ព័ត៌មានសិល្បៈ និងកម្សាន្ត

រចនា ដួង បកស្រាយរឿងបោកលុយម៉ឺនដុល្លារ ពីស្រ្តីនៅអូស្ត្រាលី !

ក្រោយការបង្ហោះរបស់ស្រ្តីរស់នៅប្រទេសអូស្រ្តាលីឈ្មោះ រស្មី ជុំវិញការលើកឡើងថាលោក រចនា ដួង ហៅបារាំង បោកប្រាស់លុយកាក់អស់ប្រមាណ៥ម៉ឺនដុល្លារអូស្រ្តាលី(ប្រហាក់ប្រហែលនឹងជាង៤ម៉ឺនដុល្លារអាមេរិក) ផលិតករភាពយន្តល្បីឈ្មោះរូបនេះបានចេញមុខបញ្ជាក់ថា លោកមិនបានបោកប្រាស់ ដូចអ្វីដែលបានបង្ហោះឡើងឡើយ។ យ៉ាងណាមិញ លោកបានទទួលស្គាល់ថាខ្លួនពិតជាបានស្គាល់ស្រ្តីម្នាក់នោះ និងសារភាពថាមានការពាក់ព័ន្ធលុយកាក់ខ្លះៗ ប៉ុន្តែមិនមែនជាការបោកប្រាស់ និងរហូតដល់ចំនួនដែលបានបំភ្លើសទេ។

លោក រចនា ដួង ដែលត្រូវគេស្គាល់ភាគច្រើនតាមរយៈការសម្ដែងជាតួអង្គប៉ូលិសក្នុងបទ «ពុកខ្ញុំប៉ូលិសចរាចរណ៍»និយាយថា ទឹកប្រាក់ជាង៥ម៉ឺនដុល្លារអូស្រ្តាលីដែលស្រ្តីអូស្រ្តាលីបានបង់ខាតនោះ មិនមែនជាទឹកប្រាក់ដែលអ្នកស្រីយកមកជះលើលោកនោះដែរ គឺជាទឹកប្រាក់ដែលអ្នកស្រីចាយលើការឡើងចុះស្រុកខ្មែរ និងចំណាយលើការហូបចុកដើរលេងជាក្រុមដែលរួមមានទាំងមិត្តភក្តិរបស់អ្នកស្រី និងតារាសិល្បៈមួយចំនួនដែលអ្នកស្រីបានស្គាល់ហើយគៀរគររាល់ពេលចុះមកកាន់កម្ពុជាតែប៉ុណ្ណោះ។

លោកនិយាយថា«ឲ្យតែពេលគាត់មក គាត់ហៅអ្នកនេះអ្នកនោះ ហើយឲ្យខ្ញុំហៅឲ្យខ្លះ អ៊ីចឹងរឿងអីមិនអស់ច្រើនៗ តែសួរថាលុយហ្នឹងបានចំណាយលើខ្ញុំអត់ គឺអត់ទេ!»។ លោកអះអាងថាតាំងពីស្គាល់ស្រ្តីនោះ អ្នកស្រីបានទិញជាទូរសព្ទឲ្យមួយគ្រឿង២គ្រឿង និងឲ្យលុយលោកចំនួន៣ពាន់ដុល្លារ ក្នុងពេលដែលលោកគ្រោងយកឡានទៅបញ្ចាំដើម្បីយកលុយទៅបើកឲ្យតួ។
លោកនិយាយថា«គាត់ដឹងហើយថាខ្ញុំដែលសុំលុយគាត់ទេ ដែលទាមទារនេះទាមទារនោះពីគាត់ទេ គឺគាត់ទិញអីឲ្យខ្ញុំយកមែនដូចជាពេលគាត់ឮថាខ្ញុំខូចទូរសព្ទហើយក៏ផ្ញើឲ្យជាដើម ចំណែករឿងលុយគាត់ដឹងហើយថាគាត់ឲ្យខ្ញុំប៉ុន្មាន អត់មានដល់ម៉ឺនដុល្លារអីទេ!»។

