សៀមរាបៈ ទំនៀមទម្លាប់ប្រពៃណី គឺជាអត្តសញ្ញាណមួយដែលធ្វើឲ្យអ្នកស្រុកអង្គរមានភាពប្លែកពីតំបន់ដទៃទៀត។ បើនិយាយពីប្រពៃណីរបស់អ្នកអង្គរសព្វថ្ងៃ យើងសឹងតែអាចនិយាយបានថា វាជាផ្នែកមួយនៃអវៈយវៈរបស់ពួកគាត់ទៅហើយពោលគឺ មិនអាចខ្វះបានក្នុងជីវភាពប្រចាំថ្ងៃ។ ពេលខ្លះយើងសង្កេតឃើញថា ពួកគាត់រវល់ណាស់ធ្វើអ្វីធំដុំមិនទាន់ក៏គង់ ធ្វើអ្វីតូចមួយមកជំនួសឲ្យសម នឹងកិច្ចពិធីនោះដោយមិនចោលទំនៀមទម្លាប់ប្រពៃណីដែរ។
ជាក់ស្តែង អ្នកភូមិក្រវ៉ាន់ដែលស្ថិតនៅជាប់នឹងប្រាសាទក្រវ៉ាន់នៃតំបន់រមណីយដ្ឋានអង្គរទើបតែប្រារព្ធពិធីឆ្លងចេត្រដែលជាបុណ្យប្រពៃណីប្រចាំឆ្នាំរបស់ខ្លួននៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៦នេះ។
ពិធីបុណ្យឆ្លងចេត្រជាធម្មតា គេតែងសង្កេតឃើញអ្នកអង្គរប្រារព្ធធ្វើក្រោយពីពិធីចូលឆ្នាំហើយមិនយូរប៉ុន្មាន ឬ បើយូរណាស់ក៏គង់មិនហួសខាងខ្នើតខែពិសាខនោះដែរ ព្រោះពិធីនេះជាពិធីឆ្លងវដ្តរដូវនៃការងារកសិកម្ម ពោលគឺ បញ្ចប់រដូវប្រកបរបរស្រែចម្ការក្នុងឆ្នាំចាស់ និងត្រៀមខ្លួន ដើម្បីធ្វើស្រែក្នុងឆ្នាំថ្មីទៀត។
តាមការបញ្ជាក់របស់អ្នកភូមិការយឺតយ៉ាវប្រារព្ធពិធីឆ្លងចេត្រក្នុងឆ្នាំនេះដោយសារអាចារ្យអ្នកដឹកនាំរៀបចំកម្មវិធីមានការរវល់ ដោយអ្នកភូមិអញ្ជើញទៅរៀបចំពិធីបុណ្យផ្សេងៗច្រើនពេករកពេលទំនេរមិនបានទើបចេះតែពន្យារមួយថ្ងៃហើយមួយថ្ងៃទៀតរហូតធ្លាយមកដល់រនោចខែពិសាខដូច្នេះ។ បើទោះជាធ្វើក្នុងខែពិសាខ ហើយស្ទើរតែដល់ចុងខែពិសាខដូច្នេះក្តី ក៏ពិធីនេះនៅតែមានឈ្មោះថា ពិធីឆ្លងចេត្រដដែល ព្រោះដូចខាងដើមហើយថា ពិធីនេះជាពិធីឆ្លងវដ្តរដូវនៃការធ្វើស្រែចម្ការមិនសំខាន់តែលើខែចេត្រនោះម្យ៉ាងនោះទេ។
ទោះជារាងយឺតយ៉ាវបន្តិចក្តី អ្នកភូមិក្រវ៉ាន់នៅតែប្រារព្ធពិធីឆ្លងចេត្រយ៉ាងសប្បាយរីករាយដូចរាល់ឆ្នាំដែរ។
ក្នុងរយៈពេលពីរថ្ងៃមួយយប់នៃពិធីនេះ នៅថ្ងៃទី១នៃពិធី យើងឃើញមានការរៀបចំពិធីសំខាន់ៗដូចជា ការរៀបចំពិធីប្រុងពលី លើងទង់ ពិធីបួសួង ពិធីបំបួសភ្នំខ្សាច់ និមន្តព្រះសង្ឃចម្រើនព្រះបរិត្ត ហើយរាំលែងកម្សាន្តក្នុងពេលរាត្រី។ កម្មវិធីពេលព្រឹកគេរៀបចំប្រគេនយាគូនំបញ្ចុក នំបាញ់ឆែវ ចំពោះព្រះសង្ឃពេលព្រឹក សម្តែងព្រះធម៌ទេសនា និងរៀបចំដាក់បាត្រឆ្លងពេលថ្ងៃ ដាក់ទង់ និងផ្សឹកភ្នំខ្សាច់ ដើម្បីបញ្ចប់កម្មវិធីបុណ្យ។
នេះជាពិធីមួយក្នុងចំណោមពិធីដែលជាទំនៀមទម្លាប់ជាច្រើនរាប់មិនអស់របស់អ្នកស្រុកអង្គរ។
តាមរយៈ ប្រពៃណីទាំងអស់នេះហើយ ដែលធ្វើឲ្យអង្គរទាំងមូលមានឈ្មោះថាមត៌ករស់។ ការរក្សាបាននូវមត៌ករស់ដែលមានអាយុកាលដ៏យូរលង់នេះ គឺជាមោទនភាពដ៏ក្រៃលែងរបស់ជាតិខ្មែរ ព្រោះថា ជនជាតិខ្មែរមានទំនៀមទម្លាប់ មានវប្បធម៌ មានពូជអំបូរ ជារបស់ខ្លួនពិតប្រាកដ។ សូមចូលរួមថែរក្សាមត៌កវប្បធម៌របស់យើងទាំងអស់គ្នា៕
មតិយោបល់