ព័ត៌មានជាតិ

ព្រោះតែមានភស្តុតាងគ្រប់គ្រាន់លោក ចែ សុង ដូរបទចោទ ពីរំលោភ ទៅជាប្រើគ្រឿងញៀនវិញ តែដើមបណ្ដឹងឡាំប៉ា!!!

ភ្នំពេញៈ យោងតាមប្រភពពីសមត្ថកិច្ចខណ្ឌ៧មករា បានឲ្យដឹងថា រឿងចម្លែកប្លែកគួរឲ្យហួសចិត្តមួយបានកើតឡើងកាលពីល្ងាចថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៧ ដែលមានស្ត្រីម្នាក់បានមកយំស្រែកតវ៉ានៅមុខអធិការដ្ឋានខណ្ឌ៧មករា ដោយ អះអាងថា ខ្លួនជាជនរងគ្រោះនៃអំពើ ប៉ុនប៉ងរំលោភសេពសន្ថវៈ និងបានប្តឹងឲ្យនគរបាលចាប់ខ្លួនជនសង្ស័យឈ្មោះ ជួន ចាន់រី បញ្ជូនទៅកាន់តុលាការ តែរឿងគួរឲ្យនាងមិនអស់ចិត្តនោះគឺព្រះរាជអាជ្ញារង ឈ្មោះ ចែ សុង បានសម្រេចបញ្ជូនជនសង្ស័យទៅមណ្ឌលបន្សាបគ្រឿងញៀនទៅវិញ ដោយមិនបានគិតគូរពីរឿង ជនសង្ស័យ ដេញចាប់ជនរងគ្រោះរំលោភអ្វីឡើយ។

ប្រភពបន្ដថា នារីរងគ្រោះ បានស្រែកសុំឲ្យនគរបាលជួយបកស្រាយ និងស្នើឲ្យលោក ចែ សុង ជាព្រះរាជអាជ្ញារង កាន់សំណុំរឿង បកស្រាយឲ្យនាង យល់ផង ព្រោះក្នុងនាមជា ជនរងគ្រោះម្នាក់នាងយល់ថា ជារឿងអយុត្តិធម៌ពេកចំពោះនាង។

ពាក់ព័ន្ធករណីនេះ លោក លី សុផាណា អ្នកនាំពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានឲ្យដឹងតាម Telegram ថា«អយ្យការសម្រេចសេចក្តីដោយពិនិត្យលើឯកសារសំណុំរឿង អង្គហេតុ អំពើរបស់ជនល្មើស រួមទាំងបទបញ្ញត្តិច្បាប់ជាធរមាន»។

លោកបន្ដថា «អយ្យការសូមបញ្ជាក់អំពីករណីដែលពាក់ពន្ធ័នឹងជនសង្ស័យឈ្មោះ ជួន ចាន់រី ថា អយ្យការសម្រេចសេចក្តីលើសំណុំរឿងនេះដោយពិនិត្យលើឯកសារសំណុំរឿង អង្គហេតុ អំពើរបស់ជនល្មើស ភស្តុតាង រួមទាំងបទបញ្ញត្តិច្បាប់ជាធរមាន»។

«ការចោទប្រកាន់ធ្វើឡើងដោយត្រឹមត្រូវទៅតាមអំពើរបស់ជនល្មើសដែលមានអង្គហេតុនិងភស្តុតាងស៊ីសង្វាក់បញ្ជាក់យ៉ាងច្បាស់លាស់ ឈានទៅដល់ការកំណត់បទល្មើសប្រើប្រាស់គ្រឿងញៀន ហើយសម្រេចបញ្ជូនទៅមជ្ឈមណ្ឌលស្តារនីតិសម្បទានិងព្យាបាលគ្រឿងញៀន»។

អ្នកនាំពាក្យរូបនេះ បន្ថែមថា «រឿងនេះដោយសង្ខេបគឺគ្មានអង្គហេតុដែលពាក់ពន្ធ័នឹងពាក្យបណ្តឹង ហើយពាក្យបណ្តឹងមិនមានអានុភាពឲ្យព្រះរាជអាជ្ញាចោទប្រកាន់ទេបើមិនទាន់បានស៊ើបអង្កេត គ្មានអង្គហេតុ គ្មានភស្តុតាងដាក់បន្ទុក»។

គួររំលឹកថា កម្លាំងសមត្ថកិច្ច​ខណ្ឌ​៧​មករាបាន​ឃាត់ខ្លួនជនសង្ស័យឈ្មោះ ជួន ចាន់​រី ភេទប្រុស អាយុ ​៣២​ឆ្នាំ មុខរបរ​ជា​ អង្គរក្ស មាន​ទីលំនៅ ផ្ទះ​លេខ​៥​សេ ផ្លូវ​ទី​៣ សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ កាលពី​ថ្ងៃទី​៩ ខែសីហា ឆ្នាំ​២០១៧ នៅគ្រាដែល​ស្ត្រី​រងគ្រោះ​ម្នាក់ បានស្រែក និង​ចោទប្រកាន់​ថាជនសង្ស័យ​ បានចាប់ប៉ុនប៉ងចាប់នាង​​រំលោភ​សេពសន្ថវៈ នៅ​ចំណុច​ផ្ទះ​លេខ​១១៨E1 ផ្លូវ​លេខ​២៤២​កែង​១៦៣ សង្កាត់​វាលវង់ ខណ្ឌ​៧​មករា។

ក្រោយពេលឃាត់ខ្លួនជនសង្ស័យជាក់ស្តែងនៅហ្នឹងកន្លែងកើតហេតុសមត្ថកិច្ចបាននាំខ្លួនជនសង្ស័យទៅសាកសួរ និងកសាងសំណុំរឿង ប៉ុនប៉ងរំលោភសេពសន្ថវៈ ទៅកាន់តុលការដើម្បីចាត់ការបន្តតាមនីតិវិធី លុះដល់ល្ងាចថ្ងៃ​សៅរ៍​ទី១២​ ខែ​សីហា ឆ្នាំ​២០១៧ ស្រាប់តែលោក​ ចែ សុង ព្រះរាជអាជ្ញា​រង​នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ បានសម្រេចបញ្ជូនខ្លួនជនសង្ស័យទៅមណ្ឌល​បន្សាប​គ្រឿងញៀន ដោយមិនបានចោទជនសង្ស័យពីបទ ប៉ុនប៉ង​រំលោភ​សេពសន្ថវៈ ដូចនគរបាលធ្វើរបាយការណ៍បញ្ជូនទៅនោះទេ៕

មតិយោបល់