ភ្នំពេញៈ បុរសជាកម្មករសំណង់ម្នាក់បានអូសរទេះឆ្លងកាត់ខាងក្រោមការដ្ឋានសំណង់ស្រាប់តែធ្លាក់ផ្ទាំងថ្ម(អូវ៉ង់)ចុះមកសង្កត់បណ្តាលឲ្យស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៣រសៀល ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៨ នៅការដ្ឋានមួយកន្លែងភូមិរងៀង សង្កាត់ភ្លើងឆេះរទេះ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ជនរងគ្រោះឈ្មោះផន ចាយ ភេទប្រុស អាយុ៤០ឆ្នាំ មុខរបកម្មករសំណង់ មានប្រពន្ធ កូន៣នាក់ ស្រី២នាក់ ស្នាក់នៅកន្លែងកើតហេតុ មានស្រុកកំណើតនៅភូមិស្រះព្រីង ឃុំបាធាយ ស្រុកបាធាយ ខេត្តកំពង់ចាម។
តាមសាក្សីបានឲ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះបានអូសរទេះបំណងទៅយកឥដ្ឋ ខណៈដែលធ្វើដំណើរឆ្លងកាត់ខាងក្រោមការដ្ឋានសំណង់ ស្រាប់តែមានផ្ទាំងថ្មដែលគេហៅថា ផ្ទាំងអូវ៉ង់ បានធ្លាក់មកសង្កត់បណ្តាលឲ្យជនរងគ្រោះស្លាប់ភ្លាមៗនៅកន្លែងកើតហេតុតែម្តង។
ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ចំណុចកើតហេតុនិងពិនិត្យជាក់ស្តែករួចប្រគល់ទៅក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីនៅស្រុកកំណើត៕
https://www.youtube.com/watch?v=qT9gC4tpwgk
មតិយោបល់