ព័ត៌មានជាតិ

បុគ្គលិកធនាគារម្នាក់ ចងកសម្លាប់ខ្លួននៅក្នុងបន្ទប់ជួល បណ្តាលឲ្យស្លាប់បាត់បង់ជីវិត

ភ្នំពេញៈ នៅម៉ោង០៥និង១៨នាទីល្ងាចថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២២ មានករណីបុគ្គលិកធនាគារម្នាក់ ចងកសម្លាប់ខ្លួនក្នុងបន្ទប់ជួល បណ្តាលឲ្យស្លាប់បាត់បង់ជីវិត ទីតាំងខាងក្រោយមន្ទីរពេទ្យរុស្ស៊ី ស្ថិតក្នុងភូមិ៣ សង្កាត់ទំនប់ទឹក ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ។

ហេតុការណ៍ករណីខាងលើនោះ យោងតាមការរៀបរាប់របស់លោកអនុភូមិ បានប្រាប់ដល់ក្រុមការងារនៃអង្គភាពព័ត៌មាន Post News យើងខ្ញុំដែលបានធ្វើបទសម្ភាសន៍ គាត់បានបញ្ជាក់ប្រាប់ឲ្យដឹងដូច្នេះថា ជនរងគ្រោះបានមកជួលបន្ទប់ស្នាក់នៅកន្លែងកើតហេតុនេះ ជិត៣ឆ្នាំមកហើយ ដោយនៅតែម្នាក់ឯង ក្រោយមកបានឃើញប្អូនស្រីម្នាក់មកស្នាក់នៅជាមួយ ។

នៅថ្ងៃកើតហេតុ ប្អូនស្រីជនរងគ្រោះបានចេញពីធ្វើការ ទៅរកទិញបាយហូប ។ លុះពេលត្រលប់មកវិញ ស្រាប់តែទ្វារបន្ទប់បិទជិត ពេលនោះប្អូនស្រីជនរងគ្រោះ បានគោះទ្វារហៅដែរ ប៉ុន្តែគ្មានការឆ្លើយតបនោះទេ ។ ប្អូនស្រីក៏ព្យាយាមគោះទ្វារហៅបងម្តងទៀត ក៏នៅតែមិនមានការឆ្លើយតបដដែល ។ ទើបប្អូនស្រីជនរងគ្រោះបានដើរទៅរកអ្នកនៅក្បែរ ជួយគាស់ទ្វារបន្ទប់ ។ ពេលនោះក៏ស្រាប់ តែប្រទះឃើញជនរងគ្រោះ បានចងកសម្លាប់ខ្លួនបណ្តាលឲ្យស្លាប់បាត់បង់ជីវិតទៅហើយ នៅក្នុងបន្ទប់ជួលជាន់ទីពីរ ក៏បង្កឲ្យមានការ ភ្ញាក់ផ្អើលកើតឡើង នាវេលាម៉ោង៣រសៀល ។

ប្រភពដដែលបានប្រាប់ឲ្យដឹងបន្តទៀតថា ជនរងគ្រោះមានឈ្មោះ ហ៊ឹម សុផាត អាយុ៣០ឆ្នាំ រស់នៅភូមិត្រពាំងឫស្សី ស្រុកត្រាំកក់ ខេត្តតាកែវ ។ មុខរបរជាបុគ្គលិកធ្វើការនៅក្នុងធនាគារមួយកន្លែង បានមកជួលបន្ទប់ស្នាក់នៅជាន់ទីពីរ ទីតាំងនៅខាងក្រោយ មន្ទីរពេទ្យរុស្ស៊ី ក្រុម២០(ខ) ស្ថិតក្នុងភូមិ៣ សង្កាត់ទំនប់ទឹក ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ។ ជនរងគ្រោះមិនទាន់មានប្រពន្ធ និងកូននៅឡើយនោះទេ ។ មូលហេតុដែលជនរងគ្រោះចងកសម្លាប់ខ្លួន សង្ស័យបណ្តាលមកពីមានជំងឺប្រចាំកាយ ។

នៅក្រោយពេលកើតហេតុ កម្លាំងសមត្ថកិច្ចផ្នែកបច្ចេកទេស បានចុះមកធ្វើកោសល្យវិច្ច័យសាកសពជនរងគ្រោះ ។ បន្ទាប់មកបានធ្វើ កំណត់ហេតុប្រគល់សពជនរងគ្រោះ ទៅឲ្យសាច់ញាតិយកធ្វើបុណ្យតាមប្រពៃណី ៕

មតិយោបល់