ព័ត៌មានជាតិ

ផ្ទះមន្ត្រីនគរបាលមួយខ្នង ត្រូវអគ្គិភ័យលេបត្របាក់ត្រឹមតែមួយរំពេច!

សៀមរាបៈ លោក វរសេនីយ៍ឯក សំ សុជាតិ ស្នងការរងទទួលបន្ទុកអគ្គិភ័យ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានប្រាប់Post Newsថា មានហេតុការណ៍ភ្ញាក់ផ្អើលមួយបានកើតឡើង ដោយមានអគ្គិភ័យបានឆាបឆេះផ្ទះមួយខ្នងយ៉ាងសន្ធោសន្ធៅ ផ្អើលដល់ប្រជាពលរដ្ឋនិងសមត្ថកិច្ចចុះមកអន្តរាគមន៍បាញ់ពន្លត់។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១១ថ្ងៃត្រង់ ទី៧ ខែសីហា ឆ្នាំ២០១៧ ស្ថិយនៅក្នុងក្រុមទី១ ភូមិមានជ័យ សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប។

សមត្ថកិច្ចបានឲ្យដឹងថា ម្ចាស់ផ្ទះកើតហេតុខាងលើនេះ មានឈ្មោះ ចាន់ សារ៉ា ( ហៅលន់) ភេទប្រុស អាយុ៤៩ឆ្នាំ មុខរបរនគរបាល។

ក្នុងនោះដែរសមត្ថកិច្ចបានបញ្ជាក់បន្ថែមថា អគ្គិភ័យនេះបានឆាបឆេះផ្ទះមួយខ្នង ដែលធ្វើអំពីឈើលើថ្មក្រោម មានទំហំ ៧ម៉ែត្រគុណនឹង៩ម៉ែត្រ ត្រូវអគ្គិភ័យលេបត្របាក់ទាំងស្រុង ,គ្រែឈើចំនួន៣ មានពួក, ទូរទស្សន៍១គ្រឿង និងខោអាវមួយចំនួន។

ចំណែកមូលហេតុ ត្រូវបានសមត្ថកិច្ចបញ្ជាក់ឲ្យដឹងថា បណ្តាលមកពីការទុស្សេចរន្តអគ្គិសនី ទើបបណ្តាលឲ្យមានការឆាបឆេះបែបនេះតែម្តង តែក៏សំណាងល្អដែរ ព្រោះគ្មាននរណាម្នាក់មានរបួសនៅក្នុងហេតុការណ៍ខាងលើនេះនោះទេ៕

មតិយោបល់