ព័ត៌មានជាតិ

សមត្ថកិច្ចចុះបង្ក្រាបទីតាំងហ្គេមបាញ់ត្រីមួយកន្លែង ដកហូតទូហ្គេមបាញ់ត្រីចំនួន២ទូ នៅខណ្ឌចំការមន

ភ្នំពេញៈ គណៈបញ្ជាការឯកភាពខណ្ឌចំការមន ដែលដឹកនាំដោយលោក ព្រុំ សំខាន់ អភិបាលខណ្ឌ បានឆ្មក់ចុះបង្ក្រាបទីតាំងហ្គេមបាញ់ត្រីមួយកន្លែង ដោយធ្វើការដកហូតទូហ្គេមបាញ់ត្រីចំនួន២ទូផងដែរ នៅបឹងកេងកងទី២។

ការបង្ក្រាបល្បែងស៊ីសងនេះដែរបានធ្វើឡើងកាលពីវេលាម៉ោង ៥ និង ៤៥នាទីល្ងាច ថ្ងៃទី ១៤ ខែ សីហា ឆ្នាំ ២០១៧ នៅចំណុចផ្ទះលេខ ៨៧Eo ផ្លូវលេខ ៣០៤ ក្នុងសង្កាត់បឹងកេងកងទី២ ខណ្ឌចំការមន រាជធានីភ្នំពេញ។

លោក ព្រុំ សំខាន់ អភិបាលខណ្ឌចំការមនបានប្រាប់ឲ្យដឹងថា ក្នុងពេលនេះដែរកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌចំការមន ដែលដឹកនាំដោយរូបលោកផ្ទាល់ បានឆ្មក់ចុះបង្ក្រាបទីតាំងល្បែងស៊ីសងប្រភេទហ្គេមបាញ់ត្រីមួយកន្លែងនៅក្នុងទីតាំងខាងលើនេះ។ ដោយក្នុងប្រតិតបត្តិការនេះ កម្លាំងរបស់លោកបានធ្វើការដកហូតទូហ្គេមបាញ់ត្រីចំនួន២ទូ ដែលបានលួចលេងនៅខាងក្នុងផ្ទះខាងលើនេះ។

លោកក៏បានប្រាប់បន្តទៀតថា ប្រតិបត្តិការបង្ក្រាបល្បែងស៊ីសងប្រភេទហ្គេមបាញ់ត្រីនៅចំណុចនេះដែរគឺបានធ្វើឡើងក្រោយពីកម្លាំងរបស់លោកបានទទួលនូវការរាយការណ៍ប្រាប់អំពីសំណាក់ប្រជាពលរដ្ឋដែលមានទីលំនៅក្បែរខាងទើបឈានទៅដល់ការចុះមកបង្ក្រាបតែម្តង។

ក្រោយពីប្រតិបត្តិការបង្ក្រាបទីតាំងល្បែងស៊ីសងប្រភេទហ្គេមបាញ់ត្រីនៅចំណុចខាងលើ កម្លាំងគណៈបញ្ជាការឯកភាពបានដកហូតទូហ្គេមបាញ់ត្រីចំនួន២ទូ នោះយកទៅរក្សាទុកនៅសាលាសង្កាត់បឹងកេងកងទី២ ដើម្បីរង់ចាំធ្វើការកម្ទេចចោលផងដែរ៕

មតិយោបល់