សៀមរាបៈ កាលពីថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៨ វេលាម៉ោង៣និង៣៥នាទីរសៀល នគរបាលប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់នគរធំ បានទទួលពាក្យបណ្តឹងពីជនរងគ្រោះឈ្មោះ ល.ណ.រ.ម ភេទស្រី អាយុ៣៧ឆ្នាំ មុខរបរលក់ដូរ ជនជាតិខ្មែរឥស្លាម មានទីលំនៅបច្ចុប្បន្ននៅភូមិអញ្ចាញ សង្កាត់នគរធំ ក្រុងសៀមរាប ខេត្តសៀមរាប ដោយបានមកប្តឹងរាយការណ៍ជូនសមត្ថកិច្ចយើងថា ខណៈពេលដែលគាត់មិននៅផ្ទះ មានជនសង្ស័យមិនស្គាល់មុខ និងមិនដឹងចំនួនបានធ្វើសកម្មភាពគាស់ទ្វារផ្ទះរបស់គាត់ចូលទៅក្នុងផ្ទះលួចយកសម្ភារៈមួយចំនួនដូចជា៖
-សន្លឹកទ្វារធ្វើអំពីឈើធ្នង់ចំនួន១០សន្លឹក មានទំហំ ៩៤ ស.មx២១០ ស.ម
-ក្តាងឿរប្រភេទឈើធ្នង់ និងកកោះទំហំ៦០ ស.មx២ម៉ ចំនួន០៥សន្លឹក
-ឈើជ្រុងប្រភេទឈើធ្នង់មុខ ៣០ស.ម និង ៤០ស.ម ប្រវ៉ែង១,២០ម៉ែត្រចំនួន៤០ដុំ
– សាឡុងប្រភេទឈើបេងមួយឈុត, តុបាយប្រភេទឈើបេងចំនួន០២
-វ៉ាលីសម្រាប់ដាក់ខោអាវ ពណ៌ខៀវចំនួន០១
-ស៊ីមកាតទូរសព្ទចំនួន៥០០ស៊ីម
-គ្រឿងអេឡិចត្រូនិចមួយចំនួនទៀត ។
បន្ទាប់ពីទទួលសេចក្តីរាយការណ៍ និងពាក្យបណ្តឹងរបស់ជនរងគ្រោះ កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលសង្កាត់នគរធំ ដឹកនាំដោយលោកអនុសេនីយ៍ឯក យ៉ុម យ៉ាត ក្រោមការចង្អុលបង្ហាញពី លោកវរសេនីយ៍ឯកទេព ចាន់ណា អធិការ នៃអធិការដ្ឋាននគរបាលក្រុងសៀមរាប និងលោកអធិការរងទទួលបន្ទុកផ្នែកនគរបាល យុត្តិធម៌ បានបើកការស៊ើបអង្កេត លុះមកដល់ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៨ វេលាម៉ោង៩ ព្រឹក កម្លាំងនគរបាល យើងបានប្រទះឃើញ ជនសង្ស័យម្នាក់បានជិះម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីមសេ១២៥ ស៊េរីឆ្នាំ២០១៧ ពណ៌ខ្មៅ គ្មានស្លាកលេខ បានមកឈប់ម៉ូតូក្បែរកើតហេតុខាងលើម្តងទៀត ដោយមានការសង្ស័យកម្លាំងនគរបាលបាលប៉ុស្តិ៍រដ្ឋបាលសង្កាត់នគរធំ ដោយមានការសហការពីបងប្អូនប្រជាការពារភូមិ ឃាត់ខ្លួន នាំមកធ្វើការសាកសួរ។
លោកវរសេនីយ៍ត្រី នួន សក្តិចំរើនរិទ្ធ អធិការរងទទួលបន្ទុកផ្នែកនគរបាលយុត្តិធម៌ បានឲ្យដឹងថាជនសង្ស័យឈ្មោះ សាំង ឡុង ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរជាងឈើ បច្ចុប្បន្នស្នាក់នៅបន្ទប់ជួលនៅក្រុមទី០៦ ភូមិខ្នារ សង្កាត់ជ្រាវក្រុង-ខេត្តសៀមរាប។
ហើយក្រោមការសាកសួរតាមនីតិវិធីជំនាញជាច្រើនម៉ោង ជនសង្ស័យក៏បានឆ្លើយសារភាពថាខ្លួន ពិតជាបានធ្វើ សកម្មភាពលួចយកសម្ភារៈរបស់ជនរងគ្រោះខាងលើពិត ប្រាកដមែនដោយគាស់ទ្វារផ្ទះចូលទៅប្រមូលយកគ្រឿងឈើមានតម្លៃជាច្រើនលើករួចមកហើយ ខណៈម្ចាស់ផ្ទះកើតហេតុនេះមិននៅ ។
ក្រោយស្តាប់ចម្លើយសារភាពរបស់ជនសង្ស័យ កម្លាំងយើងបានបន្តនិតិវិធី ធ្វើការដកហូត វត្ថុតាង ដែលជនសង្ស័យលាក់ទុកនៅក្នុងបន្ទប់ជួល បានមួយចំនួនដូចជា៖
-សន្លឹកទ្វារឈើប្រភេទឈើធ្នង់ចំនួន០៣សន្លឹក
-ក្តាងឿរប្រភេទឈើកកោះចំនួន០២សន្លឹក
– វ៉ាលីសម្រាប់ដាក់ខោអាវពណ៌ខៀវ ចំនួនមួយ
– ស៊ីមកាតទូរសព្ទប្រព័ន្ធ០៩៧ ចំនួន០២ដុំ សរុប៥០០ស៊ីម
-ឧបករណ៍សម្រាប់ច្នៃជក់គ្រឿងញឿនមួយចំនួន។
-តុបាយ ប្រភេទឈើបេង ចំនួន០២ មានរាងមូល១ ពងក្រពើ១
-សន្លឹកទ្វារប្រភេទឈើធ្នង់ ចំនួន០១សន្លឹក
-ឈើមានដុះពកចំនួន១
-ឈើតាប់ប្រភេទ ឈើបេងចំនួន០១សន្លឹក
-ជនសង្ស័យនិងវត្ថុតាងកំលាំងសមត្ថកិច្ចបានបញ្ចូនទៅតុលាការឃុំខ្លួនរួចហើយនៅថ្ងៃទី១៥.០៩.២០១៨ ក្រោមបទចោទប្រកាន់អំពើលួចមានស្ថានទម្ងន់ទោស៕
មតិយោបល់