ព័ត៌មានជាតិ

ចៅតិរថី! គ្រាន់តែជីដូនបង្កើតបិទភ្លើងសោះ ជេរប្រទិចផង ធាក់ផង ត្រូវប៉ូលិសចាប់ខ្លួន

កណ្តាលៈ សមត្ថកិច្ចបានប្រាប់Post Newsថា មានករណីហិង្សាមួយបានកើតឡើង ដោយជនដៃដល់ជាចៅ បានវាយទៅលើលោកយាយ បណ្តាលសន្លប់បាត់មាត់មួយសន្ទុះធំ។

ហេតុការណ៍នេះកេីតឡើងនៅម៉ោង១០និង៣០នាទី ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៨ ភូមិពាម ឃុំរកាកោងទី១ ស្រុកមុខកំពូល ខេត្តកណ្តាល។

ជនរងគ្រោះឈ្មោះពី មួយ ភេទស្រី អាយុ៧០ឆ្នាំ ស្នាក់នៅភូមិពាម ឃុំរកាកោងទី១ ស្រុកមុខកំពូល ខេត្តកណ្តាល។ ចំណែកជនសង្ស័យឈ្មោះ គង័ គីមហុង ភេទប្រុស អាយុ២៤ឆ្នាំ ស្នាក់នៅជាមួយជនរងគ្រោះ មុខរបរមិនពិតប្រាកដ។

សមត្ថកិច្ចបានឲ្យដឹងថា កន្លងមកក្នុងឆ្នាំ២០១៧ ជនសង្ស័យធ្លាប់ប្រេីប្រាស់គ្រឿងញៀននឹងធ្លាប់បានអុកឡុកវាយសម្ភារៈប្រេីប្រាស់ក្នុងផ្ទះ។ មុនថ្ងៃកេីតហេតុនៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៨ វេលាម៉ោង១០យប់ ជនសង្ស័យ កំពុងដេកលើផ្ទះរបស់យាយបង្កើតជាជនរងគ្រោះ ដោយជនរងគ្រោះបានបិទភ្លេីងធ្វើឲ្យងងឹត ពេលនោះជនសង្ស័យបានជេរ មកលេីជនរងគ្រោះជាជីដូនជាច្រេីនដងរួចដេកទៅវិញ។ លុះដល់ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៨វេលាម៉ោង១០និង៣០នាទីថ្ងៃកេីតហេតុ ជនសង្ស័យបានចុះពីលេីផ្ទះ ដោយមានកំហឹងពីយប់បានដេីរសំដៅទៅរកជនរងគ្រោះដែលកំពុងដេកលើអង្រឹងក្រោមផ្ទះ និងបានធាក់ជនរងគ្រោះមួយជេីងចំស្មាខាងស្តាំ បណ្តាលឲ្យជនរងគ្រោះបាត់មាត់មួយសន្ទុះមកទើបដឹងខ្លួនវិញ។ ចំណែកជនសង្ស័យក៏គេចខ្លួនបាត់ពីផ្ទះ។

ក្រោយពីដឹងខ្លួន ជនរងគ្រោះបានទូរសព្ទប្តឹងមកប៉ុស្តិ៍ពីរឿងហេតុខាងលេី។ ភ្លាមៗនោះកម្លាំងប៉ុស្តិ៍បានទៅដល់កន្លែងកេីតហេតុដើម្បីស្វែងរកជនសង្ស័យរហូតដល់ម៉ោង១១និង៣០នាទី ទើបឃាត់ខ្លួនជនសង្ស័យបានរួចនាំយកមកប៉ុស្តិ៍ដេីម្បីបន្តចាត់ការតាមនីតិវិធីច្បាប់តែម្តង៕

មតិយោបល់