បន្ទាយមានជ័យៈ យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា នៅថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២២ វេលាម៉ោង២ និង២៥នាទីរសៀល មានករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើង បណ្តាលឲ្យស្រ្តីម្នាក់ស្លាប់ និងមនុស្សប្រុសស្រី ៦នាក់ រងរបួសធ្ងន់ ស្ថិតនៅលើកំណាត់ផ្លូវអាស៊ាន ចំណុចផ្លូវចូលភូមិកណ្តោល សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ្ឌ ខេត្តបន្ទាយមានជ័យ ។
លោកវរសេនីយ៍ទោ សួន នីប៉ូ នាយរងការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក ខេត្តបន្ទាយមានជ័យ បានឲ្យដឹងថា ស្ត្រីដែលស្លាប់បាត់បង់ជីវិតឈ្មោះ កាំង លីឃីម ភេទស្រី អាយុ៣៧ឆ្នាំ រស់នៅភូមិបាលិលេយ្យ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ និងអ្នករួមដំណើរនៅភូមិជាមួយគ្នារបួសធ្ងន់ស្រាល ០៦នាក់ ក្នុងនោះអ្នកបើកបរជាប្តីរបួសស្រាល ។
លោកនាយរងការិយាល័យ បានបញ្ជាក់ថា នៅមុនពេលកើតហេតុ មានរថយន្តមួយគ្រឿងម៉ាក ហាយឡិនដឺ ពណ៌ឈាមជ្រូក ពាក់ស្លាក លេខ 2AI-5815 ភ្នំពេញ បើកបរដោយឈ្មោះ ឈៀង សុភារ៉ាត់ ភេទប្រុស អាយុ 47 ឆ្នាំ (ជាប្តី) និងប្រពន្ធរួមដំណើរឈ្មោះ កាំង លីឃីម (ស្លាប់) បានធ្វើដំណើរមកពីសែនឆេងម៉េង នៅខេត្តបាត់ដំបង ធ្វើដំណើរទិសដៅពីកើតទៅលិច ក្នុងល្បឿនលឿន មកដល់ចំណុចកើតហេតុ ជាចំណុចផ្លូវកោងបានជ្រុលទៅបុកស្លាកសញ្ញាបង្គោលចែកទ្រូងផ្លូវ បណ្តាលឲ្យរថយន្តរ៉េចង្កូតមកស្តាំដៃក្រឡាប់តែម្តង គាបស្ត្រីជាប្រពន្ធជាប់នឹងរថយន្តស្លាប់ ចំណែកអ្នករួមដំណើរប្រុស ស្រី០៦នាក់ទៀត របួសធ្ងន់០៤នាក់ និងស្រាល០២នាក់ ក្នុងនោះអ្នកបើកបរ០១នាក់ ។
លោកវរសេនីយ៍ទោ សួន នីប៉ូ បានបញ្ជាក់ថា មូលហេតុបង្កឲ្យគ្រោះថ្នាក់នេះ អ្នកបើកបរមានល្បឿនលឿនខ្វះការប្រុងប្រយ័ត្នចំណុចផ្លូវកោង សង្ស័យងងុយដេក និងស្រវឹង ៕
មតិយោបល់