កំពង់ធំៈ កាលពីវេលាម៉ោង១៦និង០៦នាទីថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២០ មានករណីគ្រោះថ្នាក់ចរាចរណ៍ រថយន្តបើកបរក្នុងល្បឿនលឿន ហើយខ្វះការប្រុងប្រយ័ត្ន បានបុកស្រ្តីម្នាក់ដើរឆ្លងផ្លូវថ្នល់ បណ្តាលឲ្យស្លាប់ នៅលើកំណាត់ផ្លូវជាតិលេខ៦អា ចន្លោះគីឡូម៉ែត្រ 234-235 ស្ថិតក្នុងភូមិកំពង់វាំង ឃុំប្រឡាយ ស្រុកស្ទោង ខេត្តកំពង់ធំ ។
ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ មានរថយន្តមួយគ្រឿងម៉ាកហ្វត ពណ៌ទឹកក្រូច ពាក់ផ្លាកលេខព្រះវិហារ 2B-9999 បើកបរដោយជនមិនស្គាល់អត្តសញ្ញាណម្នាក់ ក្រោយកើតហេតុ បានចុះរត់គេចខ្លួនបាត់ស្រមោល ។ លុះមកដល់ចំណុចកើតហេតុ បានបុកស្រ្តីថ្មើរជើងម្នាក់ឈ្មោះ វិន សុខាន ភេទស្រី អាយុ៥១ឆ្នាំ នៅភូមិកំពង់វាំង ឃុំប្រឡាយ ស្រុកស្ទោង ខេត្តកំពង់ធំ បណ្តាលឲ្យស្លាប់នៅនឹងកន្លែងកើតហេតុតែម្តង ។
ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះពិនិត្យ ធ្វើការវាស់វែងយកវត្ថុតាងទៅរក្សាទុក នៅអធិការដ្ឋាននគរបាលស្រុកស្ទោង ដើម្បីអនុវត្តតាមនីតិវិធីផ្លូវច្បាប់ ។ សាកសពស្រ្តីរងគ្រោះ បានប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់