ព័ត៌មានជាតិ

គួរឲ្យសង្វេគ ជនពិការដៃម្ខាង និងកូនស្រីតូចម្នាក់របួសធ្ងន់ ខណៈប្រពន្ធស្លាប់ ដោយសាររថយន្តធុនធំបុក

កំពង់ចាម: ជារឿងដែលគួរឲ្យសង្វេគ ខណ:បុរសដែលជាជនពិការដៃម្នាក់ រួមជាមួយនិងកូនស្រីតូចម្នាក់ត្រូវរងរបួសធ្ងន់ ចំណែកឯស្ត្រីជាប្រពន្ធត្រូវស្លាប់បាត់បង់ជីវិតនៅកន្លែងកើតហេតុ បន្ទាប់ពីក្រុមគ្រួសារជនរងគ្រោះ ជិះម៉ូតូមកពីលេងផ្ទះម្ដាយ ហើយត្រូវរថយន្តធុនធ្ងន់១គ្រឿងបុកពេញទំហឹង ដែលហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១និង៤០នាទីរសៀល ថ្ងៃទី២៩ ឧសភា ២០១៦ នៅលើកំណាត់ផ្លូវជាតិលេខ៧ ស្ថិតក្នុងភូមិអំពិលធំ ឃុំខ្វិតធំ ស្រុកពៃឈរ ខេត្តកំពង់ចាម។

មន្ត្រីនគរបាលចរាចរណ៍បានឲ្យដឹងថា ក្រុមគ្រួសារជនរងគ្រោះបានជិះម៉ូតូ១គ្រឿង មកពីលេងផ្ទះម្ដាយនៅឯស្គន់ស្រុកជើងព្រៃ ហើយត្រឡប់ទៅផ្ទះរបស់ខ្លួនវិញនៅឃុំត្រពាំងព្រះ ស្រុកពៃឈរ ទិសដៅពីលិចទៅកើត ខណ:មកដល់ត្រង់ចំណុចកើតហេតុ ក៏ត្រូវរថយន្តប្រភេទយីឌុប១គ្រឿងពាក់ស្លាកលេខ កំពង់ចាម3A-4069 បើកបរដោយបុរសម្នាក់ក្នុងទិសដៅស្របគ្នា ហើយបានជ្រុលទៅបុកម៉ូតូជនរងគ្រោះ បណ្ដាលឲ្យស្លាប់បាត់បង់ជីវិតម្នាក់ និងរបួសធ្ងន់២នាក់តែម្ដង។

ក្រោយពីកើតហេតុ សមត្ថកិច្ចបានបញ្ជូនអ្នករងរបួសធ្ងន់ទៅកាន់មន្ទីរពេទ្យ និងប្រគល់សាកសពជនរងគ្រោះ ឲ្យសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី ចំណែកអ្នកបើកបររថយន្តដែលមានឈ្មោះ អាន សាលីន ភេទប្រុស អាយុ២១ឆ្នាំ មានទីលំនៅភូមិឃុំបុសខ្នុរ ស្រុកចម្ការលើ ខេត្តកំពង់ចាម ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ដើម្បីកសាងសំណុំរឿងតាមនិតិវិធីច្បាប់៕

photo_2016-05-30_19-37-44

photo_2016-05-30_19-37-48

photo_2016-05-30_19-38-03

photo_2016-05-30_19-38-07

photo_2016-05-30_19-38-12

photo_2016-05-30_19-38-32

yyyy

មតិយោបល់