របាយការណ៍ថ្មីមួយចេញផ្សាយនៅថ្ងៃម្សិលមិញនេះបានព្យាករណ៍ថា ក្រុមហ៊ុនផលិតស្មាតហ្វូនរបស់ប្រទេសចិន Huawei នឹងលក់ស្មាតហ្វូនដាច់ច្រើនជាងក្រុមហ៊ុន Apple នៅក្នុងត្រីមាសទី ៣ ឆ្នាំ ២០១៧ ដែលគិតចាប់ ពីខែដើមកក្កដា ដល់ចុងខែកញ្ញា។
កន្លងមក ក្រុមហ៊ុន Huawei បានថ្លែងរួចទៅហើយថា ខ្លួនប្តេជ្ញាថានឹងធ្វើយ៉ាងណាវ៉ាក្រុមហ៊ុន Samsung និង Apple ឱ្យបានមុនបំណាច់ឆ្នាំ ២០២១ ដើម្បីក្លាយជាក្រុមហ៊ុនផលិតស្មាតហ្វូនលេខ ១ លើលោក។
ក្រុមហ៊ុនដែលទើបឈានជើងចូលប្រឡូកក្នុងទីផ្សារស្មាតហ្វូនក្នុងឆ្នាំ ២០១៣ ក៏រំពឹងផងដែរថា ស្មាតហ្វូនស៊េរី P និង M រួមទាំង Honor របស់ខ្លួន នឹងទទួលបានការលក់ល្អប្រសើរក្នុងអំឡុងត្រីមាសទី ៣ នេះ។
ក្រុមហ៊ុនបានព្យាករណ៍ថា ខ្លួនអាចនឹងលក់ចេញស្មាតហ្វូនបានជាង ៤០ លានគ្រឿង កើនពី ៣៨.៥ លានគ្រឿង ក្នុងត្រីមាសទី ២។ ក្នុងពេលដំណាលគ្នានោះ ការលក់ចេញរបស់ iPhone អាចនឹងធ្លាក់ចុះពីខែកក្កដា ដល់ខែកញ្ញា។ នៅអំឡុងពេលនេះ អតិថិជនត្រូវគេរំពឹងថា នឹងផ្អាកការទិញ iPhone រហូតដល់ម៉ូឌែលឆ្នាំ ២០១៧ របស់វាប្រកាសចេញនៅខែក្រោយ។
សម្រាប់ត្រីមាសទី ៣ ក្នុងឆ្នាំសារពើពន្ធរបស់ក្រុមហ៊ុន Apple រាប់ចាប់ពីខែមេសា ដល់បំណាច់ខែមិថុនា ក្រុមហ៊ុនបានលក់ iPhone ចេញបានចំនួន ៤១.៣ លានគ្រឿង ដែលតួលេខនេះ គឺកើនតិចតួចធៀបនឹងឆ្នាំមុនៗ។
គិតត្រឹមបំណាច់ត្រីមាសទី២ ក្រុមហ៊ុន Huawei បានកាន់កាប់ចំណែកទីផ្សារស្មាតហ្វូនក្នុងសកល ១១.៣% ចំណែក Apple បាន ១២% ដែលគិតពីតួលេខនៃចំនួនលក់គឺលើស Huawei ប្រមាណ ២.៥ លានគ្រឿង។
សរុបមក ជាមួយទំនោរចិត្តរបស់អ្នកទិញទូរសព្ទស៊េរី iPhone ទូទៅ ដែលគេរំពឹងថានឹងផ្អាកចាប់ពីខែកក្កដា ដល់ខែកញ្ញា នឹងផ្តល់ឱកាសល្អបំផុតសម្រាប់ក្រុមហ៊ុន Huawei ក្នុងការដណ្តើមយកកៅអីលេខ ២ ពីក្រុមហ៊ុន Apple ក្នុងទីផ្សារស្មាតហ្វូនសកល ក្នុងត្រីមាសទី ៣ នេះ៕
ប្រភពព័ត៌មានៈ phonearena
មតិយោបល់