ព័ត៌មានជាតិ

សម្តេចតេជោ អំពាវនាវទៅដល់ម្ចាស់រថយន្តឈ្នួលទាំងអស់ សូមកុំឆ្លៀតដំឡើងថ្លៃ នៅក្នុងថ្ងៃចូលឆ្នាំថ្មី

សម្តេចតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ឋបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានអញ្ជើញសម្ពោធមហាកុដិតេជោរ៉ានីរតនៈវត្តប្រជុំនទី (ហៅវត្តក្រពើហា) នៅក្រុងតាខ្មៅ ខេត្តកណ្តាល ដែលមានព្រះសង្ឃ យាជីតាជី មន្រ្តីរាជការ សិស្សានុសសិស្ស និងយុវជនជាច្រើនពាន់នាក់ កាលពីពញរឹកថ្ងៃទី៧ ខែមេសា ឆ្នាំ២០១៦។

នៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មីមុខនេះ សម្តេចតេជោ ហ៊ុន សែន សំណូមពរប្រជាពលរដ្ឋទូទាំងប្រទេស ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ ចំពោះបញ្ហានៃគ្រោះថ្នាក់ចរាចរណ៍ សូមកុំពិសារគ្រឿងស្រវឹងក្នុងពេលបើកបរ ហើយត្រូវគោរពច្បាប់ចរាចរទាំងអស់គ្នា កុំឲ្យពេលសប្បាយក្នុងពិធីចូលឆ្នាំថ្មី ក្លាយជាទុក្ខ។

ទន្ទឹមនិងនោះដែរ សម្តេចតេជោ ហ៊ុន សែន សូមអំពាវនាវទៅដល់ម្ចាស់រថយន្តឈ្នួលទាំងអស់ សូមកុំឆ្លៀតដំឡើងថ្លៃ នៅក្នុងថ្ងៃចូលឆ្នាំថ្មី ព្រោះភាគច្រើន គឺកម្មករ កម្មការិនីរបស់យើង ត្រូវទៅលេងស្រុកកំណើត ហើយត្រូវវិលពីស្រុកកំណើតមកកាន់ទីក្រុង ដើម្បីធ្វើការវិញ។ សូមម្ចាស់រថយន្ត ទាំងរថយន្តឈ្នួលធំៗ ទាំងតាក់ស៊ី (Taxi) សូមមេត្តាយោគយល់អំពីបញ្ហានេះផង ហើយតម្លៃប្រេងសាំងក៏បានបញ្ចុះថ្លៃរួចហើយដែរ។ ចំពោះយុវជន យុវនារីខ្មែរ សូមចៀសវាងការលេងល្បែង «គប់ទឹក» និង «ប៉ាតម្សៅ» នៅក្នុងអំឡុងបុណ្យចូលឆ្នាំថ្មី ដើម្បីបង្កាគ្រោះថ្នាក់ផ្សេងៗ។ ពីព្រោះការគប់ទឹកទៅលើអ្នកជិះកង់ម៉ូតូ អាចបង្កឲ្យដួល មានគ្រោះថ្នាក់។ ដោយឡែក ការលេងប៉ាតម្សៅ អាចធ្វើឱ្យប៉ះពាល់ដល់កូនក្រមុំ-ប្រពន្ធគេ បាត់បង់ក្រវិល ខ្សែករបស់គេ ដែលអាចបណ្តាលឲ្យមានរឿងរ៉ាវកើតឡើង។ ទន្ទឹមនឹងនេះ ប្រជាពលរដ្ឋទូទាំងប្រទេស ប្រុងប្រយ័ត្នគ្រោះអគ្គីភ័យ ដែលអាចកើតមានដោយយថហេតុណាមួយ តាមការអុជទៀនធូបទទួលទេវតាឆ្នាំថ្មី។

ចំពោះសមត្ថកិច្ច សម្តេចតេជោ ហ៊ុន សែន បានរំឭកដល់អាជ្ញាធរ សមត្ថកិច្ចមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ត្រូវបង្កើនការយកចិត្ត ទុកដាក់ ការពារសន្តិសុខសុវត្តិភាព ជូនប្រប្រជាពលរដ្ឋគ្រប់ទីកន្លែង ឲ្យបានសប្បាយរីករាយនៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ខាងមុខនេះ។

សម្តេចបានថ្លែងបញ្ជាក់ថា ចាប់តាំងពីសម័យសង្រ្គាម លុន នុល ជាពិសេសគឺសម័យ ប៉ុលពត ដែលបានធ្វើឲ្យវិស័យ ព្រះពុទ្ឋសាសនា ស្ទើតែរលាយសាបសូន្យ។ ប៉ុន្តែពេលបច្ចុប្បន្ននេះ គឺទាំងវិស័យអាណាចក្រ និងពុទ្ឋចក្រមានការរីកចម្រើនព្រមគ្នា ហើយសព្វថ្ងៃនេះព្រះពុទ្ឋសាសនា បានចូលរួមចំណែក និងដើរតួយ៉ាងសំខាន់ ក្នុងការថែរក្សាសុខសន្តិភាពនៅក្នុងប្រទេស។ សមិទ្ឋផលដែលមានក្នុងទីអារាមនេះ គឺពិតជាបានរួមចំណែកយ៉ាងសំខាន់ ក្នុងការបំរើផ្នែកព្រះពុទ្ធសាសនា និងជាប្រយោជន៍សំរាប់ព្រះសង្ឃ និងសិស្សនិស្សិតក្រីក្រ ស្នាក់នៅរៀនសូត្រ និងសំរាប់ប្រជាពុទ្ធបរិស័ទគោរពប្រតិបត្តិផងដែរ។

មុននឹងបញ្ចប់កម្មវិធី សម្តេចតេជោ ហ៊ុន សែន និង សម្តេចកិត្តិ បានប្រគេន និងផ្តល់បច្ច័យមួយចំនួនដល់ ព្រះសង្ឃ យាយជី តាជី ព្រមទាំងបានអញ្ជើញកាត់ខ្សែបូរ សម្ពោធដាក់ឲ្យប្រើប្រាស់មហាកុដិតេជោរ៉ានីរតនៈ ចាប់ពីពេលនេះតទៅ និងជួបសំណេះសំណាល និងថតរូបជាអនុស្សាវរីយ៌ជាមួយប្រជាពលរដ្ឋ ប្រកបដោយបរិយាកាសស្និទ្ឋស្នាល និងរីករាយក្រៃលែង។

សូមបញ្ជាក់ថា មហាកុដិតេជោរ៉ានីរតនៈ នេះបានសាងសង់គិតជាទឹកប្រាក់ចំនួន ៥៤៣,៧៨៩ដុល្លារ ក្នុងនោះបច្ច័យរបស់សម្តេចតេជោ ហ៊ុន សែន និងក្រុមគ្រួសារចំនួន ៣២៤,៨២១ដុល្លារ។ មហាកុដិនេះមានទំហំ៣ ១,៤៥ ម៉ែត្រ x១៧,៦៤ម៉ែត្រ កម្ពស់ ២ជាន់ ដំបូលប្រក់ក្បឿង ស្របតាមរចនបថខ្មែរ៕

photo_2016-04-07_02-05-14 photo_2016-04-07_02-05-17 photo_2016-04-07_02-05-20

មតិយោបល់