ព័ត៌មានជាតិ

ល្បិចឡូយមែន! លួចដូរលុយក្លែងក្លាយ៨០០ដុល្លារដាក់ឲ្យភ្ញៀវ ជាប់ខ្នោះបានសម្រេច

ភ្នំពេញៈ ស្រ្តីម្នាក់ជានារីម៉ាស្សា ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ក្រោយពីទទួលបានពាក្យបណ្ដឹងជនរងគ្រោះ បន្ទាប់ពីធ្វើសកម្មភាពយកប្រាក់ដុល្លារក្លែងក្លាយ៨០០ដុល្លារ មកប្តូរយកប្រាក់ដុល្លារពិតនៅក្នុងកាបូបលុយជនរងគ្រោះ។

ហេតុការណ៍កើតឡើងនៅវេលាម៉ោង ៤រសៀល ថ្ងៃទី៧ ខែសីហា ឆ្នាំ២០១៧ ស្ថិតនៅហាងម៉ាស្សាកោសជប់ ផ្ទះលេខ១៤៩ ផ្លូវ១៥ សង្កាត់ទឹកល្អក់ទី២ ខណ្ឌទួលគោក។

ជនសង្ស័យមានឈ្មោះ ឆេង លាង ហៅមីមី អាយុ៤១ឆ្នាំ ជនជាតិវៀតណាម មុខរបរ បើកហាងម៉ាស្សា ស្នាក់នៅកន្លែងកើតហេតុខាងលើ ។ ចំណែក ជនរងគ្រោះឈ្មោះ ហេង វ៉ាន អាយុ៣២ឆ្នាំ ភេទប្រុស មុខរបរ បុគ្គលិកក្រុមហ៊ុនបោះពុម្ភDKA ស្នាក់នៅផ្ទះជួល សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ។

តាមប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះមានអាការៈមិនស្រួលខ្លួន ភ្លាមនោះក៏បានចូលម៉ាស្សាកោសជប់ខាងលើ ដោយបានទុកកាបូបលុយនៅចុងជើងក្បែរបង្អួចពេលនោះ ស្រ្តីជនសង្ស័យបានធ្វើសកម្មភាពបន្លំយកលុយជនរងគ្រោះចំនួន៨០០ដុល្លារ ដោយទុកលុយដុល្លារក្លែងក្លាយក្រដាស១០០ដុល្លារចំនួន៨សន្លឹកដាក់ក្នុងកាបូបវិញ។

បន្ទាប់ពីជនរងគ្រោះឲ្យជនសង្ស័យម៉ាស្សារួចរាល់ហើយ ជនរងគ្រោះក៏បានជិះម៉ូតូទៅបាត់មួយសន្ទះទើបដឹងថាបាត់លុយ ទើបជនរងគ្រោះមកដាក់ពាក្យបណ្ដឹងនៅនគរបាលប៉ុស្តិ៍ទឹកល្អក់ទី២ ចុះទៅឃាត់ខ្លួនបានម្នាក់ ចំណែកបក្ខពួករត់គេចខ្លួនបាត់តែម្ដង។

បច្ចប្បន្នជនសង្ស័យ កំពុងឃាត់ខ្លួនបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីសាកសួរនិងចាត់ការតាមនិតីវិធីច្បាប់៕

មតិយោបល់