ព័ត៌មានជាតិ

ខំចេញពីខេត្តមកភ្នំពេញ រកលួចកាច់កម៉ូតូ បែរជាត្រូវជាប់ខ្នោះ

ភ្នំពេញៈ សមត្ថកិច្ចខណ្ឌដង្កោឃាត់ខ្លួនមុខសញាកាច់កម៉ូតូយ៉ាងសកម្មបាន២នាក់ ទាំងព្រឹកកាលពីវេលាម៉ោង៨ ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៧ ត្រង់ចំណុចមុខសាលាសង្កាត់សាក់សំពៅ ផ្លូវទំនប់៧មករា ស្ថិតនៅភូមិក្រាំងតាផូ សង្កាត់សាក់សំពៅ ខណ្ឌដង្កោ។

ជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួនបានឈ្មោះទី១ឈ្មោះ សុខ ភឿន ហៅ ស្វិត ភេទប្រុស អាយុ៣៩ឆ្នាំ មុខរបរ មិនពិតប្រាកដ ស្នាក់នៅផ្ទះសំណាក់ ឃុំសៀមរាប ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល និងទី ២ឈ្មោះ ចាន់ ធឿន ភេទប្រុស អាយុ៤៣ឆ្នាំ មុខរបរ មិនពិតប្រាកដ ស្នាក់នៅផ្ទះសំណាក់ ឃុំសៀមរាប ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។

បើតាមសមត្ថកិច្ចបានប្រាប់ឲ្យដឹងថា កម្លាំងសមត្ថកិច្ចនគរបាលខណ្ឌដង្កោសហការជាមួយកម្លាំងប៉ុស្តិ៍ បានជិះម៉ូតូល្បាតក្នុងភូមិសាស្ត្រខណ្ឌដង្កោ តាមផ្លូវជាតិលេខ២០អា ស្ថិតនៅសង្កាត់ទៀន ខណ្ឌដង្កោ បានឃើញជនសង្ស័យ ជិះម៉ូតូ១គ្រឿង ម៉ាកហុងដា សេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៦ ពាក់ស្លាកលេខ ភ្នំពេញ 1FV-1468 ឌុបគ្នាពីកើតទៅលិច សមត្ថកិច្ចយើងមានការសង្ស័យ ក៏ជិះដេញតាមពីក្រោយ រហូតដល់ចំណុចខាងមុខសាលាសង្កាត់សាក់សំពៅ ស្ថិតនៅភូមិក្រាំងតាផូ សង្កាត់សាក់សំពៅ ខណ្ឌដង្កោ សមត្ថកិច្ចយើងក៏បានធ្វើការឃាត់ខ្លួនជនសង្ស័យទាំង២នាក់ខាងលើ ធ្វើការត្រួតពិនិត្យ រកឃើញដែកជ្រុងចុងសំប៉ែតស្រួចសម្រាប់កាច់សោកម៉ូតូចំនួន២ នៅក្នុងហោប៉ៅអាវខាងស្តាំ និងសោរខ្សៀលេខ៨ចំនួន១ នៅចង្កេះខោរបស់ជនសង្ស័យឈ្មោះ ចាន់ ធឿន ហើយសមត្ថកិច្ចយើងក៏បាននាំខ្លួនជនសង្ស័យទាំង២នាក់ខាងលើ រួមនិងវត្ថុតាង យកមកធ្វើការសាក សួរនៅអធិការដ្ឋាននគរបាលខណ្ឌដង្កោ។
សម្ភារៈដែលសមត្ថកិច្ចដកហូតបានរួមមាន ដែកជ្រុងចុងសំប៉ែតស្រួចចំនួន២ ,សោខ្សៀលេខ៨ចំនួន១,កូនសោរម៉ូតូចំនួនមួយ,ម៉ូតូម៉ាកហុងដា សេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៦ ពាក់ស្លាកលេខ ភ្នំពេញ 1FV-1468 និងសោដោះម៉ូតូមួយចំនួន ។

បច្ចុប្បន្នជនសង្សយ័ទាំង២នាក់ កំពុងធ្វើការសាកសួរនៅអធិការដ្ឋាននគរបាលខណ្ឌដង្កោដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមនិតិវិធីច្បាប់៕

https://youtu.be/DXMKNxvRI4U

មតិយោបល់