ភ្នំពេញៈ កាលពីរសៀលថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៦ លោក ជួន សុរាសី ប្រធានក្រុមប្រឹក្សាជំនុំជម្រះនៃសាលាដំបូងរាជធានីភ្នំពេញ បានលើកយកសំណុំរឿង លួចមានស្ថានទម្ងន់ទោស មកធ្វើការបើកសវនាការលើអង្គសេចក្តីសាកសួរដេញដោយមានជនជាប់ចោទចំនួន ៥នាក់។
ជនជាប់ចោទត្រូវបានលោក ចែ សុង តំណាងអយ្យការចោទប្រកានលពីបទ លួចមានស្ថានទម្ងន់ទោស (ប្លន់ម៉ូតូ ម៉ាកMSX) បទកាន់កាប់អាវុធខុសច្បាប់ និងទទួលផលចោរកម្ម ប្រព្រឹត្តកាលពីយប់ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៥ នៅតាមបណ្តោយផ្លូវដួងងៀប បទល្មើសដែលមានចែងឱ្យផ្តន្ទាទោសតាមមាត្រា៣៥៣ មាត្រា៣៥៧ មាត្រា៣៩៩ មាត្រា៤០០ និងមាត្រា៤៩០ នៃក្រមព្រហ្មទណ្ឌ។
ជនជាប់ចោទទាំង ៥នាក់រួមមាន-ទី១ ឈ្មោះ ឌឿន ពិសិដ្ឋ ហៅ ហៀរ ភេទប្រុស អាយុ ១៨ឆ្នាំ ជាប់ចោទពីបទ លួចមានស្ថានទម្ងន់ទោស និងធ្លាប់ត្រូវបានតុលាការផ្តន្ទាទោសដាក់ពន្ធនាគារ១២ឆ្នាំរួចម្តហើយពាក់ព័ន្ធសំណុំរឿង លួចមានស្ថានទម្ន់ទោស ប្លន់ម៉ូតូ ២លើក និងកំពុងអនុវត្តទោសនៅព្រៃស។ នៅក្នុងសវនាការជនជាប់ចោទរូបនេះបានសារភាពថា ខ្លួនធ្លាប់បានធ្វើសកម្មភាពប្លន់ម៉ូតូចំនួន ២លើក ដោយលើកទី១ប្លន់នៅម្តុំសង្កាត់បឹងសាឡាង និងលើកទី២ប្លន់នៅម្តុំសង្កាត់ទួលស្វាយព្រៃ។ ជនជាប់ចោទបានបដិសេធថា ខ្លួនមិនបានប្លន់ម៉ូតូម៉ាក MSX លើកទី៣ នៅម្តុំផ្លូវដួងងៀបកាលពីយប់ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៥ និងយកម៉ូតូទៅលក់នៅខេត្តកំពង់ស្ពឺនោះទេ។
ទី២ ឈ្មោះ ទិន សុផា ហៅពយ ភេទប្រុស អាយុ ១៨ឆ្នាំ ជាប់ចោទពីបទ លួចមានស្ថានទម្ងន់ទោស និងធ្លាប់ត្រូវបានតុលាការផ្តន្ទាទោសដាក់ពន្ធនាគារ១២ឆ្នាំរួចមកហើយពាក់ព័ន្ធសំណុំរឿង លួចមានស្ថានទម្ន់ទោស ប្លន់ម៉ូតូ ២លើក និងកំពុងអនុវត្តទោសនៅព្រៃស។ នៅក្នុងសវនាការជនជាប់ចោទ ឆ្លើយថាខ្លួនជាមិត្តភក្តិឈ្មោះ ឌឿន ពិសិដ្ឋ ហើយរាល់ពេលធ្វើសកម្មភាពគឺខ្លួនបានសហការគ្នាប្លន់រាល់លើក។ ជនជាប់ចោទបានបន្តថា ក្រោយប្លន់ម៉ូតូ ខ្លួន និងបក្ខពួកយកទៅលក់នៅម្តុំព្រែកលៀប។ ទី៣ ឈ្មោះ ឃុន សុខឈី ហៅវីត ភេទប្រុស អាយុ ១៨ឆ្នាំ។ ជនជាប់ចោទសារភាពថា ខ្លួនធ្លាប់បានធ្វើសកម្មភាពឆក់កាបូបមែន ប៉ុន្តែខ្លួនមិនដែលបានប្លន់ទេ។
ទី៤ ឈ្មោះ ឈុំ សូនី ភេទប្រុស អាយុ ៤១ឆ្នាំ មុខរបរ គ្រូពេទ្យ រស់នៅខេត្តកំពង់ស្ពឺ ជាប់ចោទពីបទ ទទួលផលចោរកម្ម ត្រូវបាន តុលាការសម្រេចផ្តន្ទាទោស ដាក់ពន្ធនាគារ ៣ឆ្នាំ អនុវត្តទោស ៨ខែម្តងរួចមកហើយ ពាក់ព័ន្ធសំណុំទទួលផលចោរកម្ម និងទី៥ ឈ្មោះ ឡា តូច ភេទប្រុស អាយុ ២១ឆ្នាំ រត់គេចខ្លួន។
គួររំឮកថា ជនជាប់ចោទចំនួន ៤នាក់ ក្នុងចំណោម៥នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនកាលពីអំឡុងដើមខែកក្កដា និងចុងខែកញ្ញា ឆ្នាំ២០១៥ កន្លងទៅ ក្រោយពេលដែលពួកគេធ្វើសកម្មភាពប្លន់ម៉ូតូម៉ាក MSX នៅម្តុំផ្លូវដួងងៀប សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។
ទោះជាយ៉ាងណា សំណុំរឿងនេះត្រូវបានលោក ជួន សុរាសី ប្រធានក្រុមប្រឹក្សាចៅក្រមជំនុំជម្រះ បានលើកពេលប្រកាសសាលក្រមទៅព្រឹកថ្ងៃទី១៧ មិថុនា ២០១៦ ខាងមុខនេះ៕
មតិយោបល់