ព្រៃវែងៈ លោកអធិការស្រុកពារាំង បានប្រាប់ Post News ថា មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងរវាងរថយន្តបុកម៉ូតូ បណ្តាលឲ្យបុរសម្នាក់ស្លាប់នៅនឹងកន្លែង។
ហេតុការណ៍កើតឡើងនៅវេលាម៉ោង៥ និង៣០នាទីល្ងាច ថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៧ នៅលើផ្លូវជាតិលេខ៨ ចន្លោះគីឡូម៉ែត្រ៧១-៧២ ក្នុងភូមិព្រៃព្នៅ ឃុំព្រៃព្នៅ ស្រុកពារាំង ខេត្តព្រៃវែង។
មុនពេលកើតហេតុ គេឃើញមានរថយន្ត១គ្រឿងម៉ាក សាំយ៉ុង ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ2AJ-8514 បើកបរដោយឈ្មោះ ខន សុជាតិ ភេទប្រុស អាយុ២៨ឆ្នាំ ស្នាក់នៅភូមិដូនម៉ៅក្រោម ឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ធ្វើដំណើរពីកើតទៅលិច លុះមកដល់ចំណុចកើតហេតុ ជ្រុលចង្កូតទៅបុក ទទឹងម៉ូតូ១គ្រឿង ម៉ាកវ៉េវ ពណ៌ខ្មៅ គ្មានស្លាកលេខ ជិះដោយឈ្មោះ ឌីម ដា ភេទប្រុស អាយុ១៨ឆ្នាំ ស្នាក់នៅភូមិសំរាប ឃុំព្រៃព្នៅ ស្រុកពារាំង ដែលកំពុងធ្វើដំណើរឆ្លងកាត់ថ្នល់ ពីជើងមកត្បូង បណ្តាលឲ្យស្លាប់ ហើយរថយន្តបានរេចង្កូតទៅកៀររបងផ្ទះប្រជាពលរដ្ឋក្រឡាប់ផ្ងារជើងតែម្តង។
ក្រោយពេលកើតហេតុ សមត្ថកិច្ចបានចុះទៅដល់កន្លែងកើតហេតុ ធ្វើការវាស់វែង និងនាំយករថយន្តនិងម៉ូតូទាំង២នាក់ នឹងអ្នកបើកបររថយន្ត មករក្សាទុកនៅ អធិការដ្ឋាននគរបាលស្រុកពារាំង ដើម្បីកសាងសំណុំរឿងតាមនីតិវិធីច្បាប់។ ចំណែកសាកសពបានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់