ព័ត៌មានជាតិ

ម៉ូតូហុងដាឌ្រីមបុករថយន្ត Masda បើកបត់ត្រឡប់ក្រោយ បណ្តាលឲ្យបុរស ២នាក់ រងរបួសធ្ងន់

ភ្នំពេញ: បុរសពីរនាក់ជិះម៉ូតូហុងដាឌ្រីមមួយគ្រឿង បោះពួយយ៉ាងលឿនខ្វះការប្រុងប្រយ័ត្ន ក៏ជ្រុលទៅបុករថយន្ត MasdaBT-50 មួយគ្រឿង ដែលកំពុងបត់ត្រឡប់ក្រោយចំពាក់កណ្ដាលពេញទំហឹង ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ១រំលងអាធ្រាត្រថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២២ ត្រង់ចំណុចខាងមុខមន្ទីរពេទ្យកុមារជាតិ តាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ី ក្នុងសង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញបុរសម្នាក់បើកបររថយន្តមួយគ្រឿងម៉ាក MasdaBT-50 ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2AB-7379 ដែលធ្វើដំណើរតាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ីទិសដៅពីកើតទៅលិច លុះដល់ចំណុចកើតហេតុរថយន្តនោះក៏បានបត់ឆ្វេងត្រឡប់ក្រោយ ខណ:ពេលបត់បានបន្តិចក៏មានម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីមស៊េរីឆ្នាំ២០១៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1DG-1484 ដែលជិះដោយបុរសពីរនាក់ស្របទិសដៅគ្នាតាមពីក្រោយរថយន្ត និងក្នុងល្បឿនយ៉ាងលឿន រួចក៏ជ្រុលទៅបុកចំពាក់កណ្ដាលរថយន្តពេញទំហឹង បណ្តាលឲ្យម៉ូតូខ្ទាតចូលក្រោមរថយន្តរងការខូចខាតយ៉ាងដំណំ និងម្ចាស់ម៉ូតូទាំងពីរនាក់រងរបួសធ្ងន់ បន្ទាប់ពីកើតហេតុភ្លាមៗ អ្នកបើកបរចុះពីលើរថយន្តគេចខ្លួនបាត់ស្រមោល។

ក្រោយពេលកើតហេតុសមត្ថកិច្ចជំនាញ ចុះមកដល់ទីតាំងវាស់វែងយករថយន្ត និងម៉ូតូ ទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីរង់ចាំធ្វើការដោះស្រាយតាមនីតិវិធី ចំពោះអ្នករងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យ ៕

មតិយោបល់