ភ្នំពេញៈ មិនខុសពីសង្វៀនអាស៊ីអាគ្នេយ៍ដែលរកឃើញជើងឯកគឺ ង៉ែត្រ រដ្ឋា កាលពីថ្ងៃទី២៨ ឧសភា នៅស្ថានីយទូរទស្សន៍ប៉ុស្ដិ៍លេខ៥ឯណោះវិញ ក៏មានការប្រកួតវគ្គចុងក្រោយជើងឯកហើយរកឃើញជើងខ្លាំងឲ្យទទួលពានដូចគ្នាផងដែរ។ ប៉ុន្តែអ្វីដែលខុសប្លែក គឺការប្រកួតជើងឯកនៅប៉ុស្ដិ៍លេខ៥ គឺជាការប្រកួតដណ្ដើមពានជើងឯកជាលក្ខណៈអន្តរជាតិ ដោយកីឡាករដែលបានឈានមកដល់វគ្គចុងក្រោយ គឺមានកីឡាករកម្ពុជា២រូប និងថៃ២រូប។
កីឡាករកម្ពុជា អ៊ុ ចំរើន មកពីក្លិបតាឡីដំរីមានឫទ្ធិ បានក្លាយជាម្ចាស់ពានជើងឯកចុងក្រោយ បន្ទាប់ពីវាយផ្ដួលកីឡាករថៃឈ្មោះ Super Chhai ឲ្យចាញ់ដោយពិន្ទុ។ ក្នុងនោះកីឡាករ ធី តុងហ៊ី ជាកីឡាករកម្ពុជាម្នាក់ទៀត ក៏ជាអ្នកទទួលបានចំណាត់ថ្នាក់លេខ៣ផងដែរ តាមរយៈការវាយផ្ដួលកីឡាករជើងខ្លាំងរបស់ថៃឈ្មោះ Taharn Ek ឲ្យចាញ់ដោយពិន្ទុដូចគ្នា។ ការប្រកួតនេះត្រូវបានធ្វើឡើងច្រើនខែមកហើយ ដោយក្នុងពេលបើកប្រកួតមានកីឡាករកម្ពុជា៤ និងបរទេស៤ ហើយដល់វគ្គឆ្លងពូលកីឡាករបរទេស២នាក់ និងកម្ពុជា២នាក់បានជ្រុះហាលអាវ។
កីឡាករ អ៊ុ ចំរើន ជាជើងឯក ទទួលបានទឹកប្រាក់៤ពាន់ដុល្លារ និងពានមួយ។ កីឡាករថៃ Super Chai ជាជើងឯករងទទួលបានទឹកប្រាក់១៥០០ដុល្លា និងពានមួយ។ កីឡាករ ធី តុងហ៊ី ចំណាត់ថ្នាក់លេខ៣ទទួលបានទឹកប្រាក់៧០០ដុល្លារ អមដោយពានមួយ និងកីឡាករថៃTaharn Ek ចំណាត់ថ្នាក់លេខ៤ ទទួលបានទឹកប្រាក់៤០០ដុល្លារ និងពានកិត្តិយសមួយ៕
មតិយោបល់