ភ្នំពេញៈ រាជធានីភ្នំពេញបានទទួលធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំស្តីពី ការផ្តល់តម្លៃលំហរសាធារណៈ នៅក្នុងទីក្រុងបេតិភណ្ឌពិភពលោកប្រវត្តិសាស្ត្រ ដើម្បីរួមគ្នាអភិរក្សទីក្រុងបុរាណ និងធ្វើទំនើបកម្ម ឲ្យទៅជាតំបន់ទេសចរណ៍ដែលមានសក្តានុពលដល់ផ្នែកសេដ្ឋកិច្ច។
កិច្ចប្រជុំនេះ ត្រូវបានធ្វើឡើងនៅសាលារាជធានីភ្នំពេញ ដោយប្រើប្រាស់រយៈពេល៤ថ្ងៃ គិតចាប់ពីថ្ងៃទី៣១ ខែឧសភានេះ និងមានការចូលរួមពីគណៈអភិបាលរាជធានីភ្នំពេញដែលជាម្ចាស់ផ្ទះ ឯកអគ្គរដ្ឋទូតប្រទេសបារាំងប្រចាំកម្ពុជា សមាគមអន្តរជាតិអភិបាលប្រើប្រាសភាសាបារាំង(AIMF) តំណាងអង្គការយូណេស្កូ(UNESCO) គណៈប្រតិភូក្រុងហ្លួងព្រះបាងប្រទេសឡាវ ទីក្រុងហូជីមិញនិងទីក្រុងហ្វេនៃប្រទេសវៀតណាម អាជ្ញាធរខេត្តសៀមរាបនិងកំពតនៃប្រទេសកម្ពុជា តំណាងក្រសួងស្ថាប័នជាតិ អង្គការសង្គមស៊ីវិល និងវិស័យឯកជនជាតិ និងអន្តរជាតិ ជាច្រើននាក់។
លោក ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ បានលើកឡើងថា រាជធានីភ្នំពេញជាទីក្រុងចំណាស់ មួយដែលមានស្ថានភាពមិនខុសពីបណ្តាទីក្រុងបេតិកភណ្ឌប្រវត្តិសាស្ត្រនៃប្រទេសដទៃទៀតនៅក្នុង តំបន់ និងពិភពលោក ដែលត្រូវគិតគូរពិចារណាអំពីសំណង់បេតិកភណ្ឌក្នុងទីក្រុង បញ្ហាលំហរសាធារណៈ នគរូបនីយកម្ម និងការពង្រីកទីក្រុង ដោយធ្វើការបន្ស៊ីគ្នារវាងស្ថាបត្យកម្មបែបបុរាណ និងស្ថាបត្យកម្មបែបទំនើប ដើម្បីរក្សាបាននូវអត្តសញ្ញាណនៃទីក្រុងប្រវត្តិសាស្ត្រ។
លោកបន្តថា រាជធានីភ្នំពេញ ត្រូវបានកសាងឡើងក្នុងឆ្នាំ១៤៣២ ដោយមានទីតាំងភូមិសាស្ត្រនៅត្រង់ចំណុចប្រសព្វនៃទន្លេចតុមុខ។ លក្ខណៈពិសេសនៃការរៀបចំប្លង់គោលនាសម័យនោះ គឺមានការបែងចែកពីលំហរសាធារណៈ និងដីធ្លីដែលជាកម្មសិទ្ធិឯកជន មានជាអាទិ៍ សារមន្ទីជាតិ ពហុកីឡាដ្ឋានជាតិ មហាវិថី តិរវិថី សួនច្បារ ផ្សាររដ្ឋ លំនៅឋាន ជាដើម។
លោកប៉ា សុជាតិវង្ស មានប្រសាសន៍បន្តថា សម្បត្តិបេតិកភណ្ឌក្នុងទីក្រុង បាននឹងកំពុងស្ថិតក្រោមការយកចិត្តទុកដាក់យ៉ាងខ្លាំងពីសំណាក់រាជរដ្ឋាភិបាល អាជ្ញាធរមូលដ្ឋាន វិស័យឯកជន អង្គការជាតិ និងអន្តរជាតិ ព្រមទាំងមនុស្សជាតិទូទាំងនៅក្នុងតំបន់ និងលើសកលលោក ដើម្បីរួមគ្នាលើកស្ទួយ ថែរក្សា ការពារ និងផ្តល់ការអភិវឌ្ឍប្រកបដោយចីរភាព។
