ព័ត៌មានជាតិ

ស្រវឹងស្រាជិះម៉ូតូរ៉េចង្កូតទៅផ្នែកខាងឆ្វេងត្រូវរថយន្តបុកបណ្តាលឲ្យរបួសបាក់ជើងម្ខាង!

ភ្នំពេញៈ បុរសម្នាក់ស្រវឹងស្រាបើកម៉ូតូរ៉េចង្កូតទៅផ្នែកខាងឆ្វេង ត្រូវរថយន្តបុក បណ្តាលឲ្យរងរបួសធ្ងន់បាក់ជើងម្ខាង ម្ចាស់រថយន្តគេចខ្លួនបាត់ ស្រាប់តែមានអ្នកអន្តរាគមន៍មកអះអាងថា ខាងរថយន្តត្រូវ។

ហេតុការភ្ញាក់ផ្អើលនេះបានកើតឡើងកាលពីវេលាម៉ោង៨និង៥០នាទីយប់ ថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៧ ស្ថិតនៅតាមបណ្តោយផ្លូវបេតុងវត្តអង្គតាមិញ ភូមិគោគចំបក់ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ប្រភពព័ត៌មានបានឲ្យដឹងថា ម៉ូតូរងគ្រោះម៉ាកស៊ីរូស ពណ៌ខ្មៅពាក់ស្លាកលេខ (ក្លែងក្លាយ) ស្វាយរៀង1AT-7888 បើកបរក្នុងទិសដៅពីពីជើងទៅត្បូង។ ចំណែកឯរថយន្តម៉ាកឡិចស៊ីសRX350 ពណ៌សពាក់ស្លាកលេខ ភ្នំពេញ2AB-0976 បើកបរដោយបុរសម្នាក់ជាមន្ត្រីកងរាជអាវុធហត្ថ បើកបរក្នុងទិសដៅពីត្បូងទៅជើង។

តាមប្រភពព័ត៌មានដដែលពីកន្លែងកើតហេតុបាននិយាយថា នៅមុនពេលកើតហេតុគេឃើញជនរងគ្រោះ ខាងលើបើកម៉ូតូម៉ាកស៊ីរូស ពណ៌ខ្មៅស្លាកលេខ ក្លែងក្លាយ ជិះដោយបុរសម្នាក់ ធ្វើដំណើរតាមបណ្ដោយផ្លូវបេតុងក្នុងទិដៅ ពីជើងទៅត្បូងយ៉ាងលឿងក្នុងស្ថានភាពស្រវឹង។ លុះបើកមកដល់ចំណុចកើតហេតុស្រាប់តែមានរថយន្ត១គ្រឿងម៉ាកឡិចស៊ីសRX350ពណ៌ស បើកក្នុងទិសដៅពីត្បូងទៅជើងយ៉ាងលឿនដូចគ្នា ហើយដោយជនរងគ្រោះខាងលើបានរ៉េចង្កូតទៅផ្នែកខាងឆ្វេង បន្ទាប់មករថយន្តបង្កខាងលើ ដោយជាន់ហ្រ្វាំងមិនទាន់បានបុកម៉ូតូជនរងគ្រោះពេញទំហឹង។ ហើយបើកបុកអូសប្រមាណជាង១០ម៉ែត្រ បណ្តាលឲ្យជនរងគ្រោះរងរបួសធ្ងន់បាក់ជើងខាងស្តាំ។ ចំណែកម៉ូតូរងគ្រោះវិញបណ្តាលឲ្យបាក់កាំម៉ូតូផ្នែកខាងមុខខ្ទេច និងខូចខាត់យ៉ាងធ្ងន់ធ្ងរ។ បន្ទាប់មកជនរងគ្រោះត្រូវបានរថយន្តសង្គ្រោះរបស់គ្លីនិកឯកជនសម្ភព សុខលាភ បានដឹកយកទៅព្យាបាលភ្លាមៗផងដែរ។ដោយឡែកអ្នកបើកបរឡើងរថយន្តបង្កចេញទៅបាត់។

ប្រភពបានបន្តទៀតថា ខណៈដែលជនបង្កគេចខ្លួនបាត់ហើយមានបុរស២នាក់អាវកាឡាការ៉ូ និងស្ត្រីម្នាក់ជិះរថយន្តឡិចស៊ីសពណ៌ស ដោយចោទប្រកាន់ទៅលើជនរងគ្រោះថារថយន្តខាងលើបើកមកឈប់មួយកន្លែងត្រូវជនរងគ្រោះបើកបុកខ្លួនឯង ហើយចោទថាជនរងគ្រោះជាចោរទៀត។ ដោយសំគាល់ស្លាកលេខក្លែងក្លាយ ហើយប្រជាពលរដ្ឋឈ្លោះជាមួយភាគីរថយន្តខាងលើថា បើរថយន្តខាងលើឈប់នៅស្ងៀមត្រូវម៉ូតូជនរងគ្រោះមកបុកម្តេចក៏រថយន្តខាងលើបុកម៉ូតូអូសជាង១០ម៉ែត្រ ដោយមានភិនភាគនៅកន្លែងកើតហេតុបែបនេះ។

ក្រោយពេលកើតហេតុរថយន្ត និងម៉ូតូរងគ្រោះខាងលើត្រូវបានជំនាញចរាចរណ៍ខណ្ឌពោធិ៍សែនជ័យធ្វើការវាស់វែងយករថយន្តនិងម៉ូតូខាងលើយកទៅរក្សាទុកដើម្បីរងចាំការដោះស្រាយនៅពេលក្រោយ៕

មតិយោបល់