ភ្នំពេញៈ ក្រុមចោរប្លន់ប្រដាប់ដោយអាវុធ ជិះម៉ូតូ៣គ្រឿងដេញតាមប្លន់ ម៉ូតូ ZOOMER-X ពីបុរសម្នាក់ តែមិនបានសម្រេច រួចនាំគ្នាជិះម៉ូតូរត់គេចខ្លួនបង្កការភ្ញាក់ផ្អើលដល់សមត្ថកិច្ចខណ្ឌ៧មករា និងសមត្ថកិច្ចខណ្ឌដូនពេញ សហការគ្នាដេញតាមចាប់ខ្លួនក្រុមចោរប្លន់ទាំងកណ្តាលយប់ បង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងក្នុងរាជធានីភ្នំពេញ កាលពីវេលាម៉ោង១និង៣០នាទីយប់ឈានចូលថ្ងៃទី៧ ខែសីហា ឆ្នាំ២០១៧ តាមបណ្តោយមហាវិថី ព្រះមុនីវង្ស ម្តុំស្តុបពេទ្យចិន ស្ថិតក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
តាមសាក្សីដែលឃើញហេតុការណ៍ និងជាអ្នកជួយដេញតាមក្រុមចោរខាងលើបានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញ បុរសម្នាក់ ជិះម៉ូតូ ZOOMER-X មួយគ្រឿង មិនចាំស្លាកលេខ បានធ្វើដំណើរតាមបណ្តោយមហាវិថី ព្រះមុនីវង្ស ក្នុងទិសដៅពីជើងទៅត្បូង ខណ:នោះ ក៏ប្រទះឃើញ ជនសង្ស័យមួយក្រុម ជិះម៉ូតូ៣គ្រឿង ដេញតាមបុរសរងគ្រោះពីក្រោយ ពេលមកដល់ម្តុំស្តុបពេទ្យចិន តែពេលនោះបុរសរងគ្រោះ ខាងលើបានដឹងខ្លួនទាន់ ក៏បានជិះម៉ូតូ ចូលការ៉ាសសាំងមួយកន្លែងនៅក្បែរនោះ ស្ថិតក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ។ ភ្លាមៗនោះ ក្រុមជនសង្ស័យខាងលើ បម្រុងនឹងធ្វើសកម្មភាពប្លន់យកម៉ូតូពីបុរសរងគ្រោះខាងលើទៅហើយ ដោយបុរសរងគ្រោះខាងលើ បានស្រែកឲ្យគេជួយខ្លាំងៗ ខណ:នោះក្រុមជនសង្ស័យ មិនហ៊ានធ្វើសកម្មភាពនោះទេដោយរង់ចាំស្ទាក់ឡើងយូររួចក៏បាននាំគ្នា ជិះម៉ូតូ រត់គេចខ្លួនតែម្តងទៅ ប៉ុន្តែក៏ត្រូវបងប្អូនប្រជាពលរដ្ឋនៅក្បែរកន្លែងកើតហេតុ នាំគ្នាដេញតាមពីក្រោយ បង្កការភ្ញាក់ផ្អើលដល់កម្លាំងសមត្ថកិច្ចនៅក្បែរនោះបានទាក់ទងទៅសមត្ថកិច្ចខណ្ឌ៧មករា តាមវិទ្យុទាក់ទង ឲ្យជួយកាក់ក្រុមជនសង្ស័យទាំងនោះ ព្រោះតែក្រុមជនសង្ស័យបានជិះរត់គេចខ្លួន ចូលក្នុងមូលដ្ឋានទឹកដីខណ្ឌ៧មករា។
ប្រភពដដែលបន្តទៀតថា ចំណែកក្រុមជនសង្ស័យភ័យពេកបាននាំគ្នាជិះម៉ូតូបំបែកគ្នា ដោយ២ម៉ូតូមិនចាំម៉ាក រត់គេចខ្លួនបាត់ស្រមោល នៅសល់តែម៉ូតូ MSX មួយគ្រឿង ពណ៌សលាយខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1FE- 2930 ព្យាយាមជិះគេចខ្លួន តាមបណ្តោយមហាវិថី សហព័ន្ធរស្សី ពេលមកដល់ផ្លូវបំបែក ជនសង្ស័យ បានជិះម៉ូតូរត់គេចចូលតាមផ្លូវR6 វិញ ខណ:ពេលមកដល់ផ្លូវរទេះភ្លើង ដែលស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ ជនសង្ស័យមានសភាពភ័យខ្លាំងពេក បានប្រដួលម៉ូតូចោល ហើយរត់ចូលក្នុងផ្លូវរទេះបាត់ស្រមោល បណ្តាលឲ្យសមត្ថកិច្ចខណ្ឌ៧មករា និងសមត្ថកិច្ចខណ្ឌដូនពេញ បានសហការគ្នា ចុះទៅធ្វើការឆែកឆាក តាមរកជនសង្ស័យ គ្រប់ផ្ទះ ទាំងកណ្តាលយប់។ ខណៈដែលកំពុងតែឆែកឆេរនោះ សមត្ថកិច្ចក៏ប្រទេះឃើញផ្ទះមួយនៅក្នុងផ្លូវរទេះ មានទូបាញ់ត្រីខុសច្បាប់ និងមានយុវជន៣នាក់ នៅក្នុងផ្ទះនោះ ក៏ធ្វើការអន្តរាគមន៍ឃាត់ខ្លួន យកមកសាកសួរនាំតែម្តងទៅ។ ចំណែកជនសង្ស័យ ដែលបម្រុងធ្វើសកម្មភាពប្លន់យកម៉ូតូពីបុរសរងគ្រោះខាងលើ មិនបានសម្រេច ទោះបីសមត្ថកិច្ចព្យាយាមខំរកយ៉ាងណា ក៏នៅតែរកមិនឃើញដែរ។
ក្រោយកើតហេតុសមត្ថកិច្ចខណ្ឌ៧មករា និងសមត្ថកិច្ចខណ្ឌដូនពេញ បានដកកម្លាំងត្រឡប់មកវិញ ចំណែកយុវជន៣នាក់ ដែលជាម្ចាស់ផ្ទះមានទូរបាញ់ត្រីខាងលើ ត្រូវបានសមត្ថកិច្ចខណ្ឌដូនពេញធ្វើការឃាត់ខ្លួន ដើម្បីចាត់ការតាមនីតិវីធីច្បាប់ ៕
មតិយោបល់