ព័ត៌មានជាតិ

ក្រុមចោរ៣នាក់ជិះម៉ូតូដើរលួចកន្ត្រកគេច្រើនដង ហើយព្យាយាមទៅលួចបន្តទៀត ក៏ត្រូវជាប់អន្ទាក់សមត្ថកិច្ចក្រុងតាខ្មៅឃាត់ចាប់ខ្លួនបានម្នាក់!

កណ្តាលៈ ជនសង្ស័យ១នាក់ ក្នុងចំណោម៣នាក់ បានត្រូវសមត្ថកិច្ចក្រុងតាខ្មៅ ធ្វើការឃាត់ខ្លួន ខណៈដែលជនសង្ស័យម្នាក់ បានចុះពីម៉ូតូដើរទៅធ្វើសកម្មភាពលួចកន្ត្រក តែត្រូវម្ចាស់គេឃើញទាន់ក៏ស្រែកឆោរឡោផ្អើលដល់សមត្ថកិច្ចធ្វើការក្របួចជាប់។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៤និង៣០នាទីថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៧ នៅចំណុចស្តុបស្ពានព្រែកហូរ ភូមិតាក្តុលត្បូង សង្កាត់តាក្តុល ក្រុងតាខ្មៅ ខេត្តកណ្តាល។

ប្រភពព័ត៌មានបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ តុប មុន្នីរ័ត្ន ភេទស្រី អាយុ៦៥ឆ្នាំ ទីលំនៅ ភូមិតាក្តុលត្បូង សង្កាត់តាក្តុល ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរពេទ្យ។ ចំណែកឯជនល្មើស៣នាក់ ទី១ឈ្មោះ យ៉ែម ស៊ីណា ភេទប្រុស អាយុ២៧ឆ្នាំ ទីលំនៅភូមិព្រែកតានូ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ មុខរបរមិនពិតប្រាកដ (ឃាត់ខ្លួន)។ ២ឈ្មោះ ហើម ភេទប្រុស អាយុ៣៣ឆ្នាំ ទីលំនៅភូមិព្រែកតាគង់ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ មុខរបរមិនពិតប្រាកដ (គេចខ្លួន)។ និងទី៣ឈ្មោះ ណែត ភេទប្រុស អាយុ៣៧ឆ្នាំ មានទីលំនៅភូមិព្រែកតាគង់ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ មុខរបរមិនពិតប្រាកដ (គេចខ្លួន)។

សម្ភារៈបាត់បង់ កាបូបដៃ១ ទូរសព្ទដៃ១គ្រឿង ម៉ាកSAMUNGពណ៌ខ្មៅ ប្រាក់រៀល១លានរៀល ប្រាក់ដុល្លារ៥១ដុល្លារ ខ្សែកប្លាទីន១ខ្សែ ខ្សែដៃប្លាទីន៣ខ្សែ ទម្ងន់៣ដំឡឹង អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែររបស់សាម៉ីខ្លួន១សន្លឹក។ វត្ថុតាងចាប់យក ដែលគេធ្វើការលួចបានមកពីចាក់អង្រែរួចមកហើយនោះមាន កន្ត្រកយួរដៃធ្វើអំពីជ័រពណ៌ក្រឡាក្រហម១ (របស់ជនរងគ្រោះ) អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែររបស់ឈ្មោះ ស៊ីឌឿន រចនាបុត្រ ចំនួន១ កាំបិតប៉័ងតោ១ កាំបិតចុងស្រួចបាក់ដង១ កូនពិលពណ៌លឿង១ (របស់ជនល្មើស) ខ្សែក្រវ៉ាត់១ អាវដៃវែងពណ៌ស១មានប៉ាក់ឈ្មោះ ស៊ីឌឿន រចនាបុត្រ និងកាបូបស្ពាយពណ៌ខ្មៅ១។

ប្រភពដដែលពីនគរបាលក្រុងតាខ្មៅបានប្រាប់ឲ្យដឹងថា នៅវេលាកើតហេតុខាងលើ ពេលដែលជនរងគ្រោះកំពុងអង្គុយចាំឡាន ដោយទុកកន្ត្រកដែលមានដាក់សម្ភារៈដូចបានបាត់បង់ខាងលើ នៅខាងក្នុងកន្ត្រក នៅជិតខ្លួន ភ្លាមនោះក្រុមជនល្មើសបានឈប់ម៉ូតូនៅក្បែរ ហើយឆ្លៀតពេលជនរងគ្រោះងាកមុខចេញ ស្រាប់តែជនល្មើសឈ្មោះ យ៉ែម ស៊ីណា បានចុះពីលើម៉ូតូទៅលួចយក ពេលនោះត្រូវជនរងគ្រោះងាកមកឃើញទាន់ ក៏ស្រែកថាចោរៗ ហើយសមត្ថកិច្ចដែលកំពុងល្បាតនៅក្បែរនោះ ក៏បានជួយអន្តរាគមន៍ ឃាត់ខ្លួនជនល្មើសបាន១នាក់ រួមទាំងវត្ថុតាងយកមកសាកសួរនៅប៉ុស្តិ៍តាក្តុល។ ចំណែកឯបក្ខពួក២នាក់ទៀតបានជិះម៉ូតូគេចខ្លួនបាត់។

នៅចំពោះមុខសមត្ថកិច្ចជនល្មើសបានឆ្លើយសារភាពថាខ្លួនពិតជាបានធ្វើសកម្មភាពលួចយកសម្ភារៈរបស់ជនរងគ្រោះពិតប្រាកដមែន ហើយពីមុនមកលួចនៅភូមិតាក្តុលត្បូងនេះ ខ្លួន និងបក្ខពួកបានលួចយកកាបូបគេនៅចាក់អង្រែលើដូចបានចាប់យកខាងលើ ហើយបានបន្តមកលួចនៅគល់ស្ពានព្រែកហូរទៀត ក៏ត្រូវសមត្ថកិច្ចឃាត់ខ្លួនបានតែម្តង។

ទាក់ទង និងករណីនេះដែរសមត្ថកិច្ចក្រុងតាខ្មៅកំពុងតែបន្តចាត់ការ ទៅលើជនសង្ស័យតាមនីតិវិធីច្បាប់ ៕

មតិយោបល់