លោកថាអះអាងថាប្រសិនបើអ្នកស្រីយកលុយ៥ម៉ឺនដុល្លារអូស្រ្តាលីមកឲ្យលោកបោកដូចអ្វីដែលបានចោទប្រកាន់ ប្រហែលជាលោកមិនជួលផ្ទះគេរស់នៅនៅម្ដុំទឹកថ្លាក្នុងមួយខែជាង២០០ដុល្លារ និងមានជីវភាពដូចរាល់ថ្ងៃនោះទេ។ ប៉ុន្តែមកពីគ្មានទើបលោកត្រូវប្រឹងត្រដាបត្រដួសក្នុងការងារផលិតកុនដោយក្នុងពេលខ្លះក៏មានចំណូលបានល្អ និងក្នុងពេលខ្លះក៏មានបញ្ហាបង្វិលលុយមិនទាន់។ លោកថាថវិកាដែលបានទទួលពីអ្នកស្រីប្រមាណជាង៣ពាន់ដុល្លារលោកមានគម្រោងសង តែអ្នកស្រីមិនអោយសង ទើបនៅជំពាក់ជំពិនមកទល់សព្វថ្ងៃ។ លោកប្រកាសថាស្រ្តីម្នាក់ដែលបានថើបថ្ពាល់លោកនៅKTV ហើយត្រូវបានអ្នកស្រីរស្មីយកទៅបង្ហោះ គឺជាបងប្អូនលោកទេ ដោយលោកបញ្ជាក់ថាបណ្ដាលមកពីអ្នកស្រីមានចិត្តប្រច័ណ្ឌ និងមិនជឿជាក់ចំពោះការបកស្រាយរបស់លោក ទើបបណ្ដាលឲ្យមានរឿងបែបនោះ។

លោកបកស្រាយថាមិនបានប្រើពាក្យថាសំរាមសំដៅទៅកាន់អ្នកស្រីនោះទេ ដោយលោកចាត់ទុកថាបើទោះជាខឹង និងអន់ចិត្តក៏លោកមិនប្រើពាក្យខ្វះការអប់រំបែបហ្នឹងដែរ ប៉ុន្តែអាចមកពីអ្នកស្រីយល់ច្រឡំទើបគិតថាលោកប្រើពាក្យមួយនោះ។ លោកនិយាយថា « ខ្ញុំចង់និយាយថា ពាក្យថាសំរាមហ្នឹង ខ្ញុំនិយាយពីខ្លួនខ្ញុំទេ ព្រោះគាត់ឲ្យតែខឹងយើងគឺគាត់ប្រើពាក្យមើលងាយយើង ចឹងហើយទើបខ្ញុំនិយាយសំដៅពីខ្លួនខ្ញុំទេ ប៉ុន្តែប្រហែលជាមានអ្នកបកប្រែខុស!»។

លោកថាឲ្យពេលអ្នកស្រីចុះមកដល់កម្ពុជាម្ដងៗ លោកត្រូវខាតបង់ការងារ ចាំជូនអ្នកស្រីដើរលេងមិនដែលមានពេលទំនេរ ប៉ុន្តែអ្នកស្រីមិនដែលឲ្យតម្លៃទឹកចិត្ត និងការខាតបង់នោះទេ។ លោកបន្តនិយាយថា «សួរថាគាត់ទិញអីឲ្យខ្ញុំខ្លះ គាត់យកមកចាយនៅស្រុកខ្មែរខុសខ្ទង់៣លើកអស់៥ម៉ឺនដុល្លារគាត់ថាអស់លើខ្ញុំ អ្នកស្គាល់គាត់គេដឹងហើយថាខ្ញុំបោកដូចគាត់ថាអត់!»។មុនពេលផ្ទុះរឿងយល់ច្រឡំ លោកថាអ្នកស្រីរស្មីទទូចឲ្យលោកឡើងទៅប្រទេសអូស្រ្តាលីក្នុងពេលដែលលោកមិនអាចបោះបង់សិល្បៈ ហើយឡើងទៅរស់នៅបាន ទើបជម្លោះផ្លូវចិត្តត្រូវបានកើតឡើងទាំងលោកមិនបានដឹងថាមានរឿងដល់ថ្នាក់នោះ។

លោកសារភាពថាខ្លួនសន្យាខុសម្ដងជា២ដងរឿងឡើងទៅអូស្រ្តាលីមិនទាន់បាន ប៉ុន្តែបណ្ដាលមកពីលោកមិនទាន់ដាច់ចិត្តពីការងាររាល់ថ្ងៃទើបស្នើអោយអ្នកស្រីរង់ចាំ។ ឆ្លើយតបនឹងការបកស្រាយរបស់លោករចនា ដួង អ្នកស្រីរស្មីបញ្ជាក់ថាអ្នកស្រីមិនបានចោទថាផលិតកររូបនេះបោកទឹកប្រាក់របស់អ្នកស្រីរហូតដល់៥ម៉ឺនដុល្លារអូស្រ្តាលីនោះទេ ប៉ុន្តែអ្នកស្រីថាអ្នកស្រីបង់ខាត់គឺដោយសារតែហេតុផលដែលលោកប្រកាសថាស្រឡាញ់អ្នកស្រី និងទទួលយកអ្នកស្រីនោះហើយ ទើបធ្វើឲ្យអ្នកស្រីយកលុយច្រើនម៉ឺនដុល្លារមកចាយក្នុងពេលមកលេងលោកលើទឹកដីកម្ពុជាម្ដងៗ។ យ៉ាងណាមិញ អ្នកស្រីថាលោករចនា ដួង មិនមែនទទួលលុយកាក់របស់អ្នកស្រីត្រឹមតែចំនួនដូចបានបំភ្លឺនោះទេ៕

មតិយោបល់