ព្រះវិហារៈ ជនសង្ស័យចំនួន៨នាក់ ត្រូវបានកម្លាំងកងរាជអាវុធហត្ថស្រុកជាំក្សាន្តធ្វើការបង្ក្រាបនិងឃាត់ខ្លួនបានជាបន្តបន្ទាប់ ដកហូតបានថ្នាំញៀនសរុបជិត៤០កញ្ចប់ឯណោះ។
ប្រតិបត្តិការនេះបានធ្វើឡើងកាលពីវេលាម៉ោង៣ និង១៥នាទីរសៀល ថ្ងៃទី៥ ខែសីហា ឆ្នាំ២០១៧ ស្ថិតនៅចំណុចភូមិបង្គោល៨ ឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។
ជនសង្ស័យទាំង៨នាក់ ដែលកម្លាំងកងរាជអាវុធហត្ថឃាត់ខ្លួនបានខាងលើ ទី១មានឈ្មោះ អ៊ុន ធឿន ភេទស្រី អាយុ៥៧ឆ្នាំ, ទី២ឈ្មោះ សាំង ចន្ថា ភេទស្រី អាយុ២៣ឆ្នាំ ,ទី៣ឈ្មោះ ខាត់ ធីតា ភេទស្រី អាយុ១៧ឆ្នាំ, ទី៤ឈ្មោះ ខាត់ វណ្ណដា ភេទប្រុស អាយុ២២ឆ្នាំ។ អ្នកទាំង៤មានមុខរបរមិនពិតប្រាកដ រស់នៅភូមិបង្គោល៨ ឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ, ទី៥ឈ្មោះ ហេង សុគន្ធា ភេទស្រី អាយុ៣៨ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិអូរទឹកថ្លា ឃុំ-ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ, ទី៦ឈ្មោះ ឡែម សាន់ឌី ភេទស្រី អាយុ២១ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិត្រាំចាន ឃុំព្រះប្រឡាយ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ, ទី៧ឈ្មោះ យ៉ុន បារាំង ភេទប្រុស អាយុ១៧ឆ្នាំ បុខរបរមិនពិតប្រាកដ រស់នៅភូមិទួលប្រសើរ ឃុំបាក់អន្លូង ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ និងជនសង្ស័យទី៨មានឈ្មោះ យ៉ុន ធា ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិត្រាំចាន ឃុំព្រះប្រឡាយ ស្រុកត្រតាំងប្រាសាទ ខេត្តឧត្តរមានជ័យ។
ក្នុងនោះដែរ កម្លាំងបានធ្វើការដកហូតបាន៖ ថ្នាំញៀនប្រភេទម៉ាទឹកកក ចំនួន៣៧កញ្ចប់, ជញ្ជីងថ្លឹងគ្រឿងញៀន ចំនួន១គ្រឿង, អាវុធ២ដើម ម៉ាកCKC ១ដើម មានគ្រាប់១៦គ្រាប់ និងអាវុធកែច្នៃ១ដើម, ទូរសព្ទដៃ ចំនួន៤គ្រឿង, លុយខ្មែរ ចំនួន៣០ម៉ឺនរៀល, ដែកកេស៣ រួមនិងថង់ច្រកគ្រឿងញៀនមួយចំនួន។
បច្ចុប្បន្នជនសង្ស័យខាងលើ រួមនិងវត្ថុតាង ត្រូវបានមន្ត្រីជំនាញកងរាជអាវុធហត្ថធ្វើការសាកសួរនិងកសាងសំណុំរឿងបញ្ជូនខ្លួនទៅកាន់តុលាការចាត់ការតាមច្បាប់បន្តទៀត៕
មតិយោបល់