ព័ត៌មានជាតិ

ឃាត់ខ្លួនប្រុសស្រី៣នាក់ ព្រមទាំងដកហូតទូហ្គេមបាញ់ត្រី២ទូ និងថ្នាំញៀន ៥កញ្ចប់

ភ្នំពេញ: កម្លាំងសមត្ថកិច្ច នៃអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ ធ្វើការចុះបង្ក្រាបទីតាំងហ្គេមបាញ់ត្រីចំនួន ២ទីតាំង ដោយឃាត់ខ្លួនបានជនសង្ស័យប្រុសស្រី ៣នាក់ ព្រមទាំងដកហូតទូហ្គេមបាញ់ត្រីចំនួន ២គ្រឿង និងថ្នាំញៀន ៥កញ្ចប់ កាលពីវេលាម៉ោង ៩និង៣០នាទីព្រឹក ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៧ ដែលស្ថិតនៅចំណុចផ្ទះលេខ៣៣I និងផ្ទះលេខ៣៤I ផ្លូវរថភ្លើង ក្រុម១ ភូមិបាក់ទូក សង្កាត់ទួលសង្កែ១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

ជនសង្ស័យទាំង ៣នាក់ខាងលើ ទី១ឈ្មោះ សុខ ម៉ៅ ភេទប្រុស អាយុ ៤៤ឆ្នាំ, ទី២ឈ្មោះ ផេង សុវិសា ភេទប្រុស អាយុ ១៤ឆ្នាំ និងទី៣ឈ្មោះ អ៊ុ ដាវី ភេទស្រី អាយុ ៣៦ឆ្នាំ បច្ចុប្បន្នអ្នកទាំង ៣នាក់មានមុខរបរ មិនពិតប្រាកដ និងស្នាក់នៅផ្ទះកើតហេតុខាងលើ។

សមត្ថកិច្ចបានប្រាប់ឲ្យដឹងថា នៅក្នុងប្រតិបត្តិការចុះបង្ក្រាបទីតាំងផ្ទះបើកល្បែងស៊ីសងខុសច្បាប់ (ហ្គេមបាញ់ត្រី)ខាងលើនេះ កម្លាំងសមត្ថកិច្ចជំនាញខណ្ឌ បានចុះធ្វើការស្រាវជ្រាវជាក់ស្តែង រហូតឈានទៅដល់ការចុះបង្ក្រាបផ្ទះចំនួន ២ទីតាំង និងធ្វើការឃាត់ខ្លួនជនសង្ស័យប្រុសស្រីចំនួន ៣នាក់ ព្រមទាំងដកហូតម្សៅក្រាមពណ៌សថ្លាចំនួន ៥កញ្ចប់តូច ជាប្រភេទម៉ាទឹកកក, ទូហ្គេមបាញ់ត្រីចំនួន ២គ្រឿង និងឧបករណ៍ប្រើប្រាស់គ្រឿងញៀនមួយចំនួន។

ក្រោយពីធ្វើការឃាត់ខ្លួនជនសង្ស័យប្រុសស្រីទាំង ៣នាក់ខាងលើនេះរួចមក សមត្ថកិច្ចយើងបាននាំខ្លួនទៅកាន់ប៉ុស្តិ៍នគរបាលទួលសង្កែ ដើម្បីធ្វើការសួរនាំ។

បច្ចុប្បន្នជនសង្ស័យទាំង ៣នាក់ខាងលើ រួមនឹងវត្ថុតាង ត្រូវកម្លាំងសមត្ថកិច្ចបញ្ជូនខ្លួនទៅកាន់អធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ ដើម្បីកសាងសំណុំរឿងចាត់ការបន្តតាមនីតិវិធីច្បាប់៕

មតិយោបល់