ព័ត៌មានជាតិ

ឪពុកគេ ឪពុកយើងអាណិតខ្លាំងណាស់! អ៊ំប្រុសម្នាក់ ដួលផ្កាប់មុខស្លាប់ដោយមានដំណក់ឈាមស្រក់រាយប៉ាយពេញដី…

បាត់ដំបង: ហេតុការណ៍ភ្ញាក់ផ្អើលមួយបានកើតឡើង បន្ទាប់ពីប្រជាពលរដ្ឋបានប្រទះឃើញសាកសពអ៊ំប្រុសម្នាក់ បានស្លាប់ក្នុងសភាពអោនដួលផ្កាប់មុខ គួរឲ្យសង្វែកដោយមានដំណក់ឈាមជាច្រើនហូរស្រក់នៅរាយប៉ាយពេញលើដីស្រែ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៣រសៀល ថ្ងៃទី៥ ខែសីហា ឆ្នាំ២០១៧ ស្ថិតនៅចំណុចដំណាក់រាំង ស្ថិតក្នុងភូមិថ្មី ឃុំកន្ទឺ១ ស្រុកបាណន់ ខេត្តបាត់ដំបង។

សមត្ថកិច្ចបានឲ្យដឹងថា សាកសពជនរងគ្រោះដែលស្លាប់ខាងលើនេះមានឈ្មោះ ឆាន ពក អាយុ៦៨ឆ្នាំ ភេទប្រុស មានទីលំនៅ ភូមិទួលច្រនៀង ឃុំបាយដំរាំ ។

ក្រោយពីទទួលបានសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋថាបានប្រទះឃើញសពរួចមក សមត្ថកិច្ចជំនាញបានធ្វើការស្រាវជ្រាវ បានឲ្យដឹងថា សាកសពគឺជាអ្នកដែលមានជំងឺក្អកជាប្រចាំ ហើយបើតាមការពិនិត្យមើលឃើញថា មានដំណក់ឈាមរាយប៉ាយស្រក់លើដី ចេញពីដំបូកស្រែដែលសាកសពជំរះស្មៅមានចម្ងាយ១៥៦ម៉ែត្រ មានចបកាប់មួយថ្ពក់លើដើមឈើ មានដំណក់ឈាមដកជាប់នឹងដងចប និងមានកាំបិតង៉ុក១ផ្នែកនៅគល់ចបកាប់ ចំណែកសាកសព គឺដួលផ្កាប់មុខដោយមានពូថៅមួយសៀតជាប់សំពាយមួយនៅជាប់ខ្លួននឹងមានទូរសព្ទមួយនៅក្នុងហោប៉ៅអាវ។

ដូច្នេះតាមការស្រាវជ្រាវនិងពិនិត្យរបស់សមត្ថកិច្ចនៅកន្លែងកើតហេតុ បានសន្និដ្ឋានថា សាកសពពិតជាស្លាប់ដោយជំងឺខ្លួនឯងពិតប្រាកដមែន មិនជាប់ពាក់ព័ន្ធនឹងការសម្លាប់នោះទេ ហើយបច្ចុប្បន្នសាកសពជនរងគ្រោះត្រូវបានបងប្អូនសាច់ញាតិយកមកធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់