ព័ត៌មានជាតិ

រថយន្តបែន បើកបុកម៉ូតូស្លាប់ម្នាក់!

កណ្តាល: គ្រោះថ្នាក់ចរាចរណ៍មួយបង្កឲ្យមានការផ្ញាក់ផ្អើល ដោយបានបណ្តាលឲ្យបុរសម្នាក់ស្លាប់យ៉ាងអាណោចអាធម៌នៅនឹងកន្លែងកើតហេតុ ខណៈដែលមានរថយន្តបែនមួយគ្រឿងមិនស្គាល់ម៉ាក បើកបុកម៉ូតូចំយ៉ាងពេញទំហឹង។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៦ និង៤០នាទីព្រឹកថ្ងៃទី៧ ខែសីហា ឆ្នាំ២០១៧ ស្ថិតនៅចំណុចភូមិទឹកជា ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្ដាល ផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រលេខ ២៧-២៨។

លោកវរសេនីយ៍ មាន សំណាង អធិការស្រុកអង្គស្នួលបានឲ្យដឹងថា នៅថ្ងៃខែឆ្នាំនិងវេលាម៉ោងកើតហេតុខាងលើ មានរថយន្តមួយគ្រឿង មិនដឹងម៉ាកមិនដឹងស្លាកលេខ ប្រភេទបែនបើករត់គេចទៅទិសខាងលិច បើកមកពីខាងកើតទៅទិសខាងលិច(ភ្នំពេញ ទៅកំពង់សោម) លុះដល់ចំណុចកើតហេតុខាងលើ បានបុកម៉ូតូមួយគ្រឿងម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ កណ្ដាល 1R-4264 អ្នកបើកបរឈ្មោះ សុខ ពិសិដ្ឋ ភេទប្រុស អាយុ២៥ឆ្នាំ ស្នាក់នៅភូមិកណ្ដាល ឃុំកន្ទួត ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល មុខរបរកសិករ ដែលបើកពីទិសខាងលិចទៅកើត (កំពង់សោម ទៅភ្នំពេញ) ក្នុងទិសដៅបញ្ច្រាសទិសគ្នា។

តាមសេក្តីសន្និដ្ឋាន ករណីនេះបណ្តាលមកពីអ្នកបើកបរ រថយន្តបើកបរវ៉ាជែងក្នុងស្ថានភាពគ្រោះថ្នាក់ ។ចំពោះសពកម្លាំងជំនាញបានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់