ព័ត៌មានជាតិ

ជនជាប់ចោទម្នាក់ស្លាប់នៅក្នុងពន្ធនាគារដោយសារជម្ងឺគាំងបេះដូង!

ភ្នំពេញៈ ជនជាប់ចោទម្នាក់ក្រោយពីតុលាការក្រុងភ្នំពេញចោទប្រកាន់បទប្រើប្រាស់គ្រឿងញៀន ហើយចេញដីកាបង្គាប់ឲ្យឃុំខ្លួនជាបណ្តោះអាសន្ននៅពន្ធនាគារព្រៃសមិនទាន់មានសាលក្រមជាស្ថាពរផង ត្រូវបានដាច់ខ្យល់ស្លាប់នៅក្នុងពន្ធនាគារដោយសារជម្ងឺគាំងបេះដូងស្លាប់បាត់ទៅហើយ។

ហេតុការភ្ញាក់ផ្អើលនេះបានកើតឡើងកាលពីវេលាម៉ោង១និង២០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី៩ ខែសីហា ឆ្នាំ២០១៧ ក្នុងពន្ធនាគារព្រៃ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ។

ប្រភពព័ត៌មានបានឲ្យដឹងថា ជនរងគ្រោះជាជនជាប់ចោទរបស់តុលាការ មានឈ្មោះ សេន សាវី ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរកម្មករសំណង់ មានទីលំនៅផ្ទះ២៥៩៥ ក្រុម៤ ភូមិក ផ្លូវជាតិលេខ៥សង្កាត់ច្រាំងចំរេះ២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

តាមសាច់ញាតិបានឲ្យដឹងថា ជនរងគ្រោះខាងលើត្រូវបាននគរបាលចាប់ឃាត់ខ្លួននៅក្នុងផ្ទះសំណាក់មួយកន្លែងក្នុងខណ្ឌ៧មករា ពីបទប្រើប្រាស់គ្រឿងញៀន កាលពីថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៧កន្លងមក ហើយត្រូវបានតុលាការចោទប្រកាន់ទៅតាមផ្លូវច្បាប់ បទប្រើប្រាស់គ្រឿងញៀន ចេញដីកាបង្គាប់ឲ្យឃុំខ្លួនជាបណ្តោះអាសន្ននៅពន្ធនាគារព្រៃស។

ប្រភពដដែលបន្តទៀតថាអស់រយៈពេលជាង៥ខែកន្លងមកហើយជនជាប់ចោទនៅឃុំខ្លួនបណ្តោះអាសន្នក្នុងពន្ធនាគាររហូតមកដល់វេលារំលងអធ្រាត្រឈានចូលថ្ងៃទី៩ ខែសីហា ឆ្នាំ២០១៧នេះ ជនរងគ្រោះបែរជាស្លាប់ក្នុងមណ្ឌលឃុំឃាំងទៅវិញ ដោយសមត្ថកិច្ចប្រាប់ថា ស្លាប់ដោយសារគាំងបេះដូង។

តាមនគរបាលបានឲ្យដឹងថា ជនរងគ្រោះ ក្រោយពីដេកស្លាប់ ក្នុងមណ្ឌលកែប្រែ ខណៈដែលកំពុងជាប់ឃុំជាបណ្តោះអាសន្ន ក្រោមការចោទប្រកាន់ពីតុលាការ លុះរហូតដល់ព្រឹកថ្ងៃកើតហេតុខាងលើដដែលនេះ ទើបនគរបាលជំនាញ ចុះទៅពិនិត្យកោសល្យវិច្ច័យ ឃើញថា ជនរងគ្រោះស្លាប់ ដោយសារជម្ងឺគាំងបេះដូង។

ក្រោយពីពិនិត្យរួចសាកសពត្រូវបានដឹកបញ្ជូនទៅប្រគល់ជូនក្រុមគ្រួសារដល់ផ្ទះក្នុងសង្កាត់ច្រាំងចំរេះ២ ខណ្ឌឫស្សីកែវ ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់