ភ្នំពេញ៖ កាលពីព្រឹក ថ្ងៃទី៧ ខែមេសា ឆ្នាំ២០១៦ លោកស្រី អ៊ួង សុវណ្ណរិន ប៉ាសុជាតិវង្ស ប្រធានកិត្តិយសគណៈកម្មាធិការសមាគម សាខាកាកបាទក្រហមកម្ពុជា រាជធានីភ្នំពេញ រួមជាមួយអាជ្ញាធរខណ្ឌដង្កោ និងក្រុមការងារចុះជួយខណ្ឌ បានរៀបចំពិធីអបអរសាទរក្នុងពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ និងស្រោចស្រពសុគន្ធវារី ជូនចំពោះលោកយាយលោកតាចំនួន ១០០នាក់ ដើម្បីសិរីសួស្ដីសង្ក្រាន្ដឆ្នាំថ្មី ព.ស២៥៦០ គ.ស២០១៦ ដែលពិធីនេះ បានធ្វើឡើងនៅក្នុងបរិវេណវត្តចំការខ្សាច់ ស្ថិតក្នុងសង្កាត់ស្ពានថ្ម ខណ្ឌដង្កោ រាជធានីភ្នំពេញ។
អភិបាលខណ្ឌដង្កោ លោក នុត ពុធដារ៉ា នៅក្នុងឱកាសនោះ បានថ្លែងការដឹងគុណយ៉ាងជ្រាលជ្រៅ ចំពោះលោកស្រី អ៊ួង សុវណ្ណរិន ប៉ាសុជាតិវង្ស ដែលបានអញ្ជើញតាមកិច្ចសន្យា នៅពេលលោកស្រីចុះចែកអំណោយមនុស្សធម៌ កាលពីកន្លងទៅ។
លោកស្រី អ៊ួង សុវណ្ណារិន ប៉ាសុជាតិ វង្ស បានមានប្រសាសន៍សំណេះសំណាល ជាមួយលោកយាយលោកតា ដោយនាំមកនូវការសួរសុខទុក្ខជូនប្រជាពលរដ្ឋ ក្នុងឱកាសចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដែលជាឱកាសមួយ ដោយយើងទាំងអស់គ្នាត្រូវចូលរួមសប្បាយអបអរសាទរឆ្នាំថ្មី ស្របពេលប្រទេសជាតិរបស់យើង មានសុខសន្តិភាពបរិបូរណ៍។
ជាមួយគ្នានេះ ការដឹងគុណដល់បុព្វការីជនទាំងឡាយ លោកស្រីក៏បានរៀបចំស្រោចស្រពសុគន្ធវារី ជូនយាយជី លោកតាជី និងផ្តល់សំពត់ ខោអាវ ជូនចំនួន ១០០នាក់ ដែលប្រពៃណីដ៏ផូផង់នេះ គឺស្រង់ព្រះរស់បានអានិសង្សដ៏ត្រគុំត្រកាល និងបានបុណ្យច្រើនទៀតផង។
ក្នុងនោះដែរ លោកស្រីឧកញ៉ា អឹងស៊ី ស្រ៊ន់ សមាជិគណៈកម្មការ ក៏បានចូលរួមផ្តល់ថវិកាចំនួន ២លានរៀល ឧកញ៉ា សុខ ឆេង ២លានរៀល និងសប្បុរសរួមដំណើរក្នុងពិធី ជាច្រើទៀត។ សំរាប់កម្មវិធីអបអរនេះដែរ លោកស្រីអភិបាលរាជធានី បានរៀបចំប្រគេនចង្ហាន់ដល់ព្រះសង្ឃ ព្រមទាំងរៀបចំពិធីធ្វើបាយ ជូនលោតា លោកយាយ ចំនួន ២០០នាក់ ព្រមទាំងផ្តល់អំណោយ និងថវិកា ជូនក្នុងម្នាក់ៗចំនួន ២ម៉ឺនរៀល ព្រមទាំងអំណោយមួយកញ្ចប់ផងដែរ។
ជាមួយសេចក្តីសប្បាយរីករាយ និងល្បែងរបាំប្រពៃណី ដែលជាអត្តសញ្ញាណជាតិលោកស្រី បានចូលរួមលេងល្បែងប្រជាប្រិយ ក្នុងនោះ មានល្បែងវាយក្អម ទាញព្រ័ត្រ ចោលឈូង បោះអង្គុញ ព្រមទាំងរាំវង់ប្រពៃណី កម្សាន្តផងដែរ៕
មតិយោបល់