ភ្នំពេញៈ បុរសពោះម៉ាយម្តាយ ក្រោយពីនឹករឮកម្តាយខ្លាំងពេក ខំធ្វើដំណើរតាំងពីស្រុកកំណើត មកលេងម្តាយចំណុចផ្ទះជួល ផ្លូវលំ ភូមិព្រៃល្វា សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ ទើបតែបាន២យប់ ស្រាប់តែជួបអកុល គាំងបេះដូងស្លាប់បង្កការភ្ញាក់ផ្អើលទាំងព្រឹក ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៩ រាយការណ៍ទៅអាជ្ញាធរសមត្ថកិច្ច ចុះទៅពិនិត្យជាក់ស្តែង ។
សពជនរងគ្រោះឈ្មោះ កៃ ធារ៉ា ភេទប្រុស អាយុ ៣៥ឆ្នាំ ជាបុរសពោះម៉ាយ មុខរបរកម្មករសំណង់ មានទីលំនៅ ភូមិកុមាររាជ្យ ឃុំបឹងណាយ ស្រុកព្រៃឈរ ខេត្តកំពង់ចាម ។
តាមការបំភ្លឺពីម្តាយឈ្មោះ ឱ ម៉ោត អាយុ ៦៦ឆ្នាំ ស្នាក់នៅ និងជួយមើលថៃចៅ ផ្ទះកន្លែងកើតហេតុបានឲ្យដឹងថា កូនប្រុស របស់គាត់ជួបហេតុអកុសលខាងលើ ជាបុរសពោះម៉ាយ មានកូនប្រុសម្នាក់តែត្រូវបានខាងប្រពន្ធ យកទៅនៅជាមួយក្រោយលែងលះ ។ ប្រភពបន្តទៀតថា ដោយនឹកម្តាយពេក កូនប្រុសរូបនេះខំធ្វើដំណើរចេញមកតាំងពីស្រុក មកលេងម្តាយផ្ទះជួលខាងលើ ទើបបាន២យប់ ស្រាប់តែនៅព្រឹកថ្ងៃទី២៧ ខែកក្កដា នេះងើបភ្ញាក់ពីដំណេក មិនឃើញកូនងើបក្រោកក៏ទៅដាស់ ស្រាប់តែប្រទះឃើញ ស្លាប់បាត់ទៅហើយ ទើបឆោឡោ រាយការណ៍ប្រាប់សមត្ថកិច្ច អាជ្ញាធរចុះទៅពិនិត្យជាក់ស្តែងតែម្តង ។
សពជនរងគ្រោះ ក្រោយពីសមត្ថកិច្ចជំនាញ គ្រូពេទ្យ ធ្វើការពិនិត្យ កោសល្យវិច័យឃើញថា សពស្លាប់ដោយគាំងបេះដូង ពុំមានពាក់ព័ន្ធនឹងបទល្មើសអ្វីឡើយ ហើយត្រូវបានប្រគល់ជូនក្រុមគ្រួសារ ចាត់ចែងដឹកយកទៅធ្វើបុណ្យតាមប្រពៃណីឯស្រុកកំណើត៕
មតិយោបល់