(ខេត្តរតន:គិរី)៖ លោក ឧត្តមសេនីយ៍ឯក នាក់ យុទ្ធា អគ្គលេខាធិការរងនៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានថ្លែងថា បញ្ហាគ្រឿងញៀនមិនមានស្ថានភាពថមថយទេ គឺមានកើនឡើង និងរីករាលដាល ដែលតំរូវឲ្យយើងទាំងអស់គ្នាត្រូវបន្តសហការគ្នាជាពហុវិស័យបង្ការ ទប់ស្កាត់ ដោះស្រាយបញ្ហាគ្រឿងញៀនដើម្បីធានាបាននូវសុវត្ថិភាព សណ្តាប់ធ្នាប់ សន្តិសុខ និងការអភិវឌ្ឍន៏សង្គម។
ការថ្លែងដោយមន្រ្តីជាន់ខ្ពស់បែបនេះ គ្រាដែលអាជា្ញធរ និងមន្រ្តីមានសមត្ថកិច្ចពាក់ព័ន្ធ នៅព្រឹកថ្ងៃទី០៧ ខែមេសា ឆ្នាំ២០១៦ ក្នុងសាលប្រជុំសាលាខេត្ត បានបើកកិច្ចប្រជុំរួមមួយបន្ទាប់ពីទទួលបានបទបញ្ជាលេខ០១បប របស់រាជរដ្ឋាភិបាលស្តីពីការពង្រឹងវិធានការប្រយុទ្ធប្រឆាំងគ្រឿងញៀន ក្នុងនោះ មានវត្តមាន លោក ឧត្តមសេនីយ៍ឯក នាក់ យុទ្ធា អគ្គលេខាធិការរងនៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងលោក ថង សាវុន អភិបាលខេត្ត ព្រមទាំង ប្រធានគណកម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្តរតនគិរី និងតំណាងតុលាការ ព្រះរាជអាជ្ញា នគរបាល ចូលរួមផងដែរ។
ក្នុងឱកាសនោះដែរ លោក ឧត្តមសេនីយ៍ឯក បានថ្លែងកោតសសើរដល់ស្នាដៃទាំងឡាយដែលខេត្តបានធ្វើកន្លងមកនិងបានធ្វើការលើកណែនាំ មានឲ្យបង្កើនការអប់រំផ្សព្វផ្សាយតាមរយ:ការធ្វើវេទិកាសាធារណ: តុលាការពិនិត្យទៅលើការដាក់ទោសទណ្ឌលើពួកគ្រឿងញៀនដោយមិនមានការបន្ធូរបន្ថយទោសតាមរយះបុណ្យជាតិធំៗ ការបញ្ជូនអ្នកញៀនគ្រឿងញៀនឲ្យទៅទទួលយកសេវាព្យាបាលនៅតាមមន្ទីរពេទ្យបង្អែក និងមណ្ឌលសុខភាព ពន្ធនាគារត្រូវញែកឲ្យដាច់អ្នកទោសគ្រឿងញៀនឲ្យនៅដាច់ពីគេ ពង្រឹងកិច្ចសហការជាអន្តរជាតិក្នុងការទប់ស្កាត់បទល្មើសឆ្លងកាត់ព្រំដែន។ ល។ ជាមួយគ្នានោះយើងត្រូវតែអនុវត្តន៍ឲ្យបាននូវ ១.ពង្រឹងយន្តការត្រួតពិនិត្យគ្រឿងញៀនតាំងពីថ្នាក់ខេត្ត ស្រុក ឃុំសង្កាត់ ២.ឲ្យបង្កើតនូវអនុគណកម្មាធិការដើម្បីដោះស្រាយមាន អនុគណកម្មការអប់រំផ្សព្វផ្សាយ អនុគណកម្មការអនុវត្តច្បាប់ និងអនុគណកម្មការព្យាបាលស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀន ៣.ពង្រឹងយន្តការនិងប្រសិទ្ធភាពការងារការិយាល័យទំនាក់ទំនងព្រំដែន BLO ដើម្បីប្រយុទ្ធប្រឆាំងគ្រឿងញៀនឆ្លងកាត់ព្រំដែន ៤.រៀបចំផែនការនិងហិរញ្ញវត្ថុសម្រាប់ប្រយុទ្ធប្រឆាំងគ្រឿងញៀន៕
មតិយោបល់