ភ្នំពេញៈ ស្ត្រីជាម្តាយរបស់ក្មេងស្រីដ៏អភ័ព្វម្នាក់ដែលមានអាយុ៣ឆ្នាំ ៨ខែ ទម្ងន់រហូតទៅដល់៤៥គីឡូក្រាម ក្បាលធំ និងដងខ្លួនធំ ញ៉ាំច្រើន ដើរមិនរួច ដេកនៅតែលើរទេះរុញ មានរូបរាងខុសប្រក្រតី និងមានជីវភាពខ្វះខាតក្រលំបាកយ៉ាងខ្លាំងនោះ បានដង្ហើយហៅរកសប្បុរសជនជួយដល់ក្រុមគ្រួសាររបស់គាត់ផង ដែលកំពុងតែមានការលំបាកក្នុងការចិញ្ចឹមកូន។
ការដង្ហើយរកសប្បុរសជនឲ្យជួយនេះ បានធ្វើឡើងកាលពីវេលាមម៉ោង១០ព្រឹកថ្ងៃទី ៣១ ខែឧសភា ឆ្នាំ២០១៦ នៅប៉ុស្តិ៍រដ្ឋបាលនគរបាលស្ទឹងមានជ័យ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ខណៈស្រ្តីជាម្តាយរូបនោះ មកធ្វើអត្តសញ្ញាណប័ណ្ន និងយកក្មេងស្រីដ៏អភ័ព្វមកតាមនោះ។
ជួបជាមួយនិងអ្នកយកព័ត៌មានស្ត្រីម្នាក់ជាម្តាយបានរៀបរាប់ប្រាប់ថា រូបគាត់មានឈ្មោះ ប៉ុល សាវឿន អាយុ ៣៥ឆ្នាំ ជាមេផ្ទះ មានប្តីឈ្មោះ ចឹក ពិសិដ្ឋ អាយុ ២៩ឆ្នាំ មានមុខរបរជាកម្មករសំណង់ មានកូនប្រុសស្រីចំនួន៥នាក់ (ប្រុស ១នាក់) នៅក្នុងបន្ទុក ហើយកូនស្រីដែលមានរូបរាងខុសប្រក្រតីនេះ មានឈ្មោះ ចឹក សុដា អាយុ៣ឆ្នាំនិង ៨ខែ ជាកូនពៅ ស្នាក់នៅផ្ទះជួល ក្នុងភូមិភ្នៀត សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ។
ក្រុមគ្រួសារនេះជួបការលំបាកយ៉ាងខ្លាំង ដោយសារស្ត្រីជាម្តាយមិនអាចទៅណាមកណាឆ្ងាយពីផ្ទះបានឡើយ ព្រោះជាប់រវល់តែនៅមើលថែកូនស្រីដ៏អភ័ព្វរបស់គាត់ ដែលរូបគេបានកើតមកដោយមានរូបរាងខុសប្រក្រតី និងខុសពីក្មេងដ៏ទៃនោះ ដោយមានក្បាលធំ ដងខ្លួនធំ និយាយមិនកើត ដើរមិនបាន ដេកនៅតែលើរទេះរុញ បរិភោគអាច្រើន ជាហេតុធ្វើឲ្យក្រុមគ្រួសាររបស់គាត់ជួបការលំបាកយ៉ាងខ្លាំងនោះ។ អ្នកស្រីក៏បានប្រាប់បន្តទៀតថា នៅពេលដែលរូបគាត់មានផ្ទៃពោះកូនស្រីរបស់គាត់នេះ គឺធំខុសពីធម្មតា ដោយសារតែជីវភាពមានការខ្វះខាតនោះ រូបគាត់បានទៅឆ្លុះអេកូមើលបានម្តង រហូតមកដល់មុនថ្ងៃកើត ប្តីរបស់គាត់ក៏បាននាំទៅធ្វើការពិនិយ្យនៅគ្លីនិកឯកជនមួយ ដោយគេបានប្រាប់ថា កូនស្រីរបស់គាត់មានក្បាលធំខុសពីធម្មតា និងបន្តឲ្យទៅធ្វើការឆ្លុះ និងកើតនៅមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀតវិញ។ ក្នុងការសម្រាលកូនស្រីរបស់គាត់នេះដែរ គឺមិនបានកើតឡើងជាធម្មតាឡើយ ដោយធ្វើការវះកាត់ និងមានរូបរាងធំខុសពីធម្មតា ដោយក្បាលធំ និងរូបរាងធំសម្បើមខុសពីគេ។ នៅសព្វថ្ងៃនេះ រូបគេកាន់តែធំ បរិភោគអាហារក៏កាន់តែច្រើនកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ ដែលធ្វើឲ្យជីវភាពក្រុមគ្រួសាររបស់គាត់ជួបការលំបាកយ៉ាងខ្លាំង និងក៏ព្យាយាមយកទៅធ្វើការព្យាបាលផងដែរ តែកក្រុមគ្រួរពេទ្យមិនមានលទ្ធភាពឡើយ ដោយថា កូនស្រីរបស់គាត់មានជំងឺទឹកចូលក្នុងខួរក្បាល និងក្បាលរបស់គេមិនមានលលាដ៏ល្បាលដូចគេឯងឡើយ។
ក្រោយពីរៀបរាប់ ស្ត្រីជាម្តាយក៏បានធ្វើការអំពាវនាវទៅដល់សប្បុរសជនទាំងឡាយមេត្តាជួយធ្វើការឧបត្ថម្ភទៅដល់ក្រុមគ្រួសារគាត់ផង ព្រោះរាល់ថ្ងៃក្រុមគ្រួសាររបស់គាត់កំពុងតែមានការលំបាកយ៉ាងខ្លាំង ដោយក្នុងពេលកន្លងមកគ្រួសាររបស់គាត់ក៏ធ្លាប់ទទួលបានប្រាក់ឧបត្ថម្ភពីសប្បុរសជនមួយចំនួនផងដែរ៕ បើសប្បុរសជនចង់ឧបត្ថម្ភសូមទំនាក់ទំនងលេខទូរស័ព្ទរបស់ម្តាយក្មេងស្រីខាងលើ ០៨៧ ៥៥៩០៨៥ ។
មតិយោបល់