក់ផ្លូវក្រឡាប់ជាច្រើនត្រឡប់ បង្កឲ្យមានការភ្ញាក់ផ្អើល។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៤និង១០នាទីល្ងាច ថ្ងៃទី៥ ខែសីហា ឆ្នាំ២០១៧ ស្ថិតនៅចំណុចចិនយំ​ ភូមិស្ទឹថ្មី​ ឃុំប្រម៉ោយ​ ស្រុកវាលវែង​ ខេត្តពោធិ៍សាត់។

សមត្ថកិច្ចបានបន្តឲ្យដឹងថា រថយន្តបង្កខាងលើនេះ គឺជាប្រភេទរថយន្តម៉ាកហ៊ីយ៉ាន់ដាយ​ ពណ៌ខៀវលាយស​ គ្មានស្លាកលេខ​ អ្នកបើកបររត់គេចខ្លួនបាត់​ រួមដំណើរជាមួយនឹងបុរសម្នាក់ឈ្មោះ​ មាន​ ហេង​ ភេទប្រុស​ អាយុ​ ៣០​ឆ្នាំ​ រស់នៅភូមិឃុំខាងលើ​ បណ្តាលឲ្យរងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីពេទ្យខេត្តពោធិ៍សាត់​។

ចំណែករថយន្ត ក្រោយពីកើតហេតុ ត្រូវបានសមត្ថកិច្ចស្ទូចយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុក​វាលវែង រង់ចាំធ្វើការដោះស្រាយគ្នាពេលក្រោយតាមផ្លូវច្បាប់បន្តទៀត៕

មតិយោបល់