ព័ត៌មានជាតិ

និស្សិតឆ្នាំទី៣ម្នាក់នៃសកលវិទ្យាល័យ CUS ត្រូវសមត្ថកិច្ចចាប់វាយខ្នោះ

ភ្នំពេញ: បុរសជានិស្សិតឆ្នាំទី៣ម្នាក់ នៃសកលវិទ្យាល័យ CUS ត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍ទួលសង្កែ ធ្វើការចាប់ខ្លួន ក្រោយពីទទួលបានពាក្យបណ្តឹងពីនារីម្នាក់ ថាបុរសម្នាក់បានធ្វើសកម្មភាពចាប់រំលោភនាងបានសម្រេច។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ៨ព្រឹក ថ្ងៃទី៨ ខែកុម្ភ: ឆ្នាំ២០១៧ ស្ថិតនៅចំណុចផ្ទះជួល ផ្លូវបេតុង ភូមិទួលសង្កែ សង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យដែលចាប់ខ្លួនបានខាងលើនេះ មានឈ្មោះ ហែល ចិន ភេទប្រុស អាយុ ២៣ឆ្នាំ មុខរបរ និស្សិតឆ្នាំទី៣ នៃសាកលវិទ្យាល័យ CUS ស្នាក់នៅផ្ទះជួល ផ្លូវបេតុង ក្រុម១០ ភូមិទួលសង្កែ សង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ និងមានស្រុកកំណើតនៅភូមិប្រាសាទ ឃុំកំប៉េង ស្រុកគិរីវង់ ខេត្តតាកែវ។

ចំណែកនារីរងគ្រោះមានឈ្មោះ ឃៀង វឌ្ឍតី ហៅ ចេននី អាយុ ២២ឆ្នាំ មុខរបរ នៅផ្ទះ ស្នាក់នៅផ្ទះជួល ផ្លូវបេតុង ក្រុម៥ ភូមិក្បាលទំនប់ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ និងមានស្រុកកំណើតនៅភូមិក្បាលទំនប់ ឃុំបឹងទំពុន ខណ្ឌមានជ័យ។

ប្រភពព័ត៌មានពីសមត្ថកិច្ចបានឲ្យដឹងថា មុនពេលកើតហេតុ នៅថ្ងៃទី១ ខែកុម្ភ: ឆ្នាំ២០១៧ វេលាម៉ោងប្រហែល១០ព្រឹក ជនរងគ្រោះបានទូរសព្ទទៅមិត្តភក្តិស្រីម្នាក់ឈ្មោះ ចាប សុចិន្តា ដើម្បីទំនាក់ទំនងរកការងារធ្វើ ហើយមិត្តភ័ក្ត្រស្រីឈ្មោះ សុចិន្តា បានហៅជនរងគ្រោះមកជួប និងឲ្យស្នាក់នៅជាមួយខ្លួន ដើម្បីរង់ចាំរកការងារឲ្យធ្វើ ពេលនោះឈ្មោះ សុចិន្តា មិនបានឲ្យជនរងគ្រោះស្នាក់ នៅផ្ទះជាមួយទេ ពីព្រោះឪពុកម្តាយឈ្មោះ សុចិន្តា មិនពេញចិត្តឲ្យអ្នកផ្សេងចូលមកនៅជាមួយទេ។ ក្រោយមកឈ្មោះ សុ ចិន្តា ក៏បាននាំជនរងគ្រោះឲ្យទៅស្នាក់នៅបន្ទប់ជួលមិត្តភក្តិរបស់គាត់ម្នាក់ទៀត ដែលស្គាល់គ្នាតាមរយ:និស្សិតដូចគ្នាឈ្មោះ ហែល ចិន មុខរបរ ជាសន្តិសុខក្រុមហ៊ុនយាមពេលយប់ ទើបឈ្មោះ សុចិន្តា បានសុំបន្ទប់ជួលរបស់ឈ្មោះ ហែល ចិន ឲ្យទៅជនរងគ្រោះ ដើម្បីស្នាក់នៅពេលយប់ៗ ដោយសុំស្នាក់នៅរយ:ពេល ២ទៅ៣ថ្ងៃ ហើយនាងក៏បានស្នាក់នៅទីនោះជាមួយឈ្មោះ មករា ភេទប្រុស និងគូដណ្តឹងរបស់គាត់ម្នាក់ទៀតមិនស្គាល់ឈ្មោះ។

លុះមកដល់ថ្ងៃទី៣ ខែកុម្ភ: ឆ្នាំ២០១៧ វេលាម៉ោងប្រហែល ៧និង៣០នាទីព្រឹក ឈ្មោះ មករា និងគូដណ្តឹងរបស់គាត់បានចាកចេញពីបន្ទប់របស់ឈ្មោះ ចិន ដែលស្នាក់នៅជាមួយជនរងគ្រោះ គឺនៅសល់តែជនរងគ្រោះតែម្នាក់ឯងនៅក្នុងបន្ទប់កំពុងតែមើលសៀវភៅ ហើយទ្វារបន្ទប់បើកចំហររហូត លុះដល់វេលាម៉ោងប្រហែល ៦និង៣០នាទីយប់ ថ្ងៃខែឆ្នាំដដែរ ទើបឃើញជនសង្ស័យឈ្មោះ ចិន ជាម្ចាស់បន្ទប់ត្រឡប់មកពីរៀនវិញ បានដើរចូលក្នុងបន្ទប់ហើយក៏ហូបបាយរួច ជនរងគ្រោះក៏បានទៅជួយលាងចាយបាយឲ្យគាត់រួច ហើយក៏បានមកអង្គុយមើលសៀវភៅវិញ។ ស្រាប់តែពេលនោះ ជនសង្ស័យឈ្មោះ ចិន បានដើរទៅបិទទ្វារបន្ទប់ដាក់គន្លឹះ ហើយជនសង្ស័យបានមកចាប់ផ្តួលជនរងគ្រោះទៅលើឥដ្ឋ រួចក៏បានលឡើងមកអង្គុយពីលើជនរងគ្រោះ ហើយថែមទាំងទះកំផ្លៀងដល់ចុងដង្ហើមខ្ចប់មាត់ ច្របាច់ករួចឈ្មោះ ចិន បានស្រាតខោជាស្រេច ហើយក៏បានចាប់សម្រូតខោជនរងគ្រោះចេញទាំងអស់ រួចជនសង្ស័យបានក៏ធ្វើសកម្មភាពរំលោភជនរងគ្រោះបានសម្រេចតែម្តង។

ក្រោយមក ជនរងគ្រោះបានរត់ទៅប្រាប់ក្រុមគ្រួសារឲ្យបានដឹង ហើយក្រុមគ្រួសាររងគ្រោះបានមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលទួលសង្កែ ដើម្បីឲ្យសមត្ថកិច្ចជួយអន្តរាគមន៍។នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានប្រព្រឹត្តដូចការចោទប្រកាន់របស់នារីរងគ្រោះខាងលើពិតប្រាកដមែន។

បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ចធ្វើការសាកសួរ បញ្ជូនខ្លួនមកកាន់អធិការដ្ឋាននគរបាលខណ្ឌឬស្សីកែវ ដើម្បីឃាត់ខ្លួនបណ្តោះអាសន្ន និងកសាងសំណុំបញ្ជូនខ្លួនទៅកាន់តុលាការចាត់ការតាមផ្លូវច្បាប់៕

មតិយោបល់