ព័ត៌មានជាតិ

នគរបាលឃាត់ខ្លួនយុវជនចំនួន០៦នាក់ ករណីប៉ុនប៉ងឃាតកម្ម និងធ្វើឱ្យខូចខាតដោយចេតនា

បាត់ដំបង: នៅថ្ងៃសៅរ៍ ៧កើត ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២១ វេលាម៉ោង១០ និង ២៨នាទី នៅចំណុចភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង អនុវត្តតាមយោបល់ដឹកនាំរបស់លោកឧត្ដមសេនីយ៍ទោ សាត គឹម សាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង រួមនឹងយោបល់លោកវរសេនីយ៍ឯក លឹម ពុទ្ធីឡា ស្នងការរង ផែនការងារនគរបាលព្រហ្មទណ្ឌ និងដោយមានការសម្របសម្រួលលើនីតិវិធីពីឯកឧត្តម កែវ សុជាតិ ព្រះរាជវអាជ្ញា នៃ អយ្យការអមសាលាដំបូងខេត្តបាត់ដំបងផងនោះ លោកវរសេនីយ៍ឯក ឈឿង គឹមសុនាយការិយាល័យ នគរបាលព្រហ្មទណ្ឌកម្រិតស្រាល បានដឹកនាំកម្លាំងក្រុមអន្តរាគមន៍ បង្ការបង្ក្រាបសហការជាមួយកម្លាំងការិយាល័យ នគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ ដែលដឹកនាំដោយលោកវរសេនីយ៍ទោ វ៉ាន់ តារ៉ា ជានាយរងការិយាល័យ ចុះប្រតិបត្តិការ បង្ក្រាប ករណីប៉ុនប៉ងឃាតកម្ម និងធ្វើឱ្យខូចខាត ដោយចេតនា មានស្ថានទម្ងន់ទោស (ប្រើកាំបិតកាប់) មួយករណី និងបាន ធ្វើការនាំខ្លួនជនសង្ស័យចំនួន០៦នាក់ មកកាន់ស្នងការដ្ឋាន ដើម្បីសាកសួរស្រាវជ្រាវក្នុងនោះមាន៖

១-ឈ្មោះ សុង សុភារម្យ ភេទប្រុស អាយុ ២៦ឆ្នាំ មានទីលំនៅ ភូមិរំចេក៤ សង្កាត់រតន: ក្រុង-ខេត្តបាត់ដំបង ។ ២-ឈ្មោះ រិទ្ធ មេសា ហៅ សាល ភេទប្រុស អាយុ១៩ឆ្នាំ មានទីលំនៅក្នុងបន្ទប់ជួល ភូមិកម្មករ សង្កាត់រតន: ក្រុង-ខេត្តបាត់ដំបង ។ ៣-ឈ្មោះ សុខ រីហ្វី ហៅ ង៉ោល ភេទប្រុស អាយុ២៣ឆ្នាំ មានទីលំនៅភូមិកម្មករ សង្កាត់ស្វាយ ប៉ោ ក្រុង-ខេត្តបាត់ដំបង ។ ៤-ឈ្មោះ រី សារ៉ាក់ ហៅ ផ្លិក ភេទប្រុស អាយុ២១ឆ្នាំ មានទីលំនៅភូមិដាក់សសរ សង្កាត់អូរ ម៉ាល់ ក្រុង-ខេត្តបាត់ ដំបង ។ ៥-ឈ្មោះ ជួន វ៉ាន់ឌីន ហៅ ឌីន ភេទប្រុស អាយុ ២១ឆ្នាំ មានទីលំនៅភូមិជ្រៃកោង សង្កាត់ស្លាកែត ក្រុង-ខេត្តបាត់ដំបង ។ ៦-ឈ្មោះ ចេង សារ៉េតប្រាថ្នា ហៅ ពន្លឺ មានទីលំនៅភូមិកំពង់ក្របី សង្កាត់ស្វាយប៉ោ ក្រុង-ខេត្តបាត់ដំបង ។

វត្ថុតាងដកហូតរួមមាន៖ -ម៉ូតូ០១គ្រឿងម៉ាក ហុងដាឌ្រីម ពណ៌ក្រហម ស៊េរីឆ្នាំ២០២២ ពាក់ស្លាកលេខ បាត់ដំបង 1AO-0161 ជាមធ្យោបាយធ្វើសកម្មភាព ។

សូមជម្រាបជូនថា កាលពីថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២១ វេលាម៉ោង០២និង ៣០នាទី រំលងអធ្រាត នៅចំណុច ខាងមុខមន្ទីររៀបចំដែនដីនគររូបនីយកម្មសំណង់ និងសូរិយោដីខេត្តបាត់ដំបង ស្ថិតក្នុងភូមិកំពង់ក្របី សង្កាត់ ស្វាយប៉ោ ក្រុងនិងខេត្តបាត់ដំបង ជនសង្ស័យខាងលើ និងបក្ខពួកផ្សេងទៀត បានធ្វើសកម្មភាពយកកាំបិតកាប់ និងយកដុំថ្មគប់ទៅ លើជនរងគ្រោះចំនួន០២នាក់៖

១-ឈ្មោះ ឯល អ៊ូម៉ើត ហៅ ម៉ៅ ភេទប្រុស អាយុ ២០ឆ្នាំ មានទីលំនៅភូមិនរា ឃុំនរា ស្រុកសង្កែ ខេត្តបាត់ដំបង រងរបួសរយ:ត្រង់កំភួនដៃខាងស្តាំ ។ ២-ឈ្មោះ សឿន ជីងឈី ហៅ ឈី ភេទប្រុស អាយុ១៨ឆ្នាំ មានទីលំនៅភូមិវត្តលៀប សង្កាត់ចម្ការ សំរោង ក្រុងនិងខេត្តបាត់ដំបង រងរបួសធ្ងន់ ។

ក្រោយកើតហេតុជនរងគ្រោះ បានដាក់ពាក្យបណ្តឹងចូលមកសមត្ថកិច្ចនគរបាល ហើយឆ្លងតាមរយ:ការ ស្រាវជ្រាវនេះ សមត្ថកិច្ចកំណត់មុខសញ្ញា និងឈានដល់ការឃាត់ខ្លួនតែម្តង ។

បច្ចុប្បន្នការិយាល័យជំនាញបានកសាងសំណុំរឿង បញ្ជូនជនសង័្សយទៅសាលាដំបូងខេត្តបាត់ដំបង ចាត់ការបន្តតាម នីតិវិធីច្បាប់ ៕

មតិយោបល់