ព័ត៌មានជាតិ

សន្តិសុខម្នាក់រងរបួសធ្ងន់ និងរថយន្ត២គ្រឿងរងការខូចខាត ក្នុងជម្លោះដីធ្លីប្រដាប់ដោយដំបងនិងកាំបិត !

កំពតៈ សន្តិសុខរបស់ក្រុមហ៊ុន ចាន់ សុធា ម្នាក់ ដែលបានរងរបួសធ្ងន់ រួមនិងរថយន្ត២គ្រឿងទៀតរងការខូចខាត នៅក្នុងជម្លោះដីធ្លីដ៏ក្តៅគគុក រវាងពលរដ្ឋនិងក្រុមហ៊ុន ដែលបានកើតឡើងកាលពីរសៀលថ្ងៃទី១០ ខែសីហា កន្លងទៅនេះនៅចំណុចភូមិតេជោអង្កាញ់ ឃុំតេជោអភិវឌ្ឍន៍ ស្រុកឈូក ខេត្តកំពត បច្ចុប្បន្នជុំវិញសំណុំរឿងដ៏ក្តៅគគុកមួយនេះ សមត្ថកិច្ចឃាត់ខ្លួនពលរដ្ឋចំនួន២នាក់។

បើយោងតាមលោកវរសេនីយ៍ទោ ហែម ចាន់ដារ៉ា មេបញ្ជាការរង និងជាប្រធានមន្ទីរយុត្តិធម៌ នៃកងរាជអាវុធហត្ថខេត្តកំពត បានឲ្យដឹងថា ពលរដ្ឋដែលសមត្ថកិច្ចឃាត់ខ្លួនបានខាងលើ ទី១ឈ្មោះ ជា ស៊ីថា ហៅចេក ភេទប្រុស អាយុ៤៦ឆ្នាំ មុខរបរអ្នកសាព័ត៌មាន អំណាចប្រជាជន និងទី២ឈ្មោះ សុខ ពិសី ភេទប្រុស អាយុ៥២ឆ្នាំ មុខរបរជាងមាស អ្នកទាំង២រស់នៅភូមិតេជោអង្កាញ់ ឃុំតេជោអភិវឌ្ឍន៍ ស្រុកឈូក ខេត្តកំពត។ ក្រោយការឃាត់ខ្លួនសមត្ថកិច្ចដកហូត ទូរសព្ទដៃចំនួន៣គ្រឿង និងប័ណ្ណសារព័ត៌មានចំនួន១។

គួរបញ្ជាក់ថា៖ ការឃាត់ខ្លួនពលរដ្ឋដែលជាជនសង្ស័យខាងលើនេះ បានធ្វើឡើងនៅក្រោយការប៉ះទង្គិចគ្នារវាងក្រុមប្រជាពលរដ្ឋប្រមាណជា២០នាក់ ដែលប្រដាប់ដោយដំបងនិងពូថៅ ហើយពលរដ្ឋទាំង២នាក់ខាងលើជាជនដៃដល់ ក្នុងការបង្កហិង្សាបណ្តាលឲ្យកម្លាំងសន្តិសុខក្រុមហ៊ុន និងរថយន្ត បានរងរបួសនិងរងការខូចខាត។

សន្តិសុខដែលរងរបួសត្រូវបានគេស្គាល់ថា ឈ្មោះ ឃឹម ឃន ភេទប្រុស អាយុ៥០ឆ្នាំ រស់នៅភូមិឃុំកើតហេតុខាងលើតួនាទីជាសន្តិសុខរបស់ក្រុមហ៊ុន ចាន់សុធា ស្ថិតនៅចំណុច ភូមិ ឃុំខាងលើ។

គួរបញ្ជាក់ថាមូលហេតុដែលផ្តើមឲ្យមានអំពើហិង្សារនេះ គឺដោយសារក្រុមប្រជាពលរដ្ឋបាននាំគ្នាមក សាងសង់ផ្ទះនៅលើដីមួយកន្លែង ដែលក្រុមហ៊ុន ចាន់សុធា អះអាងថាជាដីរបស់ខ្លួនហើយក៏បានបញ្ជាឲ្យក្រុមសន្តិសុខទៅឃាត់ប្រជាពលរដ្ឋ សកម្មភាពជជែកគ្នារវាងសន្តិសុខក្រុមហ៊ុននិងពលរដ្ឋ បានបង្កឲ្យមានជម្លោះឡើង រហូតឈានដល់ក្រុមពលរដ្ឋដេញវាយសន្តិសុខ និងស្ទាក់តាមវាយរថយន្តរបស់ក្រុមហ៊ុន រហូតខាងក្រុមហ៊ុនទប់ទល់មិនឈ្នះបាននាំគ្នារត់រៀងៗខ្លួន៕

មតិយោបល់