លោកបញ្ជាក់ថា ការអភិវឌ្ឍបេតិកភណ្ឌវប្បធម៌ទាំងរូបីយ៍ និងអរូបីយ៍ គឺទាមទារការធ្វើសមាហរណកម្មធនធានឲ្យមានភាពទំនើប។ បច្ចុប្បន្ន រាជធានីភ្នំពេញ មានទំហំផ្ទៃដីសរុប៦៧៨គីឡូម៉ែត្រការ៉េ ចែកចេញជា១២ខណ្ឌ និងមាន៩៦សង្កាត់ ដោយមានប្រជាជនរស់នៅអចិន្ត្រៃយ៍ប្រមាណជា១,៦លាននាក់ និងមានប្រជាជនស្នាក់នៅបម្រើការងារជាង៨សែននាក់។
លោកអភិបាល មានប្រសាសន៍ថា រាជធានីភ្នំពេញកំពុងទទួលរងសម្ពាធនគរូបនីយកម្ម កំណើន ប្រជាសាស្ត្រ ការពង្រីកទីក្រុង ជាពិសេសកំពុងប្រឈមមុខទៅនឹងបញ្ហាថ្មីនៃការអភិវឌ្ឍតាមបែបទំនើប។
លោកប៉ា សុជាតិវង្ស បានឲ្យដឹងថា លំហរសាធារណៈ សំណង់បេតិកភណ្ឌ អគារចាស់ៗមួយ ចំនួនក្នុងរាជធានីភ្នំពេញ បានក្លាយទៅជាសម្បត្តិឯកជន និងកំពុងប្រឈមទៅនឹងការគំរាមកំហែងយ៉ាងខ្លាំង ដោយសារការកើនឡើងនូវតម្លៃអចលនទ្រព្យ បើទោះបីជាមានការយកចិត្តទុកដាក់ពីសំណាក់រាជរដ្ឋាភិបាល និងអាជ្ញាធរមូលដ្ឋាន តាមរយៈការកំណត់តំបន់អភិរក្សក្នុងខណ្ឌដូនពេញ ការកំណត់កម្ពស់អគារជុំវិញតំបន់រមណីយដ្ឋាន និងតំបន់បេតិកភណ្ឌសំខាន់ៗជាច្រើនទៀត។
លោកស្រី អារីអានណា អារដេស៊ី (Arianna Ardesi) ទីប្រឹក្សាអចិន្ត្រៃយ៍នៃសមាគមអន្តរជាតិអភិបាលប្រើប្រាសភាសាបារាំង បានជំរុញឲ្យមានការរៀបចំផែនការសម្រាប់ការពារ និងអភិរក្សរាល់ទីក្រុងដែលមានវ័យចំណាស់។
លោកស្រី បានថ្លែងថា យើងចង់ឲ្យមានការអភិវឌ្ឍទីក្រុងដែលជាបេតិកភណ្ឌប្រកបដោយចីរភាព។ ការអភិរក្សលំហរសាធារណៈ គឺជាកិច្ចគាំពារដល់អត្តសញ្ញាណ របស់ទីក្រុង ឬក៏ប្រទេសនីមួយៗ។ ដូច្នេះយើងអាចជំរុញឲ្យមានការចូលរួម និងយកចិត្តទុកដាក់ពីអាជ្ញាធរដែនដី ដើម្បីធានាថាតំបន់បេតិកភណ្ឌដែលយើងកំពុងរស់នៅទាំងនោះមិនត្រូវបាត់បង់។
សមាគមអន្ដរជាតិអភិបាលប្រើប្រាស់ភាសាបារាំង(AIMF) គឺជាប្រតិបត្តិករផ្នែកអភិវឌ្ឍប្រកបដោយនិរន្តរភាពនៃបណ្តាទីក្រុងបេតិកភណ្ឌប្រវត្តិសាស្ត្រ ដែលមានបេសកកម្មលើការអភិវឌ្ឍសេដ្ឋកិច្ច សុខភាព ការអប់រំ ការអភិរក្សបេតិកភណ្ឌ។ រាជធានីភ្នំពេញ បានចូលខ្លួនជាសមាជិកអចិន្ត្រៃយ៍នៃសមាគមនេះក្នុងឆ្នាំ១៩៩០ ដោយបានចូលរួមធ្វើសកម្មភាពសហប្រតិបត្តិការយ៉ាងជិតស្និទជាមួយបណ្តាទីក្រុងជាសមាជិកទាំងក្នុងតំបន់ និងពិភពលោក៕
មតិយោបល់