ព័ត៌មានជាតិ

កម្មករជៀជ័រ ផឹកស្រាវឹងកាប់គ្នាផ្អើលភូមិ អ្នកចាញ់ដេកពេទ្យ អ្នកឈ្នះដេកគុក!

ត្បូងឃ្មុំៈ ជនសង្ស័យម្នាក់ត្រូវបានសមត្ថកិច្ចធ្វើការចាប់ខ្លួន ក្រោយពីផឹកស្រវឹង បានបង្កហិង្សាទាញកាំបិតផ្គាក់កាប់ទៅលើកម្មករម្នាក់ទៀតដែលធ្វើការជាមួយគ្នា បណ្តាលឲ្យរបួសធ្ងន់។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៧និង៣០នាទី យប់ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៧ ស្ថិតនៅចំណុចចម្ការកៅស៊ូ ស្ថិតនៅភូមិអណ្តូងល្ងៀង ឃុំសេដា ស្រុកតំបែរ ខេត្តត្បូងឃ្មុំ។

ជនសង្ស័យដែលឃាត់ខ្លួនមានឈ្មោះ ខន ខេង ភេទប្រុស អាយុ៤៥ឆ្នាំ ស្នាក់នៅភូមិសំរោងត្បូង ឃុំទ្រៀក ស្រុកមេមត់ បានធ្វើសកម្មភាពយកកាំបិតផ្គាក់កាប់លើជនរងគ្រោះឈ្មោះ ម៉ៅ ម៉ាប់ ភេទប្រុស អាយុ៤៨ឆ្នាំ នៅភូមិ-ឃុំជាមួយគ្នា ត្រូវចំក្បាល១កន្លែង និងកំភួនដៃខាងឆ្វេង១កន្លែង បណ្តាលឲ្យរងរបួសធ្ងន់។ ទាំង២នាក់ បានមកស្នាក់នៅធ្វើជាកម្មករជៀជ័រនៅចំណុចភូមិ-ឃុំកើតហេតុខាងលើ។

ក្នុងនោះមូលហេតុដែលបណ្តាលឲ្យមានការកាប់គ្នានេះ គឺមកពីពួកគាត់ផឹកស្រាស្រវឹងទើបកើតមានទំនាស់ពាក្យសម្តីនឹងគ្នាតែម្តង។

ភ្លាមៗនោះកម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកតំបែរ សហការជាមួយប៉ុស្តិ៍រដ្ឋបាលឃុំសេដាចុះស្រាវជ្រាវតាមឃាត់ខ្លួនជនសង្ស័យខាងលើបាន បញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុក ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់បន្តទៀត៕

មតិយោបល់