ព័ត៌មានជាតិ

បុរសម្នាក់សង្ស័យបែកថ្នាំខ្លាំងពេក បែរជាទិញសាំងយកទៅដុតបន្ទប់ ស្រាប់តែឆាបឆេះខ្លួនឯងរងរបួសធ្ងន់!

ភ្នំពេញៈ បុរសម្នាក់សង្ស័យបែកថ្នាំ បានទិញសាំង២លីតយកទៅដុតបន្ទប់ជួលហើយ ក៏ឆាបឆេះខ្លួនឯង បណ្ដាលឲ្យរលេសរលួញពេញរាងកាយ។

ហេតុការនេះបង្ករឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៨និង១៥នាទីព្រឹក ថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៧ នៅតាមផ្លូវបេតុង ក្នុងភូមិទ្រា៤ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

ប្រភពព័ត៌មានបានឲ្យដឹងថា ជនរងគ្រោះដែលយកសាំងទៅដុតបន្ទប់មានឈ្មោះ លី នីដា ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរសន្តិសុខ ស្នាក់នៅបន្ទប់ជួលជាន់ទី៣ ភូមិកើតហេតុខាងលើ និងមានស្រុកកំណើតនៅភូមិ១ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ។

បើតាមប្រភពព័ត៌មានពីម្ចាស់ផ្ទះបានប្រាប់ឲ្យដឹងថា បុរសខាងលើបានមកជួលបន្ទប់របស់គាត់ទើបតែបាន១អាទិត្យទេ ហើយនៅមុនពេលដែលកើតហេតុ គេឃើញបុរសនោះបានយួរសាំងចំនួន២លីតឡើងទៅបន្ទប់ជួល រួចមកបានមួយសន្ទុះស្រាប់តែឃើញមានផ្សែងហុយចេញពីបន្ទប់នោះ ហើយបានស្រែកថាមានភ្លើងឆេះ ពេលនោះអ្នកនៅក្រោម ក៏បាននាំគ្នាឡើងទៅមើល ស្រាប់តែឃើញភ្លើងឆេះរបស់របរនៅក្នុងបន្ទប់ និងឆាបឆេះទៅលើខ្លួនប្រាណបុរសនោះយ៉ាងខ្លាំងទៀតផង ហើយក៏បាននាំគ្នាជួយបុរសនោះដោយយកមកត្រាំទឹក។

ប្រភពដដែលបានបន្តទៀតថាពួកគាត់មិនបានដឹងថាបុរសនេះមានរឿងអ្វីទេ ហើយក៏មិនដឹងថាមានជម្ងឺអ្វី ឬក៏បែកដែរ ពេលដែលសមត្ថកិច្ចសួរនាំទៅលើបុរសនោះ រួចបុរសនោះបានឆ្លើយប្រាប់ថារូបគេ ជាអ្នកញៀនថ្នាំ ហើយនៅមុនពេលកើតហេតុរូបគេបានលឺសំឡេងចេញពីជញ្ជាំងធ្វើឲ្យរូបគេមានការភ័យខ្លាចរួចមកមិនដឹងធ្វើយ៉ាងមេច ក៏សម្រេចចិត្តទៅទិញសាំងយកមកដុត ដើម្បីឲ្យបាត់ភ័យខ្លាច តែជាអកុសលអណ្ដាតភ្លើងបានឆាបឆេះមកខ្លួនបណ្ដាលឲ្យរលេសរលួញបែបនេះតែម្តង។

ក្រោយពីកើតហេតុសមត្ថកិច្ចបានហៅរថយន្តសង្រ្គោះ ដើម្បីមកដឹកជនរងគ្រោះ ហើយនៅពេលនោះស្រាប់ តែមាននារីម្នាក់ដែលត្រូវជាបងស្រីរបស់ជនរងគ្រោះបានឲ្យរថយន្តដឹកជនរងគ្រោះទៅសង្គ្រោះនៅមន្ទីពេទ្យរុស្សី៕

//youtu.be/bR2axvVL_dE

មតិយោបល់