ព័ត៌មានជាតិ

សមត្ថកិច្ច ចាប់បញ្ជូន​ស្ដ្រីម្នាក់​ទៅ​តុលាការ ក្រោយ​បង្ហោះ​សារក្លែងក្លាយលេី Facebook ពាក់ព័ន្ធ​ការចាក់វ៉ាក់សាំង​ប្រឆាំង​ជំងឺ​កូវីដ-១៩

ស្ត្រីម្នាក់ ត្រូវបានកម្លាំងការិយាល័យប្រឆាំងបទល្មើសបច្ចេកវិទ្យា នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បញ្ជូនទៅតុលាការនៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២១នេះ ក្រោយបង្ហោះសារមិនពិតតាមបណ្ដាញសង្គម Facebook ពាក់ព័ន្ធការចាក់វ៉ាក់សាំងប្រឆាំងជំងឺកូវីដ-១៩ ដែលមានចេតនាញុះញង់ បំផុសបំផុលប្រជាពលរដ្ឋ។

ស្ដ្រីរូបនេះ មានឈ្មោះ ថត គឹមសាន និងបានប្រើប្រាស់គណនី Facebook ឈ្មោះ «គឹមសាន អូក្រា» ហើយបានបង្ហោះខ្លឹមសារដែលមានលក្ខណៈញុះញង់ បង្កចលាចលថា «អ្នកទទួលវ៉ាក់សាំងការពារកូវីដ-១៩ របស់ចិន គឺធ្វើឲ្យមានអ្នកស្លាប់ច្រើន ដោយមានអាការៈ ពិការដៃ ពិការជើង ក្តៅ និងស្លាប់»។

សូមបញ្ជាក់ថា ស្ដ្រីឈ្មោះ ថត គឹមសាន ត្រូវបានចាប់ខ្លួនកាលនៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២១ ដោយការិយាល័យប្រឆាំងបទល្មើសបច្ចេកវិទ្យា ផែនការងារសន្តិសុខ សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលខណ្ឌទួលគោក និងនាយកដ្ឋានស៊ើបការណ៍ក្រៅបច្ចេកទេស ហើយបានបញ្ជូនទៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីធ្វើការសួរនាំ និងកសាងសំណុំរឿងបញ្ជួនទៅតុលាការ៕

មតិយោបល់