ព័ត៌មានជាតិ ព័ត៌មានសិល្បៈ និងកម្សាន្ត

នាយស្មាញ ទទួលជំនួយជាង៤០០ដុល្លារ ក្រោយអស់លទ្ធភាពព្យាបាលក្នុងមន្ទីរពេទ្យ

ភ្នំពេញៈ ដោយសារតែជីវភាពខ្វះខាត បណ្ដាលឲ្យតារាកំប្លែងនាយស្មាញត្រូវសម្រេចចិត្តចាកចេញពីមន្ទីរពេទ្យ ទាំងសភាពជំងឺរបស់លោកមិនទាន់ជាសះស្បើយនៅឡើយ។ ខ្សែជីវិតរបស់តារកំប្លែងរូបនេះ បានទទួលនូវការអាណិតអាសូរយ៉ាងខ្លាំងក្នុងស្រទាប់មហាជន។ ជាពិសេសបន្ទាប់ពីដំណឹងចាកចេញពីមន្ទីរពេទ្យព្រោះតែគ្មានលទ្ធភាពបន្តរបស់លោក ត្រូវបង្ហោះ និងចែកចាយនៅលើបណ្ដាញហ្វេសប៊ុក។ អ៊ីចឹងហើយទើបគេឃើញសប្បុរសជនមួយក្រុមដឹកនាំដោយព្រះគ្រូនី សុវណ្ណមុនីរ៉េត មេកុដ្ឋលេខ២៤ប្រចាំវត្តនាគវន្ត បានសម្រេចប្រគល់ថវិកាសរុបប្រមាណជាង៤០០ដុល្លារ ដោយរួមមានអំណោយផ្សេងទៀតឲ្យលោកផងកាលពីល្ងាចថ្ងៃទី២៨ ខែឧសភា ដើម្បីជួយសម្រួលស្ថានភាពខ្វះខាតរបស់នាយស្មាញដែលបានប្រឈមឡើង។

យោងតាមការបង្ហោះនៅលើហ្វេសប៊ុករបស់លោកអ៊ឹម ជីវ៉ា បានអះអាងថា នាយស្មាញទទួលបានចំនួនជាង២៥០ដុល្លារ ដោយថវិកានោះរួមមានអំណោយរបស់ព្រះគ្រូ នីសុវណ្ណ មុនីរ៉េត ចំនួន ២លានរៀលស្មើនឹង៥០០ដុល្លារ។ លោកទុំ សារ៉ុត ហៅនាយឃ្លោក អគ្គនាយកក្រុមហ៊ុន និងវិទ្យុ EVO ចំនួន ៥០ដុល្លារ។ លោកស្រី ថុង ស៊ីវទៀង អគ្គនាយិការក្រុមហ៊ុនចក្រវាឡពេជ្រភាពយន្ត ចំនួន ៥០ដុល្លារ លោក អ៊ឹម ជីវា ជាចំនួន ៨ម៉ឺនរៀល និងអ្នកនាង ស៊ុន ណារីមូនីកា ចំនួន៨ម៉ឺនរៀល។ លោកអ៊ឹម ជីវ៉ាបញ្ជាក់ថាហេតុផលដែលនាំឲ្យការជួបជុំផ្ដល់ជំនួយនោះ គឺបន្ទាប់ពីលោក និងសប្បុរសជនខាងលើមើលឃើញពីភាពទីទ័លក្ររបស់នាយស្មាញ ក្រោយពេលធ្លាក់ខ្លួនឈឺធ្ងន់។

យ៉ាងណាមិញ នាពេលកន្លងមកគេឃើញលោកសុះ ម៉ាច ប្រធានសមាគមសិល្បករខ្មែរ បានដើរតួយ៉ាងសំខាន់មួយរូបផងដែរ ក្នុងការបង្ហោះអំពាវនាវ និងគៀរគរជំនួយពីសប្បុរសជននានាយកអំណោយទៅជួយដល់លោក បើទោះជាថវិកាទាំងនោះនៅតែមិនអាចជួយឲ្យនាយស្មាញ អាចបន្តលទ្ធភាពព្យាបាលជំងឺនៅក្នុងមន្ទីរពេទ្យក្នុងពេលចេញកំប្លែងលែងបានក្តី។

គួរបញ្ជាក់ថានាយស្មាញ គឺជាតារាកំប្លែងមួយរូបដែលមុនលោកបាត់ខ្លួនគឺលោកលេងកំប្លែងក្នុងក្រុមរបស់នាយក្រឹម។ លោកបានធ្លាក់ខ្លួនឈឺធ្ងន់ និងត្រូវបញ្ជូនទៅកាន់មន្ទីរពេទ្យមួយបន្ទាប់ពីអាការៈក្អកធ្លាក់ឈាមរបស់លោកធ្វើទុក្ខ៕

photo_2016-05-28_21-49-10 photo_2016-05-28_21-49-14 photo_2016-05-28_21-49-26

មតិយោបល់