ភ្នំពេញៈ ប្រទេសកម្ពុជានិងចិនមានជំហរប្តេជ្ញាចិត្ត ក្នុងការជម្រុញឲ្យមានទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរឲ្យមានកំណើនឡើងដល់៥ពាន់លានដុល្លារនៅក្នុងឆ្នាំ២០១៧។
យោងតាមគេហទំព័ររបស់សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានៅព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៦នេះ បានឲ្យដឹងថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឲ្យ លោក ហូ ហៅវ៉ា (Ho Hou Wah ) អតីតប្រធាននៃរដ្ឋបាលពិសេសទីក្រុងម៉ាកាវ និងជាអនុសភានយោបាយចិនចូលជួបសំដែងការគួរសម និងពិភាក្សាការងារនៅវិមានរដ្ឋសភា រាជធានីភ្នំពេញ។
លោក Ho Hou Wah បានគោរពជម្រាបជូនសម្ដេចតេជោអំពីវត្តមានរបស់លោក និងគណៈប្រតិភូមកកាន់កម្ពុជានពេលនេះ គឺដើម្បីចូលជួបសម្ដែងការគួរជាមួយសម្ដេចតេជោ ដែលឆ្លើយតបនឹងដំណើរទស្សនកិច្ចរបស់សម្ដេច ទៅកាន់ទីក្រុងម៉ាកាវកាលពីខែតុលា ឆ្នាំ២០១៥កន្លងទៅនេះ និងម្យ៉ាងទៀតគឺមកចូលរួមសិក្ខាសាលានិងស្វែងយល់ពីសក្តានុពលវិនិយោគនៅកម្ពុជាជាមួយសហគ្រិនវ័យក្មេងជាង១០០នាក់ពីម៉ាកាវតបតាមការអំពាវនាវរបស់សម្ដេចតេជោ។ ទន្ទឹមនឹងនេះ គឺដើម្បីពង្រឹងទំនាក់ទំនងសហប្រតិបត្តិការរវាកម្ពុជា និងទីក្រុងម៉ាកាវឲ្យកាន់តែប្រសើរឡើង។
សម្ដេចតេជោ ហ៊ុន សែន បានស្វាគមន៍ចំពោះដំណើរទស្សនកិច្ចរបស់លោក Ho Hou wah និងគណៈប្រតិភូ ហើយសម្តេចបានជំរុញឲ្យអ្នកវិនិយោគម៉ាកាវ មកស្វែងយល់អំពីឱកាសវិនិយោគនៅកម្ពុជា ព្រោះប្រទេសយើងមានសក្ដានុពលច្រើនក្នុងនោះដូចជា ទេសចរណ៍ និង កសិកម្មជាដើម។ ជាជំហរគឺកម្ពុជា-ចិនបានប្តេជ្ញាជំរុញទំហំពាណិជ្ជកម្មរវងាប្រទេសទាំងពីរឲ្យឡើងដល់ ៥ ពាន់លាន ដុល្លារនៅឆ្នាំ ២០១៧។
ចំពោះម៉ាកាវគឺយើងនឹងសហការដាច់ដោយឡែកជាមួយគ្នាលើកិច្ចសហការ វិនិយោគ និងពាណិជ្ជកម្ម។ សម្តេចតេ ក៏បានជំរុញឲ្យមានជើងហោះហើរត្រង់ពីម៉ាកាវមកកាន់កម្ពុជាឲ្យបានកាន់តែច្រើនផងដែរ ហើយជាពិសេសសម្តេចតេជោ បានស្នើឲ្យម៉ាកាវទិញកសិផលពីកម្ពុជា ជាពិសេសអង្ករ ហើយយកប្រទេសកម្ពុជាធ្វើជាកន្លែងឃ្លាំងកែឆ្នៃរក្សាទុកអង្ករសម្រាប់នាំចេញទៅកាន់ទីផ្សារអន្តរជាតិនិងទៅប្រទេសមួយចំនួនដែលទទួលជំនួយស្បៀងពីមិត្តចិន។
លោក Ho Hou Wah ពេញចិត្តយ៉ាងខ្លាំងចំពោះការលើកឡើងរបស់សម្តេចតេជោ លោកនឹងយកទៅពិភាក្សានៅម៉ាកាវ។ បច្ចុប្បន្ននេះចិនបានក្លាយជាប្រទេសទីមួយ ដែលមានការវិនិយោគធំជាងគេ ផ្តល់ជំនួយធំជាងគេ និងមានទេសចរណ៌ចិនច្រើនជាងគេ។ ឆ្លៀតក្នុងឱកាសនោះ សម្តេចតេជោ ហ៊ុន សែន បានអញ្ជើញ លោក Ho Hou Wah ចូលរួមនៅក្នុងវេទិការសេដ្ឋកិច្ចពិភពលោក ដែលនឹងធ្វើនៅកម្ពុជាឆ្នាំក្រោយនេះ៕
មតិយោបល់