ព័ត៌មានជាតិ

គ្រឿងស្រវឹងចូលខ្លួន បុរសម្នាក់ជិះម៉ូតូលឿនដូចហោះទៅបុករថយន្តគេពីក្រោយរបួសយ៉ាងធ្ងន់ធ្ងរ

កណ្តាល: គ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង បន្ទាប់ពីបុរសម្នាក់បើកបរក្នុងស្ថានភាពស្រវឹង បានជ្រុលចង្កូតទៅបុកពីក្រោយរថយន្តដែលគេកំពុងឈប់ បណ្តាលឲ្យរងរបួសធ្ងន់ដោយខ្លួនឯង។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៦និង៣០នាទី ថ្ងៃទី៦ ខែសីហា ឆ្នាំ២០១៧ នៅចំនុចផ្លូវបេតុងរោងចក្រហ្គោលហ្វេម ស្ថិតក្នុងភូមិកំពង់ព្រីង ឃុំសិត្បូ ស្រុកស្អាង ខេត្តកណ្តាល។

លោកវរសេនីយ៍ សេង សុជាតិ អធិការស្រុកស្អាង បានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ លន ជូ ភេទប្រុស អាយុ២៣ ឆ្នាំ មុខរបរកសិករ ស្នាក់នៅភូមិកំពង់ព្រីង ឃុំសិត្បូ ស្រុកស្អាង ខេត្តកណ្ដាល។ ចំណែកឯម្ចាស់រថយន្តមានឈ្មោះ សុង ស៊ុយ ភេទប្រុស អាយុ២៥ឆ្នាំ។

លោកអធិការបញ្ជាក់ថា៖ មុនពេលកើតហេតុ គេឃើញមានរថយន្តម៉ាក FUSO ពណ៌ស ពាក់ស្លាកលេខ តាកែវ 3A-1280 បើកបរដោយឈ្មោះ សុង ស៊ុយ (គេចខ្លួនបាត់) រួមដំណើរជាមួយម្ដាយ និងព្រូ រថយន្តម្នាក់ ធ្វើដំណើរដឹកអុសមកឈប់លើផ្លូវបេតុងរបស់រោងចក្រហ្គោលហ្វេម ចាប់តាំងពីថ្ងៃទី៥ ខែសីហា ឆ្នាំ២០១៧ វេលាម៉ោង៣រសៀល ក្នុងទិសដៅពីត្បូងទៅជើង។ លុះវេលាម៉ោងកើតហេតុថ្ងៃទី៦ ខែសីហា ស្រាប់តែមានម៉ូតូមួយគ្រឿម៉ាកហុងដា សេ១២៥ ស៊េរី២០០៧ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1C-4013 បើកបរដោយឈ្មោះ លន ជូ ភេទប្រុស (មិនពាក់មួក) ស្នាក់នៅភូមិកំពង់ព្រីង ឃុំសិត្បូ ស្រុកស្អាង ខេត្តកណ្ដាល បានបើកម៉ូតូក្នុងសភាពស្រវឹង ធ្វើដំណើរពីក្នុងទិសដៅពីត្បូងមកជើង មកបុករថយន្តពីក្រោយ បណ្តាលឲ្យរងរបួសធ្ងន់តែម្ដង។

ក្រោយកើតហេតុ ជនរងគ្រោះត្រូវបានក្រុមគ្រួសារបានដឹកយកទៅមន្ទីរពេទ្យភ្នំពេញ។ ចំណែករថយន្តខូចខាតស្រាល និងម៉ូតូខូចខាតធ្ងន់ ត្រូវបានសមត្ថកិច្ចយកមករក្សាទុកនៅប៉ុស្តិ៍សិត្បូ ដើម្បីកសាងសំណុំរឿងទៅតាមនីតិវិធីនៃច្បាប់បន្តទៀត៕

មតិយោបល់