ព័ត៌មានជាតិ

យុវជនម្នាក់ ឡើងលើដំបូលផ្ទះប្រជាពលរដ្ឋ បង្កការភ្ញាក់ផ្អើល នៅក្នុងបុរីជីបម៉ុង

ភ្នំពេញ: នៅវេលាម៉ោង ៦ល្ងាចថ្ងៃទី១៦ ខែកុម្ភ: ឆ្នាំ២០២០ មានករណីយុវជនម្នាក់ ឡើងលើដំបូលផ្ទះប្រជាពលរដ្ឋ បង្កការភ្ញាក់ផ្អើលដល់សមត្ថកិច្ចនគរបាលប៉ុស្តិ៍ចោមចៅទី១ចុះទៅអន្តរាគមន៍ ចាប់ឃាត់បានភ្លាមៗ នៅចំណុចផ្ទះមួយកន្លែង ក្នុងបុរីជីបម៉ុង ភូមិទូលពង្រ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

យុវជនខាងលើឈ្មោះ ណុប ពិសិទ្ធ ភេទប្រុស អាយុ២២ឆ្នាំ មុខរបរជាងផ្សារដែក ស្នាក់នៅភូមិទូលពង្រ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើតភូមិក្រូច ឃុំជ្រុងពពេល ស្រុករំដួល ខេត្តស្វាយរៀង។

ដំណើររឿង៖ នៅមុនកើតហេតុ មានប្រជាពលរដ្ឋម្នាក់ ជាម្ចាស់ផ្ទះកើតហេតុ បានទូរស័ព្ទមកកាន់ប៉ុស្តិ៍នគរបាលចោមចៅទី១ ដោយប្រាប់ថា មានបុរសម្នាក់ បានលួចឡើងទៅលើដំបូលផ្ទះរបស់គាត់។ ភ្លាមៗនោះ កម្លាំងសមត្ថកិច្ច បានចុះទៅអន្តរាគមន៍ដល់កន្លែងកើតហេតុ ដោយឡើងទៅលួងលោមបុរសខាងលើជិត១ម៉ោង ទើបចាប់ឃាត់ខ្លួន នាំចុះមកក្រោម យកទៅកាន់ប៉ុស្តិ៍នគរបាលចោមចៅទី១ ដើម្បីធ្វើការសាកសួរតែម្តង។

តាមប្រភពព័ត៌មានពីសាច់ញាតិ និងបងប្អូនរបស់យុវជនខាងលើ បានឲ្យដឹងថា នៅវេលាជិតភ្លឺថ្ងៃទី១៦ ខែកុម្ភ: ឆ្នាំ២០២០ ឃើញយុវជនខាងលើ ចេះតែដើរចុះដើរឡើង ទៅវិញទៅមក ធ្វើឱ្យពួកគាត់មានការសង្ស័យដែរ បន្ទាប់មកស្រាប់តែបាត់ខ្លួនតែម្ដង។

លុះដល់វេលាម៉ោងកើតហេតុ ស្រាប់តែឃើញប្រជាពលរដ្ឋ មានការភ្ញាក់ផ្អើលនាំគ្នាចោមរោមមើល នៅកន្លែងកើតហេតុ ពេលពួកគាត់រត់ទៅមើល ទើបឃើញប្អូនប្រុសរបស់ពួកគាត់ នៅលើដំបូលផ្ទះរបស់គេតែម្ដង។

ក្រោយកើតហេតុ សមត្ថកិច្ចនគរបាលចោមចៅទី១ បានបញ្ជូនយុវជនខាងលើ ទៅផ្នែកសង្គមកិច្ច ដើម្បីយកទៅធ្វើការអប់រំ៕

មតិយោបល់